
ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា មូលហេតុដែលជំរុញឲ្យធនាគារអេស៊ីលីដាបង្កើត App នេះឡើង គឺបន្ទាប់ពីធនាគារសង្កេតឃើញការទូទាត់ទំនិញ និងសេវាកម្មតាមអេស៊ីលីដាម៉ូបាលមានកំណើនខ្ពស់និងដើម្បីឆ្លើយតបនឹងភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាបង្កភាពងាយស្រួល និងសុវត្ថិភាពជូនអតិថិជនក្នុងការទិញទំនិញក្នុងបរិបទនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំអេស៊ីលីដាបានបង្ហាញពីមហិច្ឆិតាក្នុងការពង្រីកប្រតិបត្តិការ អេស៊ីលីដា អ៊ីសប ឲ្យបាន២៥រាជធានីខេត្តនាពេលអនាគត ខណៈបច្ចុប្បន្នដាក់ឲ្យដំណើរការនៅរាជធានីភ្នំពេញ។

ស្របពេលទំនោរបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញនៅលើពិភពលោក រួមទាំងនៅកម្ពុជាមានភាពរីកចម្រើនខ្លាំង បានជំរុញឲ្យធនាគារអេស៊ីលីដា ខិតខំអភិវឌ្ឍន៍ឥតឈប់ឈរលើប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២១ ធនាគារពាណិជ្ជខ្មែរដ៏ធំមួយនេះបានប្រកាសដាក់ឲ្យដំណើរការ អេស៊ីលីដាអ៊ីសប ដែលជាបណ្តុំហាងទំនិញល្បីៗមានផលិតផលរាប់ម៉ឺនមុខ ដែលអនុញ្ញាតឲ្យអតិថិជនអាចទិញ-លក់ទំនិញ និងទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញតាមរយៈ អេស៊ីលីដាម៉ូបាល។ តាមរយៈអេស៊ីលីដាអ៊ីសបអតិថិជនអាចទិញទំនិញរាប់ម៉ឺនមុខដោយមិនចាំបាច់ដើរផ្សារបានគ្រប់ពេលវេលា ឆាប់រហ័ស និងមានសុវត្ថិភាព។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានបញ្ជាក់ថា កត្តាដែលជំរុញឲ្យអេស៊ីលីដាបង្កើត App នេះឡើង គឺបន្ទាប់ពីធនាគារសង្កេតឃើញការទូទាត់ផ្សេងៗតាមអេស៊ីលីដាម៉ូបាលមានកំណើនខ្ពស់ ស្របពេលធនាគារចង់ឲ្យប្រជាពលរដ្ឋកម្ពុជាដើរឲ្យទាន់ភាពរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

បើតាមលោកបណ្ឌិត អ៊ិន ចាន់នី សម្រាប់ការដាក់ឲ្យដំណើរការលើកដំបូងនៅរាជធានីភ្នំពេញនេះ គឺ The First Store បានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញដំបូងគេ ដែលបានដាក់លក់ទំនិញនៅលើផ្សារអនឡាញ អេស៊ីលីដា អ៊ីសប ខណៈក្រុមហ៊ុននេះមានទំនិញរហូតដល់១ម៉ឺន២ពាន់មុខ។ ក្រៅពីរាជធានីភ្នំពេញ ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា មានមហិច្ឆិតានឹងពង្រីកទីផ្សារឲ្យមានគ្រប់រាជធានី-ខេត្ត និងទាក់ទាញហាងទំនិញឲ្យបានកាន់តែច្រើន ដើម្បីផ្តល់ភាពងាយស្រួល និងជម្រើសកាន់តែសម្បូរបែបជូនអតិថិជន។ អេស៊ីលីដាអ៊ីសប ក៏នឹងរួមចំណែកជួយអភិវឌ្ឍន៍វិស័យកសិកម្ម និងវិស័យសហគ្រាសធុនតូច និងធម្យមផងដែរ៕
