ភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poo’s (S&P) Global Ratings នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានរក្សាកម្រិត “bb” សម្រាប់ Stand-Alone Credit Profile (SACP) និង “B+/Stable/B” សម្រាប់ Credit Ratings សម្រាប់ធនាគារអេស៊ីលីដា។ នេះបើតាមសេចក្ដីជូនដំណឹងមួយរបស់ធនាគារអេស៊ីលីដា។
សេចក្ដីជូនដំណឹងដដែលនេះ បានគូសបញ្ជាក់ថា ចំណាត់ថ្នាក់ដែលអេស៊ីលីដាទទួលបាននេះ គឺផ្អែកទៅលើចំនុចសំខាន់ចំនួន២ រួមមាន៖
១, ស្ថានភាពធុរកិច្ចរឹងមាំ ស្ថិរភាពលំហូរប្រាក់ចំណូល និងមូលដ្ឋានប្រាក់បញ្ញើរឹងមាំ។
២, ការគ្រប់គ្រងគុណភាពទ្រព្យសកម្មបានល្អ។
កត្តាទាំងអស់នេះ បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃបណ្ដាញធុរកិច្ចរបស់ធនាគារអេស៊ីលីដា តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព។
របាយការណ៍ហិរញ្ញវត្ថុរបស់អេស៊ីលីដាបង្ហាញថា នៅរយៈពេល ៩ខែ ដំបូងនៅឆ្នាំ២០២១នេះដែរ ប្រាក់ចំណេញក្រោយបង់ពន្ធរួចរបស់ធនាគារអេស៊ីលីដាសម្រេចបានដល់ទៅប្រមាណ១២០លានដុល្លារអាមេរិក។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារអស៊ីលីដា ធ្លាប់បានលើកឡើងថា ការកើនឡើងនៃប្រាក់ចំណេញអេស៊ីលីដា គឺបន្ទាប់ពីសំពាធឥណទាន និងប្រាក់បញ្ញើ-សន្សំរបស់ធនាគារមានការកើនឡើង ក្រោយធនាគារបានអភិវឌ្ឍន៍ឥតឈប់ឈរលើប្រព័ន្ធឌីជីថល ក្នុងការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យ។
លោកស្រី គូសបញ្ជាក់បន្ថែមថា កត្តាដែលធ្វើឲ្យប្របត្តិការរបស់ធនាគារអេស៊ីលីនៅតែមានដំណើរការល្អ និងរឹងមាំទាំងកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ នេះ គឺបន្ទាប់ពីអេស៊ីលីដាបានអភិវឌ្ឍន៍ឥតឈប់ឈរលើប្រព័ន្ធឌីជីថលក្នុងការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យ។ ជាពិសេស គឺកម្មវិធីអេស៊ីលីដាម៉ូបាល ដែលអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការដោយខ្លួនឯង ដោយមិនចាំបាច់មកធនាគារផ្ទាល់។ មួយវិញទៀត នៅក្នុងអំឡុងវិបត្តិកូវីដ-១៩ តម្រូវការឥណទាន និងការដាក់ប្រាក់បញ្ញើសន្សំរបស់អតិថិជននៅតែមានកំណើនខ្ពស់ ដែលធ្វើឲ្យ អេស៊ីលីដា នៅតែអាចបន្តប្រតិបត្តិការបានយ៉ាងរឹងមាំ ជាមួយកំណើននៃប្រាក់ចំណេញ។
ទន្ទឹមនឹងនេះ លោកស្រី ម៉ារ អមរា ក៏បានបង្ហាញពីយុទ្ធសាស្ត្រ និងគោលដៅក្នុងការអភិវឌ្ឍន៍ និងពង្រីកផលិតផល និងសេវាកម្មផ្សេងៗរបស់អេស៊ីលីដាទៅថ្ងៃអនាគតផងដែរ ក្នុងនោះអេស៊ីលីដាប្តេជ្ញានឹងបង្កើនការផ្តល់ការប្រាក់កម្ចីថ្មីៗដល់សហគ្រាសធុនតូចនិងធម្យម ដើម្បីជួយជំរុញសកម្មភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ ក៏ដូចជាជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយរាជរដ្ឋាភិបាល ដែលសម្រេចបើកប្រទេសលើគ្រប់វិស័យឡើងវិញកាលពីពេលថ្មីៗ។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ប្រាក់បញ្ញើសរុបរបស់ធនាគារអេស៊ីលីដាកើនឡើងដល់ជាង ៩១៣លានដុល្លារ ឬស្មើជាង២០% ខណៈសមតុល្យឥណទានសរុបកើនឡើងដល់ជិត ៩រយលានដុល្លារ ឬស្មើជាង២១% បើធៀបនឹងត្រឹមខែកញ្ញា កាលពីឆ្នាំ២០២០។ ប៉ុន្តែបើធៀបនឹងដំណាច់ឆ្នាំ២០២០ ប្រាក់បញ្ញើសរុបកើនឡើងដល់ជាង ៨២៧លានដុល្លារ ខណៈសមតុល្យឥណទានសរុបកើនឡើងដល់ជាង ៥៣២លានដុល្លារ៕