ផ្សារភាគហ៊ុន​អេស៊ីលីដា

ទីផ្សារភាគហ៊ុនអេស៊ីលីដាមានការប្រែប្រួលអ្វីខ្លះ ក្រោយបោះផ្សាយលក់ភាគហ៊ុនបានជាង១ឆ្នាំ?


គិតរហូតមកដល់ថ្ងៃនេះ មានរយៈពេលជាង១ឆ្នាំមកហើយ ដែលធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជដ៏ធំដំបូងគេបានហក់ចូលក្នុងទីផ្សារភាគហ៊ុនកម្ពុជា។ ប៉ុន្ដែ តម្លៃភាគហ៊ុនរបស់ធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេមួយនេះ គិតត្រឹមថ្ងៃជួញដូរចុងក្រោយកាលពីចុងសប្ដាហ៍មុននេះ នៅមានតម្លៃត្រឹម ១៦.៣៨០រៀលក្នុងមួយហ៊ុន ជាមួយនឹងទឹកប្រាក់ជួញដូរជាង ២៨៤លានរៀល និង ទំហំជួញភាគហ៊ុនជាង១ម៉ឺន ៧ពាន់ភាគហ៊ុន។
សំឡេងជួងអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជា នឹងដាស់គ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតឲ្យចាប់អារម្មណ៍ទីផ្សារមូលបត្រកាន់តែខ្លាំង
ដោយ

តម្លៃភាគហ៊ុន​អេស៊ីលីដា​ ​ដែលមាន​នៅ​ត្រឹម​១៦.៣៨០រៀល ក្នុង​មួយហ៊ុន​នេះ (គិតត្រឹមថ្ងៃបិទជួញដូរទី១៣ ខែឧសភា) គឺតម្លៃលើសពី​តម្លៃបោះផ្សាយ​លក់ IPO ដំបូង តែ ១៨០រៀលប៉ុណ្ណោះ បើទោះបីជា ថ្មីៗនេះ ធនាគារអេស៊ីលីដា បានប្រកាសពីប្រាក់ចំណេញសុទ្ធមានដល់ទៅជាង ៤៤លានដុល្លារនៅត្រីមាសទី១ឆ្នាំ២០២១ កើនដល់ទៅជិត៣០%ក៏ដោយ។

គេនៅចាំបានថា បី បួនថ្ងៃដំបូងនៃការបើកជួញដូរភាគហ៊ុនធនាគារអេស៊ីលីដារតម្លៃហ៊ុនបានហក់ឡើងយ៉ាងខ្ពស់។ជាក់ស្តែងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅពេលបិទការជួញដូរ ឃើញថា ទំហំនៃការទិញលក់ភាគហ៊ុនធនាគារអេស៊ីលីដា មានចំនួន ២៤ម៉ឺនហ៊ុន ក្នុងតម្លៃ ១ភាគហ៊ុន ២១,៥៥០រៀល ដែលមានទំហំទឹកប្រាក់ជិត ៥ពាន់លានរៀល ស្មើនឹងប្រមាណជាង ១លាន២សែនដុល្លារអាមេរិក។ ប្រហាក់ប្រហែលគ្នាទៅនឹងថ្ងៃទី២៧ ខែឧសភា ម្សិលមិញ ទំហំនៃការទិញលក់ភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជា មានទំហំទឹកប្រាក់ជាង ៥ពាន់ ១០០លានរៀល ស្មើនឹងប្រមាណ ១លាន៣សែនដុល្លារអាមេរិក។

មានការចោទសួរ ជាច្រើនទាក់ទងនឹងបម្រែបម្រួលនៃទីផ្សារភាគហ៊ុនរបស់អេស៊ីលីដា មកទល់នឹងពេលនេះ។ ប៉ុន្ដែ វាត្រូវបានអ្នកជំនាញក្នុងផ្សារភាគហ៊ុនអះអាងថា កម្រិតប្រែប្រួលនៃទីផ្សារតម្លៃភាគហ៊ុនក្នុងទំហំប៉ុននេះ វាគ្រាន់តែជាការប្រែប្រួលតាមធម្មជាតិនៃការជួញដូរក្នុងផ្សារភាគហ៊ុនប៉ុណ្ណោះ មិនមានចោទជាបញ្ហាអ្វីធំដុំ ដែលត្រូវព្រួយបារម្ភនោះទេ។

ជុំវិញនឹងតម្លៃភាគហ៊ុនធនាគារអេស៊ីលីដានេះដែរ ត្រូវបាន លោក ព្រំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុនអេស៊ីលីដា ស៊ឹឃ្យួរឹធី ភីអិលស៊ី បញ្ជាក់ឲ្យដឹងថា វាគ្រាន់តែជាការប្រែប្រួលធម្មតា នៃសកម្មភាពការជួញដូរ ហើយក៏មិនមានផលប៉ះពាលអ្វីខ្លាំងនោះទេ។ ពិសេស បើមើលទៅលើប្រតិបត្តិការធនាគារអេស៊ីលីដាផ្ទាល់ គឺរឹតតែមិនមានអ្វីត្រូវបារម្ភ ព្រោះថានៅត្រីមាសទី១ ធនាគារនេះ នៅតែរកប្រាក់ចំណេញសុទ្ធបានដល់ទៅជាង៤៤ លានដុល្លារអាមេរិកឯណោះ។

ទោះយ៉ាងណា លោក ព្រំ វិសុទ្ធ បានគូសបញ្ជាក់ថា ព័ត៌មានដែលមិនច្បាស់លាស់អំពីការបែងចែកភាគលាភទៅភាគហ៊ុនិករបស់អេស៊ីលីដា ក្រោយពេលដែលធនាគារជាតិអំពាវនាវឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្អាកការបែងចែកភាគលាភ ចំពោះប្រាក់ចំណេញនៅឆ្នាំ២០២០នោះ វា អាចជាមូលហេតុមួយ ដែលធ្វើឲ្យតម្លៃជួញដូរភាគហ៊ុនអេស៊ីលីដាធ្លាក់ចុះដែរ ប៉ុន្តែលោកអះអាងថា ចំពោះវិនិយោគិនរយៈពេលវែង គឺមិនផ្អែកលើភាគលាភ(Dividends)នេះទេ ប៉ុន្តែវិនិយោគិនរយៈពេលខ្លី គឺគាត់អាចនឹងរំពឹងច្រើនទៅលើភាគលាភនេះ។

គេនៅចាំបានថា កាលពីខែមករា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញលិខិតមួយដោយអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ឲ្យផ្អាកការបែងចែកភាគលាភចំពោះប្រាក់ចំណេញនៅឆ្នាំ២០២០ ដល់ភាគទុនិករបស់ពួកគេ ដែលជាវិធានការមួយរួមចំណែករក្សាកំណើនដល់វិស័យនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រាប់ខេមបូណូមីសដែរថា ជាទូទៅការឡើងចុះនៃតម្លៃភាគហ៊ុននេះ វាអាស្រ័យលើការចាប់អារម្មណ៍របស់សាធារណជន ដែលជាវិនិយោគិន។ ឯកឧត្តម គូសបញ្ជាក់ថា ចំពោះធនាគារអេស៊ីលីដា បើធៀបនឹងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិផ្សេងទៀត អាចនិយាយបានថាហាក់នៅវ័យក្មេងជាងគេនៅឡើយនៅក្នុងផ្សារមូលបត្រកម្ពុជា ដោយទើបតែចូលផ្សារហ៊ុនបានជាង១ឆ្នាំ ហើយក៏ត្រូវមានបញ្ហាកូវីដ-១៩ ចូលមករំខានជាប់រហូត។

បើតាមការអះអាងរបស់ ឯកឧត្តម ហុង សុហួរ បើទោះបីកន្លងមកនេះ មានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅក៏ដោយ ប៉ុន្ដែការជួញដូរផ្សារភាគហ៊ុន  គឺនៅតែមានល្អប្រសើរជាងកាលអំឡុងពេលមិនទាន់មានការបិទខ្ទប់ទៅទៀត ហើយក្រោយមានការបញ្ចប់ការបិទខ្ទប់នាពេលថ្មីៗនេះកំណើនជួញដូរនៅតែបន្ដមានផងដែរ។ តួយ៉ាង សម្រាប់រយៈពេល១០ថ្ងៃ អំឡុងពេលបិទខ្ទប់ទំហំជួញដូរភាគហ៊ុនសរុបមានដល់ទៅជាង ២៤១លានរៀល។

អគ្គនាយកផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ បន្ថែមថា ការកើនឡើងនេះ បានបង្ហាញឲ្យឃើញថា វិនិយោគិនងាកមកចាប់អារម្មណ៍ការជួញដូរភាគហ៊ុនច្រើន ដោយសារតែវាជាវិស័យដែលអនុញ្ញាតឲ្យពួកគេអាចវិនិយោគបាន បើទោះបីជាស្ថិតតែនៅក្នុងផ្ទះមិនអាចចេញទៅណាបានក៏ដោយ។ មួយវិញទៀត ការវិនិយោគក្នុងផ្សារភាគហ៊ុន ក៏ជាជម្រើល្អអាចក្លាយជាម្ចាស់ហ៊ុននៃក្រុមហ៊ុនល្អៗ ដោយមិនមិនចាំបាច់ចំណាយពេលខ្លួនឯង ដើម្បីបង្កើតអាជីវកម្ម.

សូមទស្សនាវីដេអូ​លម្អិតពីព័ត៌មាន​នេះ៖​

None



អត្ថបទបន្ទាប់


កាន់តែអស្ចារ្យ! អេធីអឹម អេស៊ីលីដា ដក​ប្រាក់​បាន​ច្រើន​រហូតដល់ ១ម៉ឺន​ដុល្លារ ឬ ៤០លានរៀល!

ដើម្បីបំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន​ក្នុង​ការប្រើប្រាស់​សេវាកម្ម​ធនាគារ អេស៊ីលីដា ឲ្យកាន់​សម្បូរ​បែប ធនាគារ អេស៊ីលីដា បាន​បង្កើន…

១ថ្ងៃប៉ុណ្ណោះ ថៃមានអ្នកឆ្លងថ្មីដល់ទៅជិត១ម៉ឺននាក់ ភាគច្រើនជាករណីឆ្លងក្នុងពន្ធធនាគារ

ប្រទេសថៃ នៅថ្ងៃចន្ទទី ១៧ ខែឧសភានេះ បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ដល់ទៅជិត១ម៉ឺននាក់ និងអ្នកស្លាប់មានចំនួន២៥នាក់ ត្រឹមរយៈពេល២៤ម៉ោង ដែលជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ