ជាមហិច្ឆតារបស់ធនាគារអេស៊ីលីដានឹងពង្រីកសេវាបញ្ជាទិញតាមអនឡាញនេះឲ្យបានគ្រប់រាជធានីខេត្តទូទាំងប្រទេសកម្ពុជា។លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគាអេស៊ីលីដាបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា អេស៊ីលីដាអ៊ីសប ដែលជាសេវាកម្មបញ្ជាទិញទំនិញថ្មីរបស់ធនាគារអេស៊ីលីដា ទើបដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍ពីអតិថិជនជាហូរហែ។ ជាក់ស្តែង មកទល់បច្ចុប្បន្ន អេស៊ីលីដាអ៊ីសប ទទួលបានប្រតិបត្តិការជិត៣០០ប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ជិត ២ពាន់ដុល្លារអាមេរិក។ ដើម្បីផ្តល់ជម្រើសឲ្យកាន់តែសម្បូរបែបជូនអតិថិជន អេស៊ីលីដាអ៊ីសប កំពុងដំណើរការដាក់បញ្ចូលហាងទំនិញថ្មីៗជាច្រើនទៀត។
មន្ត្រីជាន់ខ្ពស់ធនាគារអេស៊ីលីដារូបនេះសង្កេតឃើញថា ក្នុងបរិបទនៃការរីករាលនៃជំងឺកូវីដ-១៩ និងស្ថិតនៅក្នុងយុគសម័យនៃការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាជាពិសេស គឺការរីកចម្រើននៃការប្រើប្រាស់ទូរស័ព្ទ Smartphone យើងសង្កេតឃើញថា និន្នាការនៃការទិញទំនិញតាមអនឡាញមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុងចំណោមយុវវ័យ។
ទន្ទឹមនឹងនេះ លោកស្រី ក៏បានលើកឡើងពីអត្ថប្រយោជន៍របស់ អេស៊ីលីដាអ៊ីសប ក្នុងការជួយសម្រួលកិច្ចការងារក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ និងអតិថិជនផងដែរ។ សម្រាប់លោកស្រី ម៉ារ អមរា ការទិញទំនិញតាមរយៈ អេស៊ីលីដាអ៊ីសបនេះ គឺមានភាពងាយស្រួល ចំណេញពេលវេលា និងមានមុខទំនិញសំបូរបែប បច្ចុប្បន្នហាងនេះមានមុខទំនិញច្រើនជាង១.២០០មុខ ហើយនឹងមានការកើនឡើងបន្ថែមទៀតនៅពេលអនាគត។ លើសពីនេះ អេស៊ីលីដាអ៊ីសប អាចទូទាត់បានតាមរយៈ គណនីធនាគារ គណនីវ៉លឡេត ប័ណ្ណឥណពន្ធ-ឥណទាន ដែលមានស្លាកសញ្ញានៃស្ថាប័ន VISA, MC, JCB, DCI និង UPI ផងដែរ។