ជាមួយនឹងតម្រូវការប្រើប្រាស់កាន់តែច្រើន ធនាគារអេស៊ីលីដាដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេនៅកម្ពុជា បាននិងកំពុងបន្ដអភិវឌ្ឍលើវិស័យបច្ចេកវិទ្យធនាគារឌីជីថលកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ ថ្មីៗនេះ អេស៊ីលីម៉ូបាល ដែលកំពុងមានអ្នកប្រើប្រាស់ជិត៣លាននាក់ បានធ្វើបច្ចុប្បន្នភាព ផ្នែកភាសានៅលើកម្មវិធីរបស់ខ្លួន គឺការបន្ថែមនូវជម្រើសភាសាចិន បន្ថែមពីលើភាសាខ្មែរ អង់គ្លេស និងឡាវ ដែលកំពុងមានប្រើប្រាស់ស្រាប់។
ជាមួយនឹងការប្រើប្រាស់ អេស៊ីលីដាម៉ូបាល លោកអាចអាចធ្វើប្រតិបត្តិសេវាធនាគារបានជាច្រើន ដូចជាការទទួល-ផ្ទេរប្រាក់ បញ្ចូលកាតទូរស័ព្ទ បង់ថ្លៃទឹកថ្លៃភ្លើង ទូទាត់ថ្លៃទំនិញ និងសេវាកម្មនានា និងមុខាងជាច្រើនផ្សេងៗទៀតដែរ។
សូមជម្រាបថា នៅឆ្នាំ២០២២ អេស៊ីលីដាបានពង្រីកសេវាកម្មធនាគារស្វ័យប្រវត្តិនៅទូទាំងប្រទេសបានចំនួន១២៥ទីតាំងបន្ថែមលើសាខាធនាគារទាំង២៦៤សាខា ក្នុងនោះរាជធានីភ្នំពេញមាន៥១ទីតាំង និងតាមបណ្តាខេត្ត៧៤ទីតាំង។ បន្ថែមលើនេះ អេស៊ីលីដា បានបំពាក់ម៉ាស៊ីនអេធីអឹមបានចំនួន១.១៤០គ្រឿង ម៉ាស៊ីនឆូតកាតចំនួន៤.៣៥៨គ្រឿង និងឃ្យូអរកូដតាមសំណើសុំរបស់អតិថិជនសម្រាប់ធ្វើប្រតិបត្តិការផ្ទេរ និងទូទាត់នៅតាមបណ្តាផ្សារ ហាងទំនិញ សណ្ឋាគារ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ទីភ្នាក់ងារទេសចរណ៍ ស្ថានីយប្រេងឥន្ធនៈ និងអាជីវកម្មនានានៅទូទាំងប្រទេស ដែលគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ ធនាគារ មានដៃគូអាជីវកម្មសរុប២៤០ពាន់កន្លែង និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន២,៦១លាននាក់៕