តម្លៃភាគហ៊ុន​អេស៊ីលីដា

ទីបំផុត! តម្លៃភាគហ៊ុនធនាគារអេស៊ីលីដា ត្រូវបានកំណត់យក ១៦.២០០រៀល ក្នុងមួយភាគហ៊ុន!


ក្រោយពីបានបិទបញ្ចប់ការបើកឲ្យមានការកំណត់តម្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារអេស៊ីលីដា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រួចមក នៅទីបំផុត តម្លៃភាគហ៊ុនចុងក្រោយ របស់ធនាគារនេះ ត្រូវបានកំណត់ និងអនុម័ត ដោយគណៈកម្មការមូលបត្រកម្ពុជា គឺមានតម្លៃ ១៦.២០០រៀល ក្នុងមួយភាគហ៊ុន ខណៈដែលតម្លៃ ដែលបានដាក់ឲ្យដេញថ្លៃ គឺមានចន្លោះពី ១៥.០០០ រៀល ទៅ ១៧.៤០០ រៀល។ នេះបើតាមសេចក្ដីជូនដំណឹងមួយរបស់ធនាគារអេស៊ីលីដា។
បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា

បើតាម​ការ​ប្រកាស​របស់ធនាគារ​អេស៊ីលីដា ការបើកឲ្យមាន​ការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) គឺមាន​វិនិយោគិន​ចូលរួម ចំនួន ២.១៨០ នាក់ ក្នុងនោះ មានវិនិយោគ​ក្នុងស្រុក​ចំនួន ៩៥,៥៥% និងវិនិយោគិន​បរទេសមានចំនួន ៤,៤៥%។ តម្រូវការចូលរួម​ដាក់​សំណើ​ទិញ និងកំណត់ថ្លៃ (ប៊ុកបៀលឌីង) គឺមានចំនួន​ច្រើន​គួរឲ្យកត់សម្គាល់ ដោយតម្រូវការ​សរុប​មាន​ចំនួន ៣ដង លើស​ចំនួនភាគហ៊ុន​ ដែលបាន​លៃ​បម្រុង​ទុក​ក្នុងដំណាក់កាល​ប៊ុកបៀលឌីងនេះ ដែលមាន​ជាង ៤លាន​ភាគហ៊ុន។

ធនាគារអេស៊ីលីដាបញ្ជាក់ទៀតថា «តម្លៃភាគហ៊ុន​ចុងក្រោយ ដែលបានកំណត់ ដោយអនុលោម​តាមនីតិវិធីស្ដីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម ដែលបាន​អនុម័ត​ដោយគណៈកម្មការមូលបត្រ​កម្ពុជា គឺមានតម្លៃ ១៦.២០០ រៀល​ក្នុងមួយភាគហ៊ុន»។

បើតាម​ការគូសបញ្ជាក់ ពីធនាគារអេស៊ីលីដា ដើម្បី​គោរព​តាមគោលការណ៍​ណែនាំ​របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹងការទប់ស្កាត់​ការរីករាលដាល​នៃមេរោគ Covid-19 ធនាគារអេស៊ីលីដា បានសម្រេច​បន្ថែម​រយៈពេល​នៃការធ្វើបរិវិសកម្ម និងបន្ថែម​នូវជម្រើស​ក្នុងការ​ដាក់សំណើ​ទិញ​តាមប្រព័ន្ធអនឡាញ ដើម្បីសុវត្ថិភាព និងភាពងាយស្រួល​របស់វិនិយោគិន​សាធារណៈ តាមរយៈ​ គេហទំព័រ​របស់ធនាគារ​អេស៊ីលីដាផ្ទាល់តែម្ដង www.acledabank.com.​kh ឬ www.acledasecurities.com.kh ។

សូមបញ្ជាក់ថា បើតាម​ផែនការ ធនាគារអេស៊ីលីដា គឺមាន​គម្រោង​នឹងបោះផ្សាយលក់ភាគហ៊ុន​ថ្មី ចំនួន ជាង៨,៧ លានហ៊ុន ខណៈដែលភាគហ៊ុន​ដែលមានស្រាប់ គឺមានជាង ១៣ លានភាគហ៊ុន។ បើមិនមាន​អ្វីប្រែប្រួលទេ ភាគហ៊ុន​អេស៊ីលីដា នឹង​អាច​បោះផ្សាយ​លក់ជាផ្លូវការ​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា នៅចុងខែ​មេសាខាងមុខនេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងផ្សារបន្លែបឹងតាមោក មិនទាន់ចេញរូបរាងផង ឥឡូវរាជរដ្ឋាភិបាលសម្រេចផ្ដល់ដីបឹងតាមោក ៧៥ហិកតាទៀត ដើម្បីធ្វើសួន និងឧទ្យានធម្មជាតិ

ព័ត៌មាន
ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយល់ព្រមផ្តល់ផ្ទៃដីបឹងតាមោក(បឹងកប់ស្រូវ)ទំហំ ៧៥ហិកតា ដែលស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធា…

កម្ពុជារកឃើញអ្នកឆ្លង Covid-19 ចំនួន ០៤ករណីបន្ថែមទៀតហើយ! ខណៈករណីឆ្លងសរុបកើនដល់៥១ ករណីហើយ!

ព័ត៌មាន
ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី ២០ ខែមីនានេះថា បានរកឃើញអ្នកឆ្លងមេរោគ Covid-19 ចំនួន ០៤ករណី បន្ថែមទៀត ខណៈដែលសរុបទាំងករណីចាស់ គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ