 
      បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា «មានរយៈពេល១៣ឆ្នាំ គិតចាប់ពីឆ្នាំ២០០៧ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យដំណើរការ ប្រើប្រាស់ម៉ាស៊ីនអេធីអឹម អេស៊ីលីដា ជូនអតិថិជនធ្វើប្រតិបត្តិការសេវាកម្មធនាគារបានយ៉ាងរហ័ស ដោយអតិថិជនអាចជ្រើសរើសទីតាំងដែលនៅជិតបំផុត ជំនួសឱ្យការធ្វើដំណើរមកកាន់ការិយាល័យ ធនាគារ»។
បណ្ឌិត អុិន ចាន់នី បានបន្ថែមថា «ស្របតាមយុទ្ធសាស្រ្តរបស់ធនាគារ យើងខ្ញុំនឹងអភិវឌ្ឍនូវមុខងាររបស់ ម៉ាស៊ីនអេធីអឹម ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីបម្រើនូវសេវាហិរញ្ញវត្ថុយ៉ាងសំបូរបែប ជូនអតិថិជន និងសាធារណជន ស្របតាមយុគសម័យឌីជីថល»។
សូមជម្រាបថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ការបន្ថែមម៉ាស៊ីនអេធីអឹម អេស៊ីលីដា ចំនួន ១១៥ គ្រឿង ទៀតនេះ នាំឲ្យម៉ាស៊ីនអេធីអឹម អេស៊ីលីដាសរុបទាំងអស់ចំនួន ៧៥១ គ្រឿង នៅទូទាំងប្រទេស ដើម្បីបម្រើជូនសាធារណជនអាចធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាព៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              