បើទោះបីជា ឆ្នាំ២០២២ កម្ពុជានៅជួបប្រទះបញ្ហាប្រឈម ដូចជា ការរាតត្បាតនៃមេរោគកូវីដ-១៩ និងបញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ក៏ពិតមែន ប៉ុន្ដែ អគ្គនាយកដ្ឋានពន្ធដារនៅតែរក្សាបានការប្រមូលចំណូលបានជាង៣ពាន់លានដុល្លារ ជាមួយនឹងកំណើជាវិជ្ជមាន។ បើតាមថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ មានក្រុមហ៊ុន និងសហគ្រាសធំៗ រហូត២០០សហគ្រាស ទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស និងបានបង់ពន្ធច្រើនជាងគេតាមលំដាប់ នៅឆ្នាំ២០២២។
ជាមួយគ្នានេះ មានក្រុមហ៊ុន និងសហគ្រាសធំៗ ចំនួន១០ បានបង់ពន្ធច្រើនជាងគេបំផុត ត្រូវបានអគ្គនាយកដ្ឋានពន្ធដារបង្ហាញឈ្មោះ ដោយក្នុងនោះ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារខ្មែរពាណិជ្ជដ៏ធំមួយនៅកម្ពុជា គឺបានស្ថិតក្នុងលេខរៀងទី៣ផងដែរ។
ក្រុមហ៊ុនទាំង១០ ដែលបានបង់ពន្ធច្រើនជាងគេបំផុតនោះ រួមមាន៖ ក្រុមហ៊ុនស្រាបៀរ Heineken Cambodia, ធនាគារ ABA, ធនាគារអេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន Viettel Cambodia, ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន Cambrew ផលិតស្រាបៀរអង្គ, អគ្គិសនីកម្ពុជា (EDC) និងធនាគារស្ថាបនា។
ក្រៅតែពីស្ថិតនៅក្នុងចំណោមសហគ្រាសបង់ពន្ធចូលរដ្ឋច្រើនជាគេលំដាប់ទី៣ហើយនោះ អេស៊ីលីដា ជានិច្ចកាលតែបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពសង្គមនានា ជាពិសេសចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យធនាគារនៅកម្ពុជា ក៏ដូចជា រួមចំណែកជំរុញនូវកំណើនសេដ្ឋកិច្ចផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា មានសមតុល្យឥណទានជាង ៦ ៤២០លានដុល្លារអាមេរិក មានការកើនឡើងជាង១៨% បើប្រៀបធៀបនឹងដំណាច់ឆ្នាំ២០២១ ដែលមានសមតុល្យឥណទានជាង ៥ ៤៣០លានដុល្លារអាមេរិក និងប្រាក់បញ្ញើ-សន្សំមានសមតុល្យប្រមាណ៦ ៣៩០លានដុល្លារអាមេរិក មានការកើនឡើង ជិត១២% បើប្រៀបធៀបនឹងដំណាច់ឆ្នាំ២០២១ ដែលមានប្រមាណ ៥ ៧២០លានដុល្លារអាមេរិក៕