ថ្នាក់ដឹកនាំ អេស៊ីលីដា បានគូសបញ្ជាក់ថា កត្តាដែលជួយឲ្យអេស៊ីលីដាទទួលបានរង្វាន់នេះ គឺបន្ទាប់ពីអេស៊ីលីដាបានរួមចំណែកជួយអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងធម្យមតាមរយៈការផ្តល់ឥណទាន ដោយក្នុងចំណោមឥណទានសរុបជាង៦ពាន់លានដុល្លាររបស់ធនាគារ គឺមានប្រមាណ ៨០%ទៅហើយ ដែលបានផ្ដល់ទៅឲ្យវិស័យ SME។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា បានបង្ហាញហេតុផលមួយចំនួន ដែលជួយឲ្យធនាគារអេស៊ីលីដា បានទទួលពានរង្វាន់ «ដៃគូធនាគារល្អបំផុតសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមនៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក» ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ កត្តាដែលជួយឲ្យអេស៊ីលីដាទទួលបានពានរង្វាន់នេះ គឺដោយសារអេស៊ីលីដាបានផ្តល់ឥណទានដ៏ច្រើនលើសលប់ដល់វិស័យ SMEs បើធៀបនឹងវិស័យវិស័យផ្សេងៗ។ ក្នុងចំណោមឥណទានសរុបជាង៦ពាន់លានដុល្លាររបស់អេស៊ីលីដាដែលមានក្នុងដៃអតិថិជនបច្ចុប្បន្ន មានជាង ៨០%ទៅហើយ ត្រូវបានផ្តល់ឲ្យក្នុងវិស័យ SMEs ។
បើតាមការគូសញ្ជាក់របស់លោកបណ្ឌិត អ៊ិន ចាន់នី នៅឆ្នាំ២០២២ នេះ ធនាគារអេស៊ីលីដាបានត្រៀមកញ្ចប់ថវិកាប្រមាណ១ពាន់ដុល្លារសម្រាប់ឥណទានដល់វិស័យផ្សេងៗរួមទាំងវិស័យសហគ្រាសធុនតូច និងមធ្យម។ កត្តានេះធ្វើឲ្យលោកបណ្ឌិត អ៊ិន ចាន់នី រំពឹងថា ទំហំឥណទានក្នុងវិស័យ SMEs របស់អេស៊ីលីដានឹងបន្តកើនឡើងបន្ថែមទៀតនៅប៉ុន្មានខែខាងមុខនេះ។ សម្រាប់ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ការបម្រើសេវាកម្មហិរញ្ញវត្ថុក្នុងវិស័យ SMEs ជារឿងមួយដ៏លំបាក និងមានហានិភ័យខ្ពស់។ ដូច្នេះតាមរយៈពានរង្វាន់នេះដែលអេស៊ីលីដាទទួលបាននៅពេលនេះ គឺសបញ្ជាក់ឲ្យឃើញពីភាពជោគជ័យរបស់អេស៊ីលីដាក្នុងការផ្តល់ឥណទានដល់វិស័យ SMEs ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
គួរជម្រាបថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)ជាសមាជិកមួយនៃធនាគារពិភពលោក ដែលផ្តោតសំខាន់លើការអភិវឌ្ឍន៍របស់វិស័យឯកជនក្នុងប្រទេសកំពុងរីកចម្រើន។
នៅឆមាសទី១ឆ្នាំ២០២២ ធនាគារអស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធទទួលបានប្រាក់ចំណេញជិត៨៤លានដុល្លារអាមេរិក កើនឡើងជាង២លានដុល្លារអាមេរិក បើធៀបនឹងឆមាសទី១ ឆ្នាំ២០២១។ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ រំពឹងថានឹងទទួលបានប្រាក់ចំណេញក្នុងរង្វង់ ១៧០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ ដែលនឹងលើសពីផែនការដែលបានគ្រោងទុក និងលើសពីប្រាក់ចំណេញដែលសម្រេចបាននៅក្នុងឆ្នាំ២០២១៕