Advertisement
កសិកម្មកម្ពុជា​

ភ្លើងខៀវពីមហាយក្សចិន​និងអាមេរិក កំពុងធ្វើឲ្យវិស័យកសិកម្មកម្ពុជា មានសង្ឃឹមខ្ពស់ជាងមុន


កម្ពុជាធ្លាប់ត្រូវបានដឹងថា ជាប្រទេសរស់ពឹងផ្នែកលើវិស័យកសិកម្ម ដែលមានប្រជាពលរដ្ឋជាង ៨០% ជាកសិករ ធ្វើស្រែចម្ការ។ ប៉ុន្ដែ គិតត្រឹម ៥ឆ្នាំចុងក្រោយនេះ វិស័យកសិកម្ម ហាក់នូវរក្សាបានកំណើនតិចតួចបំផុត ខណៈដែលចំនួនអ្នកធ្វើកសិកម្មនៅកម្ពុជា នៅសល់តែជាង ៤០%ប៉ុណ្ណោះ គិតមកទល់បច្ចុប្បន្ន នេះបើតាមរបាយការណ៍ថ្មីមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទោះយ៉ាងណា នៅឆ្នាំនេះ វិស័យកសិកម្មហាក់មានក្ដីសង្ឃឹមរំពឹងខ្ពស់ជាងមុន ក្រោយពីមហាយក្សចិន និងអាមេរិក បាន និងកំពុងចោលភ្នែក ជ្រែកឱកាសវិនិយោគនៅក្នុងវិស័យនេះ។
ចិន អាមេរិក កំពុង​សម្លឹង​មើល​ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា។
ដោយ
Advertisement

បើយើង​ក្រឡេក​ទៅមើល​របាយការណ៍ ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹម​រយៈពេល​៥ឆ្នាំ (២០១៣-២០១៧) បានបង្ហាញថា កំណើន​នៅក្នុង​វិស័យ​កសិកម្ម មាន​ត្រឹមតែ ១% ប៉ុណ្ណោះ។ ប៉ុន្ដែ បើតាម​​ឯកឧត្តម​​ វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើន​វិស័យ​កសិកម្ម​ធ្លាក់ចុះ​នេះ គឺដោយ​សារ​តែ​កម្ពុជា បាននិង​កំពុង​ប្រែប្រួល​មូលដ្ឋាន​សេដ្ឋកិច្ច​របស់ខ្លួន ដោយវិវឌ្ឍ​មក​ជាប្រទេស​ពឹងផ្អែកខ្លាំង​លើវិស័យ​ឧស្សាហកម្ម​វិញម្ដង ហើយវា​ជានិន្នាការ​មួយរបស់​ប្រទេស​កំពុងអភិវឌ្ឍ មិនមែន​​មាន​តែ​កម្ពុជា​នោះទេ។

ទន្ទឹមនឹងនេះ ការវិនិយោគ​ក្នុងវិស័យ​កសិកម្ម​កម្ពុជា​នៅមួយ​រយៈចុង​ក្រោយនេះ ហាក់បាន​និង​កំពុង​បង្ហាញ​នូវភាពល្អ​ប្រសើរ​ជាងមុន ដោយសារតែ វិស័យនេះ ត្រូវបាន​វិនិយោគិន​​​ពី​ប្រទេស​ធំៗ​ដូចជា ចិន និអាមេរិក​ជាដើម ​កំពុង​​ចោលភ្នែក​កាន់តែ​មុតស្រួច​ ដើម្បីច្បាម​យក​ឱកាស​វិនិយោគ ពាណិជ្ជកម្ម​​នៅក្នុង​វិស័យ​កសិកម្ម​កម្ពុជា។ ​

ចិនក្ដោប​បានការ​វិនិយោគ​អ្វីខ្លះ ក្នុងវិស័យ​កសិកម្ម​កម្ពុជា?

ដូចដែលយើង​​បានដឹង​ហើយថា មួយរយៈ​ចុង​ក្រោយនេះ ដោយសារតែ​មាន​គោលនយោបាយ​​គាំទ្រ​លើលំហូរ​វិនិយោគ​ពីក្រៅ​ប្រទេស​​​របស់​រាជ​រដ្ឋាភិបាល គេសង្កេត​ឃើញថា ក្នុងចំណោម​វិនិយោគិន​បរទេស​ ​វិនិយោគិន​ចិន បានហូរ​ចូលមក​វិនិយោគ​​នៅកម្ពុជា​​យ៉ាង​គំហុក។ ក្នុងនោះ ក្រៅពី​វិស័យ​អចលនទ្រព្យ និងសំណង់ ដែលមាន​​សន្ទុះខ្លាំង​ក្លា​​​ពីការវិនិយោគ​របស់​ចិន វិស័យ​កសិកម្ម​ក៏ទទួល​លំហូរ​​វិនិយោគ​​​ច្រើន​គួរសម​ដែរ។​ តួយ៉ាង ក្នុង​វិស័យ​ស្រូវអង្ករ​​​ចិន​​បាន​បើកចំហរ​​ឱកាស​ទីផ្សារ ឲ្យកម្ពុជា​​អាច​នាំចេញ​អង្ករ​​ក្នុង​កូតា ៣០ម៉ឺន​តោន​ក្នុងមួយឆ្នាំ។ ទន្ទឹមគ្នានេះ គេសង្កេត​​ឃើញថា មានក្រុមហ៊ុនចិនជាច្រើន​​បាន​ចូល​មក​បង្កើត​ឃ្លាំងស្ដុក និងរោង​ម៉ាស៊ីកិន​ស្រូវ​​នៅកម្ពុជា ដើម្បីនាំចេញ​ទៅកាន់​ទីផ្សារ​ចិន​ផងដែរ។ 

ជុំវិញនឹងរឿងនេះ ក៏​​មាន​ឈ្មួញ​រកស៊ី​ស្រូវ​អង្ករ​ក្នុងស្រុកធ្លាប់​បាន​​ប្រាប់​ខេមបូណូមីស​ ដោយសុំមិន​បញ្ចេញឈ្មោះ​ថា ​ពួកគេ​ហាក់មាន​ការព្រួយ​បារម្ភ​ ត្បិតថា ចិន​ផ្ដល់​កូតា​​ឲ្យនាំចេញអង្ករ​​ទៅចិន ​៣០ម៉ឺន​តោន​មែន តែ​ចិនក៏បាន​មកជា​កញ្ចប់​រកស៊ី​​បង្កើត​រោងម៉ាស៊ីន​កិនស្រូវ និងក្រុមហ៊ុន​នាំចេញ​ដោយ​ខ្លួនឯង ដែលនេះ ត្រូវ​បាន​​ក្រុមហ៊ុន​នាំចេញ​​អង្ករក្នុង​ស្រុក​​​​អះអាងថា បាន​ប៉ះពាល់​​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក ហើយរដ្ឋ​គួរ​តែមាន​វិធានការ​នឹង​រឿង។

ដោយឡែក ក្រៅពី​ស្រូវអង្ករ​ កាលពីពេល​​កន្លងទៅ​នេះដែរ ក្រុមហ៊ុន​ចិន​​​ធំមួយឈ្មោះ Green Leader ក៏បាននិង​កំពុង​បោះទុន​វិនិយោគ​​សាងសង់​​រោងចក្រ​​កែច្នៃ​ដំឡូង​មីជា​ច្រើន​កន្លែង​នៅកម្ពុជា​ផងដែរ ហើយ​បើតាម​ការប្ដេជ្ញាចិត្ត​​របស់​ក្រុមហ៊ុនចិនហុងកុង​នេះ ត្រឹមរយៈពេល​៥ឆ្នាំ គ្រោង​នឹង​សាងសង់​ផលិត​​កែច្នៃដំឡូងមី ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​​ចិន ឲ្យបាន​​ដល់ ​២០​រោងចក្រ​​នៅទូទាំង​ប្រទេស​​កម្ពុជា ពិសេស​​នៅតាមតំបន់​​ដែល​មាន​សក្ដានុពល​​ដាំដុះ​ដំឡូង​មី ដូចជា ខេត្ត​ត្បូងឃ្មុំ​ ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ពោធិ៍សាត់ និង​មណ្ឌលគិរី ជាដើម។ 

ក្រៅពី​នេះ នាពេលថ្មីៗ​នេះ រដ្ឋាភិបាល​ចិន ក៏ទើប​តែ​បើក​ភ្លើងខៀវ​ឲ្យ​កម្ពុជា​​នាំចេញ​ចេកអំបូង​លឿង​ ៣០ម៉ឺនតោន​ក្នុង​មួយឆ្នាំ ទៅកាន់​ទីផ្សារ​ចិន​​ផងដែរ ខណៈដែល​បច្ចុប្បន្ន​​ដំនាំ​ចេកអំបូង​លឿង​នេះ កំពុងត្រូវបាន​​ឧកញ៉ា​ធំៗ​នៅកម្ពុជា បាន​និងកំពុង​​បោះទុន​វិនិយោគ​រាប់សិប​លាន​ដុល្លារអាមេរិក ងាកមក​ដាំដុះដំណាំ​ចេកនេះ​ភ្លូកទឹក​ភ្លូកដី ដោយសារតែ​មើលឃើញ​ពីទីផ្សារ​ធំនេះ។

បើតាម​លោក​​ឧកញ៉ា​ ផែ ហុក ឈួន ដែល​ជា​​​ប្រធាន​​​​ក្រុមប្រឹក្សា​​​ភិបាល​​​នៃ​​​ក្រុមហ៊ុន ឡង មេត អេហ្គ្រីខល​ឈ័រ បាន​មាន​​​ប្រសាសន៍​​ថា ក្រុមហ៊ុន​​រំពឹង​នឹង​​ប្រមូល​​ផល​ចេក​​នៅ​ដំណាច់​​ឆ្នាំ​នេះ ព្រមទាំង​ធ្វើការ​កែច្នៃ​វេច​ខ្ចប់​នាំ​ចេញ​នៅ​ខែ​មករា ដើម​ឆ្នាំ​២០១៩ ដែល​មាន​បរិមាណ​ប្រមាណ​ចំនួន ៣ ម៉ឺន​តោន​នៅ​ឆ្នាំ​ដំបូង ​២០១៩។​ 

អាមេរិកចាប់ផ្ដើមជ្រែកឱកាសវិនិយោគវិស័យកសិកម្ម​កម្ពុជា

មិនធ្លាប់​មាន​នោះទេ ដែលមាន​ក្រុមហ៊ុនធំៗ​របស់​អាមេរិក ចាប់​អារម្មណ៍​ ឬបង្ហាញ​ឆន្ទៈ​ក្នុងការ​វិនិយោគ​កសិកម្ម​​នៅ​កម្ពុជា ប៉ុន្ដែ កាលពី​ចុង​ខែកញ្ញា​កន្លង​ទៅនេះ មានក្រុមហ៊ុន​ពីសហរដ្ឋ​អាមេរិក​ធំៗ​ជាង​១០ រួមមាន ដូចជា Walmart, John Deere និង Cargill ផងនោះ បានមក​សិក្សា​ពីលទ្ធភាព​​ដើម្បី​ឈាន​ដល់ការវិនិយោគ ឬចាប់ដៃគូ​ជាមួយ​នឹងក្រុមហ៊ុន​ក្នុង​ស្រុក​នៅកម្ពុជា ដើម្បី​វិនិយោគ​លើវិស័យ​កសិកម្ម។

ជាការពិតណាស់ ក្រុមហ៊ុន​ពីសហរដ្ឋ​អាមេរិក​មាន​បច្ចេកវិទ្យា​ខ្ពស់ លើការ​ក្នុងការ​ដាំដុះ​ និង​កែច្នៃ​កសិកម្ម ដូច្នេះ ការបង្ហាញ​ពីឆន្ទៈ​របស់​ក្រុមហ៊ុន​ទាំងនោះ មកវិនិយោគ​នៅ​កម្ពុជា គឺជារឿង​​មួយ​ល្អ​​ណាស់ សម្រាប់អនាគត​​វិស័យ​កសិកម្ម​កម្ពុជា។

លោក William Heidt ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បានលើក​ឡើងថា ការដែល​រដ្ឋាភិបាល​អាមេរិក​បាននាំ​ក្រុមហ៊ុនធំៗ​របស់​ខ្លួនជាង​១០ ក្រុមហ៊ុន​ មកសិក្សា​ស្វែងយល់​ឱកាស​ធុរកិច្ច ក្នុងវិស័យកសិកម្ម​នៅកម្ពុជា​នេះ គឺធ្វើឡើង​ក្នុងពេល​វេលាដ៏​ត្រឹមត្រូវ​មួយ ដោយសារតែ​វិស័យ​កសិកម្ម​របស់​កម្ពុជាមាន​សមត្ថភាព​រឹងមាំ​គ្រប់គ្រាន់ ដើម្បី​ធ្វើជាដៃគូ​របស់​ក្រុមហ៊ុន​អាមេរិក ខណៈ​ក្រុមហ៊ុនធំៗ​របស់​អាមេរិក​ទាំងនោះ មានបទ​ពិសោធន៍​យូរឆ្នាំ​ក្នុងវិស័យ​កសិកម្ម ជាមួយ​នឹង​បច្ចេកទេស​ថ្មីៗ និងការប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើបៗ ដែលអាច​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅកម្ពុជា​ឲ្យកាន់​តែប្រសើរ​ឡើង។ 

ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា សម្តេច តេជោ ហ៊ុន សែន ក៏បាន​​ស្វាគមន៍​​ក្រុមហ៊ុន​អាមេរិក​ទាំងនោះ ហើយបានស្នើ​ឲ្យពួកគេ​​គិតគូរ​ពីលទ្ធភាព​​ក្នុង​ការ​ផលិត​​កែច្នៃ ផលិតផល​កសិកម្ម​របស់​កម្ពុជា ទៅជា​ផលិតផល​​សម្រេច ឬពាក់​កណ្ដាល​សម្រេច ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និងអាចធ្វើការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាមេរិក ក៏ដូចជា​ពិភពលោក​ផងដែរ។

យ៉ាងណា​ក៏ដោយចុះ បើតាម​អ្នកជំនាញ​កសិកម្ម​ធ្លាប់​អះអាងថា វិស័យ​កសិកម្ម កម្ពុជា នៅតែ​​មាន​​កត្តាប្រឈម​ជាច្រើន​ទៀត ដែលទាមទារ​ឲ្យរដ្ឋ​​លើក​ទឹកចិត្ត ទាក់ទង​​នឹង​បច្ចេក​ទេស ដើមទុន​ហិរញ្ញវត្ថុ ​ថ្លៃដើមផលិត​ដូចជា តម្លៃ​ថាមពល​អគ្គិសនី និងការ​ដឹក​ជញ្ជូន​ជាដើម។  

សូមជម្រាប​ដែរថា របាយ​ការណ៍​ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៧​កន្លង​ទៅនេះ វិស័យ​កសិកម្ម​ត្រូវបាន​ប៉ាន់​ប្រមាណថា មានកំណើន​ក្នុងរង្វង់​១,៦% ហើយ​នៅឆ្នាំ​២០១៨ និង២០១៩ វិស័យនេះ​​ត្រូវ​បាន​ព្យាករថា នឹងនៅតែ​បន្ត​សម្រេច​បាន​កំណើន​ដដែល ប៉ុន្ដែមាន​​ការលូត​លាស់​យឺត​ក្នុងរង្វង់​ប្រមាណ ១,៨% ដែល​គាំទ្រដោយ​អនុវិស័យ​មួយចំនួន​ដូចជា ដំណាំ ការចិញ្ចឹមសត្វ នេសាទ និងព្រៃឈើជាដើម៕

Advertisement
© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញធនាគារ និងហិរញ្ញវត្ថុ តម្លៃ ៤០លានដុល្លារថ្មីមួយ ត្រៀមបើកទទួលសិស្សចូលរៀន ៧ពាន់នាក់ក្នុងមួយឆ្នាំ

ព័ត៌មាន
ក្រោយពីចំណាយពេលសាងសង់អស់រយៈពេលជាង ២ឆ្នាំរួចមក វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលចំណាយទុនវិនិយោគសរុបជិត ៤០លានដុល្លារអាមេរិក បាន...

ផ្សារទំនើបអ៊ីអន ទី៣ នឹងសង់ក្នុងទីក្រុងរណប ING គ្រោងបើកទ្វារ នៅឆ្នាំ ២០២៣

ព័ត៌មាន
ផ្សារទំនើបអ៊ីអន ដែលត្រូវបានគេចាត់ទុកថា ជាផ្សារទំនើបខ្នាតយក្សនៅកម្ពុជានោះ បានប្រកាសនឹងសាងសង់គម្រោងផ្សារទំនើបសាខាទី៣ របស់ខ្លួន នៅក្នុងត...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ