ធនធានមនុស្ស​ផ្នែកធនាគារ និងហិរញ្ញវត្ថុ​

វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញធនាគារ និងហិរញ្ញវត្ថុ តម្លៃ ៤០លានដុល្លារថ្មីមួយ ត្រៀមបើកទទួលសិស្សចូលរៀន ៧ពាន់នាក់ក្នុងមួយឆ្នាំ


ក្រោយពីចំណាយពេលសាងសង់អស់រយៈពេលជាង ២ឆ្នាំរួចមក វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលចំណាយទុនវិនិយោគសរុបជិត ៤០លានដុល្លារអាមេរិក បានសម្រេចការសាងសង់របស់ខ្លួនរួចរាល់ហើយ និងគ្រោងបើកទទួលសិស្សឲ្យចូលរៀនលើកដំបូង នៅខែក្រោយនេះ។ វត្តមានរបស់វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញធនាគារ និងហិរញ្ញវត្ថុនេះ ត្រូវបានគេមើលឃើញថា នឹងបង្កើនធនធានមនុស្សផ្នែកនេះ កាន់តែច្រើនឡើងថែមទៀត។
អគារ វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា នៅតាមបណ្ដោយផ្លូវ​មិត្តភាព​កម្ពុជា ហានូយ

លោកបណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា បានឲ្យ​ដឹងទៀត​ថា ដោយមើលឃើញ​ពីតម្រូវ​ការ​ធនធាន​មនុស្ស​ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនេះ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ​អេស៊ីលីដា​ គ្រោងនឹង​បើក​​ទទួល​សិស្ស​ឲ្យចូល​រៀន លើកដំបូង​​នៅខែ វិច្ឆិកា​ខាងមុខនេះ។

មានផ្ទៃដីជាង ៧ម៉ឺន ៥ពាន់ម៉ែត្រ​ការ៉េ វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដានេះ នឹង​អាច​ទទួល​និស្សិតចូល​រៀន ពី៦ ទៅ៧ពាន់​នាក់​ក្នុង​មួយឆ្នាំ។    

បើតាមការ​គូស​បញ្ជាក់ពី នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា ដដែលនេះ បានឲ្យ​ដឹងថា វិទ្យាស្ថាន​នេះ បានចាប់​ផ្ដើម​សាង​សង់​តាំង​ពីដើម ឆ្នាំ២០១៦ ដោយប្រើ​ប្រាស់​ក្រុមហ៊ុន​ជាង១០ ទាំងក្នុងស្រុក និងបរទេស​ដើម្បី​សាងសង់ឡើង។  

ស្របពេល​ដែល​មាន​ការបណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ទាក់ទង​នឹងជំនាញ​​ធនាគារ និងហិរញ្ញ​កាន់តែច្រើន​ឡើង​ វិស័យ​​ធនាគារ និងហិរញ្ញវត្ថុ​​នាពេលបច្ចុប្បន្ន​​ត្រូវ​បានអ្នក​ជំនាញ អះអាងថា កំពុង​វិវត្ត​​ទៅរក​​ប្រតិបត្តិការ​​បែប​ឌីជីថល កាន់តែ​ច្រើន​ឡើង ពោលគឺ រាល់​ប្រតិបត្តិការ​នានា របស់​អ្នក​ប្រើប្រាស់ គឺនឹង​ធ្វើជាមួយ​នឹង​​ម៉ាស៊ីន ច្រើនជាង​មក​ការិយាល័យ ឬស្នាក់ការ ធនាគារ ឬមីក្រូហិរញ្ញវត្ថុដោយផ្ទាល់ ដើម្បី​ប្រើប្រាស់​សេវាកម្ម​ជាមួយ​បុគ្គលិក។ ក្នុងន័យនេះ អាចនិយាយ​បានថា កម្លាំងពល​កម្ម​​ក្នុង​វិស័យនេះ អាច​នឹងមាន​កំណើន​ថមថយ​ចុះ ដោយសារ​តែការ​និយម​ប្រើ​បច្ចេកវិទ្យា។

ទោះយ៉ាងណា លោកបណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា បានះអាង​ថា ធនធាន​មនុស្ស​ផ្នែកធនាគារ ឬគណនេយ្យ​ហិរញ្ញវត្ថុ នៅតែ​មាន​តម្រូវការ​លើទីផ្សារ បើទោះ​បីជា​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ​​បច្ចុប្បន្ន ​បាននិង​កំពុង​វិវត្ត​រត់ទៅរក​ប្រតិបត្តិការ​តាមបែប​ឌីជីថល​ក៏ដោយ ព្រោះថា បច្ចុប្បន្ន​​កំណើន​អាជីវកម្ម និងក្រុមហ៊ុន​មានកាន់​តែច្រើន​ឡើង ដូច្នេះ ធនធាន​មនុស្ស​ដែលមាន​ជំនាញទាក់ទង​​នឹង​​ការរៀប​ចំបញ្ជី​ស្នាម គណនេយ្យ និងហិរញ្ញវត្ថុ គឺមិនអាច​ខ្វះបាន​ឡើយ ខណៈដែល​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏នៅតែ​ទាមទារ​ឲ្យមាន​មនុស្ស​ជំនាញ ដើម្បី​គ្រប់គ្រង​ដូចគ្នាដែរ។ 

នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា រូបនេះ បានបន្ថែម​ទៀតថា ទោះបីជា​​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ​នៅ​កម្ពុជា បាននិង​កំពុង​​វិវត្តខ្លួន ទៅរក​​ធនាគារ​ឌីជីថល ដែលមាន​ប្រតិបត្តិ​ការ​ច្រើន នៅលើបច្ចេក​វិទ្យា​ក៏ពិតមែន ប៉ុន្ដែ មិនមែន​មាន​ន័យថា អ្នកដែល​រៀនផ្នែក​ធនាគារ ឬ​គណនេយ្យ​ហិរញ្ញវត្ថុ លំបាករកការងារ​ធ្វើ​នោះទេ ព្រោះការងារ​​ទាក់ទង​នឹងផ្នែក​គណនេយ្យ​ និង​​ហិរញ្ញវត្ថុនេះ មានច្រើន​ណាស់​ នៅតាម​អាជីវកម្ម ឬក្រុម​ហ៊ុន​នានា ដែលកំពុង​​កកើត​ឡើងថ្មីៗ​ជារៀង​រាល់ថ្ងៃ មិនមែន​​មាន​តែ​នៅ​​ធនាគារ ឬមីក្រូហិរញ្ញវត្ថុ​នោះទេ។

លោក បញ្ជាក់ថា អ្នករៀន​ជំនាញ​គណនេយ្យ ឬធនាគារ មិនមែន​​ត្រូវតែ​ធ្វើការ​ឲ្យ​ធនាគារ ឬមីក្រូហិរញ្ញវត្ថុ​នោះទេ ពោល​គឺពួកគេ​​អាចស្វែង​រកឱកាស​ការងារ​​បាន​ទូលំទូលាយ ទាក់ទង​នឹង​ជំនាញនេះ ដូចជាអាចធ្វើ​ជា ​អ្នកគិត​​លុយ​​តាម​ហាងធំៗ អ្នក​រៀបចំ​បញ្ចី​ស្នាម​ហិរញ្ញវត្ថុ និងវិភាគ​របាយការណ៍​ហិរញ្ញវត្ថុ​ជាដើម។ល។ 

គួររំលេចដែរថា បើតាម​ការ​​អង្កេត​ផ្ទាល់​របស់​​ខេមបូណូមីស លើ​គេហទំព័រ​​​​ធំៗ​មួយ​ចំនួន ដែលបាន​ផ្សព្វផ្សាយ​​ពីឱកាស​​​​ការងារ​​​នៅកម្ពុជា នាពេល​បច្ចុប្បន្ន ឃើញថា ​​ឱកាស​ការងារ​ទាក់ទង​នឹង​ជំនាញ គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ គឺឈរ​ក្នុង​លំដាប់​ខ្ពស់​ជាងគេ​ ធៀប​នឹង​​ឱកាស​ការងារ​​​ក្នុង​ជំនាញ​ផ្សេងៗ​ទៀត។ ​

សូមជម្រាបថា បើតាម​អ្នកជំនាញ​ហិរញ្ញវត្ថុ​ធ្លាប់​បាន​លើក​ឡើងថា វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ កំពុង​ដើរ​ទៅរក​​ប្រតិបត្តិការ​តាមបែប​ឌីជីថល​កាន់តែ​ខ្លាំង​ឡើងៗ ខណៈ​ដែល​​ប៉ុន្មាន​ឆ្នាំខាង​មុខ​ទៀតនេះ ធនាគារ​ឌីជីថល​​នឹង​មាន​ចំនួន​កាន់តែ​ច្រើន​ផងដែរ ក្នុងន័យនេះ គឺការទូទាត់ និងប្រតិបត្តិការ​នានា​ក្នុងវិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ ​នឹងត្រូវ​ធ្វើឡើង​​តាម​បច្ចេក​វិទ្យា​​កាន់តែ​ច្រើន​ឡើង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់អភិវឌ្ឍន៍ ចង្កោមសហគ្រាសធុនតូច និងមធ្យម នឹងជួយជំរុញវិស័យផលិតកម្ពុជាកាន់តែខ្លាំងក្លា

ព័ត៌មាន
តំបន់ចង្កោមសហគ្រាស ធុនតូច និងមធ្យម (SME Cluster) ត្រូវបានវិស័យរដ្ឋ និងឯកជន អះអាងថា នឹងជួយកាត់បន្ថយថ្លៃដើមផលិតបានកាន់តែប្រសើរ និងការផ្…

ភ្លើងខៀវពីមហាយក្សចិន​និងអាមេរិក កំពុងធ្វើឲ្យវិស័យកសិកម្មកម្ពុជា មានសង្ឃឹមខ្ពស់ជាងមុន

ព័ត៌មាន
កម្ពុជាធ្លាប់ត្រូវបានដឹងថា ជាប្រទេសរស់ពឹងផ្នែកលើវិស័យកសិកម្ម ដែលមានប្រជាពលរដ្ឋជាង ៨០% ជាកសិករ ធ្វើស្រែចម្ការ។ ប៉ុន្ដែ គិតត្រឹម ៥ឆ្នាំចុងក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ