របាយការណ៍​ស្ដីពីហិរញ្ញវត្ថុ

ធនាគារអេស៊ីលីដា ចេញមុខច្រានចោលរបាយការណ៍ស្ដីពី “ធ្វើការងាររហូត​​ជំពាក់បំណុលវ័ណ្ឌក”


ធនាគារអេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ០២ ខែកក្កដានេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានច្រានចោលចំពោះរបាយការណ៍មួយ ដែលមានចំណងជើងថា “ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក” ដែលបានចេញផ្សាយដោយអង្គការលីកាដូ។ ធនាគារអេស៊ីលីដា ចាត់ទុករបាយការណ៍នេះ ជាការសរសេរ គ្មានការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ គ្មានមូលដ្ឋានព័ត៌មានគ្រប់ជ្រុងជ្រោយ មិនបានស្វែងយល់ច្បាស់អំពីគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុនោះឡើយ។
ធនាគារអេស៊ីលីដា ចេញមុខច្រានចោលរបាយការណ៍របស់ស្ថាប័នសង្គមស៊ីវិល ស្ដីពី “ធ្វើការងារ​រហូត​ជំពាក់បំណុលវ័ណ្ឌក”
ដោយ

ធនាគារ​អេ​ស៊ី​លី​ដា បាន​បញ្ជាក់​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សរសេរ​ដែល​មាន​ចំណងជើង​ថា "​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក​" របស់ សហព័ន្ធ សហជីព​កម្ពុជា  មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លី​កាដូ  "​ភាព​ជំពាក់​បំណុល​ច្រើន​លើសលុប​ក្នុង​វិស័យ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​" គឺជា​ការ​សរសេរ​ដែល​គ្មាន​ការ​ស្រាវជ្រាវ​ប្រកបដោយ​វិជ្ជាជីវៈ គ្មាន​មូលដ្ឋាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ មិន​បាន​ស្វែង​យល់​ច្បាស់​អំពី​គោលការណ៍​ច្បាប់  និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​គោលការណ៍​ផ្ទៃក្នុង​របស់​ធនាគារ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដែល​ជា​ការ​សន្មត​តាម​ចិត្ត មាន​ចរិត​ញុះញង់ និង​មាន​ចេតនា​បំផ្លាញ បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។

ធនាគារ​អេ​ស៊ី​លី​ដា​ចាត់​ទុក​ថា​សហព័ន្ធ​សហជីព​កម្ពុជា​, មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លី​កាដូ ដែល​បាន​អះអាង​ថា​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ប៉ុន្តែ​ជាក់ស្តែង​ស្ថាប័ន​សង្គម​ស៊ី​វិល​ទាំងនេះ គឺ​កំពុង​តែ​ព្យាយាម​បំបិទ​សិទ្ធិ​សេរីភាព កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​សិទ្ធិ​រស់រាន​មានជីវិត មាន​សេរីភាព និង​មាន​សន្តិសុខ​ផ្ទាល់ខ្លួន ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​ការ​បំភ្លៃ​បំភ័ន្ត​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឲ្យ​មានការ​យល់​ច្រឡំ  និង​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម ដើម្បី​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​ម្ចាស់​ជំនួយ និង​អ្នក​បង់ពន្ធ​ទាំងអស់​លើ​សកលលោក​ដែល​ស្ម័គ្រចិត្ត​ផ្តល់​នូវ​អំណោយ​។

ធនាគារ​អេ​ស៊ី​លី​ដា​បាន​អះអាង​ទៀង​ថា តាម​រយៈ​ការ​បោះពុម្ពផ្សាយ​របស់​ធនាគារពិភពលោក​ជា​ច្រើន​រហូត​ដល់​ឆ្នាំ​២០១៩ ជាង​ពីរ​ទសវត្សរ៍​មកនេះ ប្រទេស​កម្ពុជា ជា​ប្រទេស​មានការ​អភិវឌ្ឍ កម្រិត​ខ្ពស់  ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល  បាន​ផ្តល់​នូវ​ឱកាស​យ៉ាង​ទូលំទូលាយ​ដល់​សហគ្រាស​គ្រប់​វិស័យ ជា​ពិសេស​ឱកាស​ការងារ​យ៉ាង​សម្បូរ​បែប​ទាំង​ក្នុងស្រុក រួម​ទាំង​ការងារ​នៅ​ក្រៅប្រទេស​សម្រាប់​ប្រជាពលរដ្ឋ​ជ្រើសរើស មិនមែន​ជា​ការ​ចំណាកស្រុក​ដូច​បាន​លើក​ឡើង​នោះ​ទេ ។

ដើម្បី​សម្រាល​បន្ទុក​ដល់​ម្ចាស់​អាជីវកម្ម ដែល​រង​ផល​ប៉ះពាល់​នៃ​វីរុស​កូ​វី​ដ​១៩ ប្រមុខ​រាជរដ្ឋាភិបាល ជា​ពិសេស ធនាគារជាតិ​នៃ កម្ពុជា បាន​គិតគូរ​រួច​ហើយ ក្នុង​គោលដៅ​ការពារ​គ្រប់​ភាគី​ពាក់ព័ន្ធ ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន​ដើម្បី​សម្រួល និង​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​។  គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​ចូលរួម​អនុវត្ត​យ៉ាង​ពេញលេញ និង​តែងតែ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​របស់​ខ្លួន​ជា​និច្ច​។ 

ធនា​គារ​អេ​ស៊ី​លី​ដា ចាត់​ទុក​ថា​ស្ថាប័ន​ដែល​បរិយាយ​មិន​ច្បាស់​ទាំងនេះ គប្បី​បញ្ឈប់​រាល់​ទ​ង្វើ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​។ ទន្ទឹម​គ្នា​នេះ​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តា​ចាត់វិធានការ​ច្បាប់​ចំពោះ​ជន ឬ​ក្រុម​ទាំងឡាយ​ណា​ដែល​ញុះញង់​ធ្វើ​ឲ្យ​រង្គោះរង្គើ ជំរុញ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​សេដ្ឋកិច្ចជាតិ ធ្វើ​ឲ្យ​បាត់បង់​នូវ​ជំនឿ​ទុកចិត្ត សុវត្ថិភាព​ដល់​អ្នក​ដាក់​ប្រាក់​បញ្ញើ  ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងមូល​។

សូម​បញ្ជាក់​ថា របាយការណ៍ “​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក​”​គឺជា​ការ​សង្ខេប​រួម​គ្នា​មួយ រវាង​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (​សង់​ត្រា​ល់​) និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លី​កាដូ អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​ស្ទង់​មតិ​ជាមួយ​កម្មករ កម្មការិនី ច្រើន​ជាង​១៥០​នាក់ (​ភាគច្រើន​ជា​ស្ដ្រី​) មក​ពី​រោងចក្រ​កាត់ដេរ​ចំនួន​៣​ផ្សេង​គ្នា ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ឆ្នាំង ដើម្បី​សិក្សា​ពី​ផល​លំបាក​នៃ​ការ​ជាប់ជំពាក់​បំណុល​របស់​ពួក​គាត់ ខណៈ​ដែល​រោងចក្រ​រាប់រយ​បាន​ផ្អាក​ដំណើរការ ដោយសារ​ការ​រីក​រាល​ជាស​កល​នៃ​វីរុស​កូ​វី​ដ​១៩​នេះ​។

របាយការណ៍​នេះ អះអាង​ថា ក្នុង​ចំណោម​កម្មករ កម្មការិនី ដែល​ត្រូវ​បាន​ស្ទង់​មតិ មាន​កម្មករ កម្មការិនី​តែ​៤​នាក់​ប៉ុណ្ណោះ ដែល​មិន​មាន​ជំពាក់​បំណុល ។ ស្ទើរតែ​គ្រប់​កម្មករ កម្មការិនី ដែល​បាន​ផ្ដល់​ការ​សម្ភាសន៍ បាន​ប្រាប់​អ្នក​ស្រាវជ្រាវ​ថា ពួក​គាត់​នឹង​គ្មាន​លទ្ធភាព​សងបំណុល​វិញ​ទេ ប្រសិនបើ​ការងារ​របស់​ពួក​គាត់​ត្រូវ​បាន​ព្យួរ ។ ស្ទើរតែ​គ្រប់​កម្មករ កម្មការិនី​ដែល​បាន​ផ្ដល់​ការ​សម្ភាសន៍ បាន​និយាយ​ថា បច្ចុប្បន្ន​នេះ ជីវភាព​រស់នៅ​របស់​ពួក​គាត់ ជួប​ការ​លំបាក​ខ្លាំង​ជាង មុន​ពេល​ពួក​គាត់​ជាប់ជំពាក់​កម្ចី​ឥណទាន ៕

None



អត្ថបទបន្ទាប់


វៀតណាម បង្ហាញផែនការប្រតិបត្តិការខ្សែរថភ្លើងដឹកទំនិញពីវៀតណាមឆ្ពោះទៅចិន នឹងបន្ដទៅអឺរ៉ុប

ក្រុមហ៊ុនសាជីវកម្មផ្លូវដែកវៀតណាម បានបង្ហាញពីផែនការនៅក្នុងឆ្នាំនេះ ក្នុងការប្រតិបត្តិការរថភ្លើងដឹកទំនិញដឹកពីវៀតណាមទៅកាន់ប្រទេសចិន រួចបន្ដ…

ក្រុមហ៊ុន NPC ដែលលក់នំភីហ្សា Pizza Hut និងប៊ើហ្គ័រ Wendy's ដ៏ល្បីនៅអាមេរិក ប្រកាសក្ស័យធនមួយទៀតហើយ

ក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក ដែល​ជាប្រតិបត្តិករ​នៃ​​ភោជនីយដ្ឋានលក់ប៊ើហ្គ័រ ប្រ៊ែន Wendy ជិត ៤០០កន្លែង និងនំ​ភីហ្សា ប្រ៊ែន Pizza Hut ១២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ