ធនាគារ អេស៊ីលីដា ឡាវ បង្កើនទុនចុះបញ្ជីជាង២លានដុល្លារ

ធនាគារ អេស៊ីលីដា ឡាវ បង្កើនទុនចុះបញ្ជីជាង២លានដុល្លារបន្ថែម នាំឲ្យដើមទុនសរុបកើនដល់ជាង២៥លានដុល្លារ


ធនាគារ អេស៊ីលីដា ឡាវ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចបង្កើនទុនចុះបញ្ជី៤០ពាន់លានឡាវគីប ឬជាង ២,២លានដុល្លារបន្ថែម ដែលធ្វើទុនបញ្ជីរបស់ធនាគារកើនឡើងដល់៤៦០ពាន់លានឡាវគីប ឬជាង ២៥លានដុល្លារអាមេរិក។ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ ធនាគារនេះមានទ្រព្យសកម្មជាង ១៧៦លានដុល្លារ កើនឡើង១១% បើធៀបនឹងដំណាច់ឆ្នាំ២០២២ រីឯទំហំឥណទានមានជាង១២៧លានដុល្លារ និងប្រាក់បញ្ញើជិត១៣០លានដុល្លារ។
ធនាគារ អេស៊ីលីដា ឡាវ បង្កើនទុនចុះបញ្ជីជាង២លានដុល្លារ

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា មូលហេតុដែលធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រេចបង្កើនទុនចុះបញ្ជីរបស់ ធនាគារ អេស៊ីលីដា ឡាវ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុចំនួន ៤០ពាន់លានឡាវគីប ឬជាង២លានដុល្លារបន្ថែមទៀតនេះ គឺដើម្បីឲ្យស្របនឹងបទប្បញ្ញត្តិ ដែលតម្រូវដោយច្បាប់ ស្តីពីធនាគារពាណិជ្ជ ចេញដោយធនាគារជាតិឡាវ ដែលតម្រូវឲ្យដើមទុនចុះបញ្ជីអប្បបរមាបង្កើនឲ្យបានចំនួន ៥០០ ពាន់លានឡាវគីប ឬស្មើនឹងប្រមាណ៣០លានដុល្លារក្នុងរយៈពេល៥ឆ្នាំ។ ក្រោយការបន្ថែមទុននេះ នាំឲ្យទុនចុះបញ្ជីរបស់ធនាគារនេះ កើនឡើងដល់ ៤៦០ពាន់លានដុល្លារ ឬជាង ២៥លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ នេះ។

ថ្នាក់ដឹកនាំរូបនេះរំពឹងថា តាមរយៈការបង្កើនដើមទុនចុះបញ្ជីនេះ វានឹងជួយធ្វើឲ្យធនាគារអេស៊ីលីដា ឡាវ កាន់តែមានភាពរឹងមាំ និងកាន់តែបង្កើនទំនុកចិត្តដល់សាធារណៈជន។ ការបង្កើនដើមទុនចុះបញ្ជីរបស់ធនាគារ អេស៊ីលីដា ឡាវនេះដែរ បានជំរុញឲ្យភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី កើនឡើងពី ៤២លានភាគហ៊ុនទៅ ៤៦លានភាគហ៊ុន។ លោកស្រី ម៉ារ អមរា អះអាងថា លោកស្រីនៅតែមានសុទិដ្ឋិនិយមខ្ពស់ទៅលើសន្ទនីយភាពរបស់ភាគហ៊ុនធនាគារ អេស៊ីលីដា នៅលើផ្សារមូលបត្រកម្ពុជា។

បើតាមការគូសបញ្ជាក់របស់លោកស្រី ម៉ារ អមរា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ ទ្រព្យសកម្មរបស់ធនាគារ អេស៊ីលីដា ឡាវ មានជាង១៧៦លានដុល្លារអាមេរិកកើនឡើងជាង១៨លានដុល្លារ ឬជាង១១% បើធៀបនឹងដំណាច់ឆ្នាំ២០២២។ គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣ ធនាគារនេះមានសមតុល្យឥណទានសរុបជិត១២៨លានដុល្លារ កើនឡើងជាង៧% បើធៀបនឹងដំណាច់ឆ្នាំ២០២២។ ចំណែកសមតុល្យប្រាក់បញ្ញើវិញមានជិត១៣០លានដុល្លារកើនឡើងជិត ១៣% បើធៀបនឹងដំណាច់ឆ្នាំ២០២២។

ជារួមលោកស្រី ម៉ារ អមរា វាយតម្លៃថា ដំណើរការអាជីវកម្មរបស់ ធនាគារ អេស៊ីលីដា ឡាវ នៅប៉ុន្មានខែកន្លងមកនេះមានកំណើនល្អប្រសើរបើធៀបនឹងឆ្នាំ២០២២ ដោយសារទំនុកចិត្តរបស់សាធារណៈជន ការបម្រើសេវាល្អ និងផលិតផលសេវាកម្ម បំពេញតាមតម្រូវការរបស់អតិថិជនស្របតាមការរីកម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ៕




អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មបានផ្តល់អាជ្ញាបណ្ណជាង ១ពាន់អាជ្ញាបណ្ណ ដល់អ្នករកស៊ីតាមប្រព័ន្ធអេឡិចត្រូនិក

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អះអាងថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយអាជីវកម្មនានាកំពុ…

តើកម្ពុជាអាចរងឥទ្ធិពលបែបណាពីគម្រោងកាត់បន្ថយការនាំចេញអង្កររបស់វៀតណាមត្រឹម៤លានតោននៅឆ្នាំ២០៣០?

ប្រទេសវៀតណាម គឺជាទីផ្សារគោលដៅដ៏សំខាន់មួយ ក្នុងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសផលិតផលកសិកម្មដែលមិនទាន់កែច្នៃ ក្នុងនោះរួមមាន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ