លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្ដិប្រតិបត្ដិការមានប្រសាសន៍ថា ការពង្រីកប្រតិបត្តិការសាខាថ្មីនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អេស៊ីលីដា ក្នុងការនាំយកផលិតផល និងសេវាកម្មធនាគារប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាពខ្ពស់ ទៅដល់អតិថិជននិងសាធារណជននៅគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។
សាខាអេស៊ីលីដា ថ្មី ទី២៦៥នេះ មានទីតាំងនៅ ផ្លូវជាតិលេខ៥៥ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ស្រុកវាលវែង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្លាយជាទីប្រជុំជននិងតំបន់ទេសចរណ៍ធម្មជាតិដ៏មមាញឹកនិងពេញនិយមសម្រាប់ទាំងភ្ញៀវជាតិ ទាំងអន្តរជាតិ ។
វត្តមានរបស់ អេស៊ីលីដា នឹងជួយជំរុញកំណើនសេដ្ឋកិច្ចសហគមន៍និងអាជីវកម្មតូចធំ នៅទីនោះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការបំពេញតម្រូវការសេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទ រួមទាំង សេវាធនាគារឌីជីថល ដែលបម្រើជូន ២៤ម៉ោង លើ២៤ម៉ោង ។
គួរកត់សម្គាល់ថា ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួន៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។
គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,០៨ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៦១លាននាក់ ។
ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ៤៧៣ ពាន់ដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សរុបចំនួន ៤លាន ៤២ពាន់នាក់ ៕