បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា “ទោះបីជាមានផលប៉ះពាល់យ៉ាងខ្លាំងជាសកល ពីការរីករាលដាលនៃវីរុសកូវីដ-១៩យ៉ាងណាក៏ដោយ ក៏វិនិយោគិនប្រមាណ ២.៤៩៧នាក់ បានចូលរួមក្នុងដំណើរការបរិវិសកម្ម ដោយចំណាយពេលវេលាដ៏មានតម្លៃ និងថវិកា ដើម្បីវិនិយោគ នៅក្នុង ធនាគារ អេស៊ីលីដា ភីអិលស៊ី។»
បើតាមលោកបណ្ឌិត អុិន ចាន់នី ការចូលរួមយ៉ាងសកម្មនេះ ស្តែងចេញពីការជឿទុកចិត្តរបស់សាធារណជន ចំពោះលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ក៏ដូចជាការឈានមុខគេរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងវិស័យធនាគារនៅកម្ពុជា។
លោកបណ្ឌិត បានបន្ថែមថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោងនឹងចុះបញ្ជីភាគហ៊ុនជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅក្នុងខែឧសភា ឆ្នាំ២០២០។ បន្ទាប់ពីការចុះបញ្ជីនេះត្រូវបានបញ្ចប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជដំបូងគេ ដែលមានការជួញដូរភាគហ៊ុនជាសាធារណៈនៅកម្ពុជា។
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា ទោះបីជាស្ថិតនៅក្នុងកំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានលទ្ធផលល្អ។
លោក Han បានបញ្ជាក់ថា «ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណៈគ្រប់គ្រងធនាគារ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជម្រុញការចុះបញ្ជី ទៅតាមផែនការដែលបានគ្រោងទុក ហើយការប្តេជ្ញាចិត្តនេះហាក់ដូចជាការសម្រេចចិត្តដ៏ប្រយ័ត្នប្រយែងមួយ។ ក្នុងនាមជាក្រុមហ៊ុនធានាទិញមូលបត្រដែលដឹកនាំគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នឹងបន្តធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីជួយទាំងក្រុមហ៊ុនបោះផ្សាយ និងទាំងវិនិយោគិនយ៉ាងច្រើន ដែលបានចូលរួមក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនេះ ដោយផ្តោតលើការបង្កើនសន្ទនីយភាពដល់ភាគហ៊ុនរបស់ធនាគារនៅក្នុងទីផ្សារបន្ទាប់។»
លោក Han បន្ដទៀតថា «យើងខ្ញុំជឿជាក់ថា ការជួយក្រុមហ៊ុនបោះផ្សាយក្នុងការធ្វើការបោះផ្សាយភាគហ៊ុនបន្តបន្ទាប់មកទៀត និងការរៀបចំវិធីសាស្ត្រជួញដូរតាមការចរចានាពេលអនាគត នឹងជួយបង្កើនសន្ទនីយភាព និងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន មិនត្រឹមតែសម្រាប់ភាគហ៊ុនរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារមូលធននៅកម្ពុជាផងដែរ។»
សូមចុចលើ Link នេះ(https://www.acledabank.com.kh/kh/assets/pdf_zip/subscription-result.pdf) ដើម្បីស្វែងរកបញ្ជីឈ្មោះ វិនិយោគិនទទួលបានជោគជ័យ និងចំនួនភាគហ៊ុនដែលបានបែងចែក។