បច្ចុប្បន្ន ក្រោមការសម្របសម្រួលពីធនាគារកណ្ដាលនៃប្រទេសកម្ពុជា និងថៃ ការទូទាត់តាមកូដ QR ឆ្លងដែន គឺអាចប្រតិបត្តិការបានតាមរយៈធនាគារជាដៃគូរចំនួន២ គឺធនាគារអេស៊ីលីដា ដែលជាធនាគារដ៏ធំមួយនៅកម្ពុជា និងធនាគារថៃ SCB។ កិច្ចសហការនេះ គឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល របស់ធនាគារអេស៊ីលីដា អាចធ្វើការទូទាត់ថ្លៃទំនិញនៅតាមហាងនានាក្នុងប្រទេសថៃ បានដោយងាយស្រួល ជាមួយការស្កែនកូដ QR ដែលមាននៅតាមហាងដែលជាដៃគូរបស់ធនាគារថៃ SCB។
យ៉ាងណាមិញ នៅក្នុងដំណើរទៅកាន់ប្រទេសថៃ កាលពីពេលថ្មីៗនេះ លោកជំទាវ ជាសេរី ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថត និងបង្ហោះវីដេអូមួយលើបណ្ដាញសង្គមហ្វេសប៊ុក អំពីការស្កែនទូទាត់តាមកូដ QR ជាមួយនឹងអេប អេស៊ីលីដាម៉ូបាល របស់ធនាគារអេស៊ីលីដា នៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសថៃ។
ជាមួយនឹងការបង្ហោះវីដេអូនោះ លោកជំទាវ ជា សេរី បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ក្នុងរូបនេះ ខ្ញុំកំពុងទូរទាត់គុយទាវទូក នៅហាងទំនើបមួយនៅប្រទេសថៃ ដោយស្កែន QR code អ្នកលក់តាមរយៈ mobile app របស់ធនាគារ ACLEDA របស់ខ្ញុំ ។ ទូរទាត់លឿន ងាយស្រួលជាងមុន។ សំខាន់ជំរុញការប្រើប្រាស់ប្រាក់រៀល ព្រោះទាល់តែមានកុងប្រាក់រៀលទើបចាយបាន...។»
លោកជំទាវ ជា សេរី បានគូសបញ្ជាក់ទៀតថា ការទូទាត់គឺធ្វើប្រតិបត្តិបានយ៉ាងងាយស្រួល ដោយមានកិច្ចសហប្រតិបត្តិការរវាងធនាគារខ្មែរ គឺអេស៊ីលីដា និងធនាគារថៃ SCB ជាមួយនឹងការគាំទ្រពីធនាគារកណ្ដាលនៃប្រទេសទាំងពីរ។ សម្រាប់ឥឡូវនេះ ការធ្វើការទូទាត់នៅក្នុងប្រទេសថៃ ជាមួយការប្រើប្រាស់ app អេស៊ីលីដាម៉ូបាល គឺអាចធ្វើទៅបានតែជាមួយពាណិជ្ជករដែលជាដៃគូរបស់ធនាគារ SCB តែប៉ុណ្ណោះ។ ក៏ប៉ុន្ដែ នៅឆាប់ៗនេះ លោកជំទាវ ជា សេរី រំពឹងថា នឹងមានការពង្រីកលទ្ធភាពបន្ថែមសម្រាប់អ្នកប្រើប្រាស់ការទូទាត់តាមកូដ QR របស់ប្រទេសទាំងពីរកាន់តែទូលំទូលាយថែមទៀតគឺការទូទាត់តាម THQR និង KHQR។
លោកជំទាវ ជា សេរី បន្ថែមថា ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានការប្រើប្រាស់ប្រាក់រៀលឲ្យបានកាន់តែច្រើន។ ដូច្នេះ លុះត្រាតែអ្នកប្រើប្រាស់ មានគណនីប្រាក់រៀល ទើបពួកគាត់ អាចប្រើវិធីការទូទាត់ឆ្លងព្រំដែននេះបាន។
អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ របស់ធនាគារអេស៊ីលីដា លោកស្រី សូរ ផនណារី បានគូសបញ្ជាក់ដែរថា ការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា មានសម្ទុះកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ក្នុងនោះដែរ សម្រាប់ធនាគារអេស៊ីលីដា ការធ្វើប្រតិបត្តិការសេវាធនាគារឌីជីថល ដល់ទៅជាង ១៤ពាន់លានប្រតិបត្តិការ កើនឡើង៤២% នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ ហើយចំនួនប្រតិបត្តិការនេះ គឺមានដល់ទៅ៩៥% បើធៀបនឹងប្រតិបត្តិការធនាគារឌីជីលដែលមាននៅពេញមួយឆ្នាំ២០២១កន្លងទៅ។
បើតាមថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដាដដែលនេះ បានគូសបញ្ជាក់ទៀតថា គិតមកទល់ពេលនេះ អ្នកដែលបានចុះឈ្មោះប្រើប្រាស់សេវាធនាគារចល័តរបស់អេស៊ីលីដា មានដល់ទៅ ២លាន៤សែននាក់ហើយ។
សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា គឺជាធនាគារខ្មែរដំបូងគេ ដែលត្រូវបានអនុញ្ញាតឲ្យមានការទូទាត់តាមប្រព័ន្ធកូដ QR ឆ្លងដែន ជាមួយនឹងធនាគារនៅក្នុងប្រទេសថៃ ដោយក្នុងនោះ ធនាគារអេស៊ីលីដា និងធនាគារថៃ SCB បានចាប់ដៃគ្នាសម្រេចដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់តាម QR ឆ្លងដែននេះ តាំងពីខែកុម្ភៈឆ្នាំ២០២០មកម្ល៉េះ៕