បន្ទាប់ពីបានអនុវត្តដោយជោគជ័យលើការទូទាត់ឆ្លងដែនតាមកូដ QR ជាមួយនឹងប្រទេសថៃតាំងខែកុម្ភៈឆ្នាំ២០២០មក ធនាគារអេស៊ីលីដានឹងពង្រីកបន្ថែមនូវការទូទាត់ឆ្លងដែននេះ ជាមួយនឹងប្រទេសអាស៊ានចំនួន២បន្ថែមទៀត រួមមានវៀតណាម និងឡាវ ក្រោយពីមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាភីអិលស៊ី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅអំឡុងពិធីជំនួបជាមួយនឹងធុរជនជប៉ុននាពេលថ្មីៗនេះថា ធនាគារជាតិនៃកម្ពុជា បានជ្រើសរើសធនាគារពាណិជ្ជក្នុងស្រុក ដើម្បីបង្កើតប្រតិបត្តិការទូទាត់ឆ្លងដែនតាមកូដQR នៅក្នុងប្រទេសសមាជិកអាស៊ាន ចំនួន២បន្ថែមទៀត រួមមាន វៀតណាម និងឡាវ បន្ទាប់ពីបានបានទទួលជោគជ័យលើការអនុវត្តនៅប្រទេសថៃរួចមក។
លោក បន្តថា៖ «យើងត្រូវបានជ្រើសរើសដោយធនាគារកណ្តាល ដើម្បីដាក់កូដឲ្យដំណើរការជាមួយ ប្រទេសចំនួន២ទៀត [វៀតណាម និងឡាវ] ហើយយើង កំពុងធ្វើការងារនេះ ជាមួយពួកគេ [ប្រទេសឡាវ និងវៀតណាម]។ ...នៅពេលដែល ប្រជាជន របស់យើងដែលទៅ ប្រទេសទាំង៣នេះ [ថៃ ឡាវ និងវៀតណាម] ពួកគេ លែងត្រូវការប្តូររូបិយប័ណ្ណ នៅទីនោះតទៅទៀតហើយ ប៉ុន្តែ គ្រាន់តែប្រើការ បង់ប្រាក់ដោយផ្ទាល់ពីអេស៊ីលីដាកូដ QR ប៉ុណ្ណោះ»។
ពលរដ្ឋខ្មែរអាចទូទាត់ប្រាក់ ជាប្រាក់រៀល ក្នុងប្រទេសថៃ ដោយស្កែនកូដ QR របស់ធនាគារក្នុងស្រុកថៃដែលជាដៃគូ ដើម្បីទូទាត់ប្រាក់បានរហូតដល់ ៥ លានរៀល ក្នុងមួយថ្ងៃ តាមរយៈ គណនីអេស៊ីលីដា ទាន់ចិត្ត និង១០ លានរៀលក្នុងមួយថ្ងៃ តាមរយៈ គណនី ធនាគារអេស៊ីលីដា។
គួររំឭកថា ធនាគារអេស៊ីលីដា គឺជាធនាគារខ្មែរដំបូងគេ ដែលត្រូវបានអនុញ្ញាតឲ្យមានការទូទាត់តាមប្រព័ន្ធកូដ QR ឆ្លងដែន ជាមួយនឹងធនាគារនៅក្នុងប្រទេសថៃ ដោយក្នុងនោះ ធនាគារអេស៊ីលីដា និងធនាគារថៃ SCB បានចាប់ដៃគ្នាសម្រេចដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់តាម QR ឆ្លងដែននេះ តាំងពីខែកុម្ភៈឆ្នាំ២០២០មកម្ល៉េះ។
អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ របស់ធនាគារអេស៊ីលីដា លោកស្រី សូរ ផនណារី បានគូសបញ្ជាក់ដែរថា ការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា មានសម្ទុះកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ក្នុងនោះដែរ សម្រាប់ធនាគារអេស៊ីលីដា ការធ្វើប្រតិបត្តិការសេវាធនាគារឌីជីថល ដល់ទៅជាង ១៤ពាន់លានប្រតិបត្តិការ កើនឡើង៤២% នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ ហើយចំនួនប្រតិបត្តិការនេះ គឺមានដល់ទៅ៩៥% បើធៀបនឹងប្រតិបត្តិការធនាគារឌីជីលដែលមាននៅពេញមួយឆ្នាំ២០២១កន្លងទៅ។
បើតាមថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដាដដែលនេះ បានគូសបញ្ជាក់ទៀតថា គិតមកទល់ពេលនេះ អ្នកដែលបានចុះឈ្មោះប្រើប្រាស់សេវាធនាគារចល័តរបស់អេស៊ីលីដា មានដល់ទៅ ២លាន៤សែននាក់ហើយ៕