នៅក្នុងនោះដែរ ប្រាក់ចំណូលរបស់ធនាគារអេស៊ីលីដា សម្រេចបានដល់ទៅជិត១៦០លានដុល្លារអាមេរិក កើនឡើងជាង៨%។
របាយការណ៍ពីផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា មូលហេតុដែលជំរុញឲ្យអេស៊ីលីដាសម្រេចបានកំណើននៅត្រីមាសទី១នេះ គឺភាគច្រើនបណ្ដាលមកពីការកើនឡើងនូវចំណូលការប្រាក់សុទ្ធជាង១២% ដែលស្មើនឹងប្រមាណជាង ១១លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី១នៅឆ្នាំ២០២០។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា «ដើម្បីចូលរួមគាំទ្រការរីកលូតលាស់អាជីវកម្មរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ចុះអត្រាការប្រាក់លើការស្នើសុំឥណទានថ្មីគ្រប់ប្រភេទ និងដោយកាន់តែមានភាពងាយស្រួល អតិថិជនទាំងអស់អាចដាក់សំណើសុំឥណទានតាមរយៈ អេស៊ីលីដាម៉ូបាល ធ្វើឲ្យសមតុល្យឥណទានដុលសរុបនៅត្រីមាសទី១ ឆ្នាំ២០២១ មានការកើនឡើងគួរឲ្យកត់សម្គាល់ »។
លោកស្រីបន្ថែមថា ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារនៅត្រីមាសទី១នេះមានចំនួនជាង ៤៤ លានដុល្លារអាមេរិក កើនឡើង ១០ លានដុល្លារអាមេរិក ឬស្មើនឹងជាង ២៩% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ដែលកំណើននេះ ភាគច្រើនមកពីការកើនឡើងនៃចំណូលការប្រាក់ចំនួន១១,៨១ លានដុល្លារអាមេរិក ឬជាង ៩% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។
អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារអេស៊ីលីដារូបនេះ បានលើកឡើងទៀតថា «នៅក្នុងបរិបទនៃលក្ខខណ្ឌសេដ្ឋកិច្ច ដែលបានរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍នៅកម្ពុជានៅត្រីមាសទី១ឆ្នាំ២០២១នេះ អាចជះឥទ្ធិពលដល់សមត្ថភាពសងត្រលប់មកវិញរបស់អតិថិជន ដែលគុណភាពឥណទានរបស់ធនាគារអាចរងផលប៉ះពាល់បន្តិចបន្តួច ដែលអនុបាតឥណទានមិនដំណើរការស្ថិតនៅកម្រិតគ្រប់គ្រងបាន ២,២៤% គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប្រាក់បញ្ញើសរុបរបស់ធនាគារអេស៊ីលីដា បានកើនឡើងចំនួន ជាង ៣៤៤ លានដុល្លារអាមេរិក ហើយសមតុល្យឥណទានសរុបបានកើនឡើងចំនួនជាង ២៦០ លានដុល្លារអាមេរិក បើធៀបនឹងដំណាច់ឆ្នាំ២០២០៕