ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានគេមើលឃើញថា នឹងក្លាយជាធនាគារពាណិជ្ជទី១ នៅកម្ពុជា ដែលនឹងចុះ បញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ឱកាសដល់វិនិយោគិន និងសាធារណជន ដើម្បីវិនិយោគលើភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ ធនាគារនឹងរៀបចំកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ចំនួន ០២ (ពីរ) លើក នៅថ្ងៃទី០៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនឹងមានបទបង្ហាញដល់វិនិយោគិន អំពីទិដ្ឋភាពទូទៅនៃអាជីវកម្មហិរញ្ញវត្ថុ របស់ធនាគារ ពេលវេលារំពឹងទុកនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងការរៀបចំខ្លួនរបស់វិនិយោគិន ដើម្បីទិញភាគហ៊ុនរបស់ធនាគារ។”
ធនាគារនឹងចាប់ផ្តើមដំណើរការប៊ុកបៀលឌីងជាផ្លូវការ និងអញ្ជើញវិនិយោគិន និងសាធារណជន ចូលរួមកំណត់ថ្លៃភាគហ៊ុនរបស់ធនាគារ នៅក្នុងរវាងចន្លោះថ្លៃ ចាប់ពី១៥.០០០ រៀល ដល់ ១៧.៤០០ រៀល ក្នុងមួយភាគហ៊ុន។ ថ្លៃភាគហ៊ុនចុងក្រោយ នឹងត្រូវកំណត់ទៅតាមការកំណត់ថ្លៃ ដែលវិនិយោគិន បានដាក់នៅក្នុងដំណើរការប៊ុកបៀលឌីង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ បន្ទាប់ពីដំណាក់កាលប៊ុកបៀលឌីង ត្រូវបានបញ្ចប់ វិនិយោគិន និងសាធារណជនទាំងអស់ នឹងត្រូវអញ្ជើញមកចូលរួមក្នុងដំណាក់កាលបរិវិសកម្ម ដើម្បីទិញភាគហ៊ុនរបស់ធនាគារលើថ្លៃភាគហ៊ុនចុងក្រោយ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។
បណ្ឌិត អ៊ិន ចាន់នី បានធ្វើការបញ្ជាក់បន្ថែមថា “ដើម្បីចូលរួមក្នុងដំណាក់កាលប៊ុកបៀលឌីង និងដំណាក់កាលបរិវិសកម្ម វិនិយោគិន ត្រូវមានលេខអត្តសញ្ញាណវិនិយោគិន (Investor ID) និងគណនីជួញដូរ (Trading Account) ជាមួយក្រុមហ៊ុនមូលបត្រណាមួយ ដែលទទួលបាន អាជ្ញា បណ្ណ ពីគណៈកម្មាការមូលបត្រ (គ.ម.ក.)។” លោកបន្ថែមទៀតថា “ធនាគាររំពឹងថានឹងចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នាចុងខែមេសា ឆ្នាំ២០២០ នេះ។ ក្នុងនាមជាធនាគារពាណិជ្ជទីមួយ ដែលនឹងត្រូវចុះបញ្ជីក្នុង ផ.ម.ក. ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារគំរូមួយ សម្រាប់ធនាគារផ្សេងៗទៀត នៅក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់ទីផ្សារមូលធនកម្ពុជា ដើម្បីប្រមូលទុន។”
លោក Han Kyung Tae អគ្គនាយក ក្រុមហ៊ុន យាន់តា ស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ី បានមាន ប្រសាសន៍ថា “ចំនុចដែលធ្វើឱ្យការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានលក្ខណៈពិសេស និងខុសប្លែកពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈមុនៗ គឺធនាគារ មិនមានលៃបម្រុងទុកភាគហ៊ុន សម្រាប់វិនិយោគិន និងស្ថាប័នដែលមានសក្តានុពលនោះទេ។ រាល់ភាគហ៊ុន ដែលនឹងបោះផ្សាយលក់ទាំងអស់ នឹងត្រូវលក់ជូនវិនិយោគិន និងសាធារណជន។ ការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងត្រូវបានចាត់ទុកថាជា “ការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិជូនប្រជាជន” ដែលលើកទឹកចិត្តដល់វិនិយោគិនរូបវ័ន្តបុគ្គល និងសាធារណជនទូទៅ ឱ្យចូលរួមក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ ទៅតាមសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួន។ យើងបាន ធ្វើការជាមួយធនាគារ ដើម្បីបង្កើតវិធីសាស្ត្របែងចែកភាគហ៊ុន ដែលផ្តល់អាទិភាពដល់វិនិយោគិន រូបវ័ន្តបុគ្គល ដែលទិញភាគហ៊ុនចំនួន ១.០០០ ភាគហ៊ុន ឬតិចជាងនេះ។ ការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិ ជាសាធារណៈរបស់ធនាគារ គឺជាឱកាសមាសសម្រាប់វិនិយោគិនរូបវ័ន្តបុគ្គល ដើម្បីក្លាយជា ម្ចាស់ភាគហ៊ុន របស់ធនាគារដែលគួរឱ្យទុកចិត្ត និងមានហិរញ្ញវត្ថុរឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជា។”
បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ទៀតថា ទឹកប្រាក់ដែលបានមកពីការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិជាសាធារណៈនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍសេវាកម្មធនាគារឌីជីថល និងសម្រាប់គោលបំណងអាជីវកម្មទូទៅរបស់ធនាគារ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី៖
លោកស្រី ប៊ុត ប៊ុនសីហា
មុខងារ : អនុប្រធាននាយកប្រតិបត្ដិ
និងជាគណៈប្រធាននាយិកាប្រតិបត្ដិនីតិកម្ម និងលេខាធិការក្រុមហ៊ុន ( មន្ត្រីទទួលបន្ទុកផ្តល់ព័ត៌មាន)
ទូរស័ព្ទ : ០១៥ ៦០០ ៥៣២
អ៊ីម៉ែល : [email protected]
លោកស្រី ម៉ារ អមរា
មុខងារ : អនុប្រធាននាយកប្រតិបត្ដិ
និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ (មន្ត្រីទំនាក់ទំងសាធារណៈ)
ទូរស័ព្ទ : ០១៥ ៩០០ ១២៦
អ៊ីម៉ែល : [email protected]