លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលី ភីអិលស៊ី មានប្រសាសន៍ថា ធនាគារអេស៊ិលីដា គឺជាធនាគារមួយក្នុងចំណោមធនាគារ ៤ឬ៥ផ្សេងទៀត ដែលអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជ្រើសរើសធ្វើជាដៃគូ ក្នុងការបំរើសេវាបង់ពន្ធផ្សេងៗ ដោយពលរដ្ឋអាចបង់ពន្ធចលនទ្រព្យនិងអចលនទ្រព្យបាននៅគ្រប់បញ្ជររបស់ធនាគារអេស៊ីលីដា។
លោកបណ្ឌិត អ៊ិន ចាន់នី បានបន្តថា ពលរដ្ឋក៏បានប្រើប្រាស់អេស៊ីលីដាយូនីធីទាន់ចិត្ត ក្នុងការជួយកាត់បន្ថយការចំណាយពេលវេលា ដោយអាចបង់នៅទីណាក៏បានហើយមិនពិបាកក្នុងការកាន់សាច់ប្រាក់សុទ្ធមកកាន់ធនាគារនោះទេ ព្រោះថាការបង់ពន្ធត្រូវធ្វើឡើងជាប្រាក់រៀល។ ក្រៅពីនេះ អេស៊ីលីដាក៏បានផ្តល់ភាពងាយស្រួលក្នុងការបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាដើម ដែលត្រូវធ្វើការបើកប្រាក់បៀវត្សរ៍ ២ដងក្នុង១ខែ។
ក្រៅពីជួយសម្រួលបានច្រើនក្នុងវិស័យរដ្ឋហើយ អេស៊ីលីដា ក៏បានសម្រួលដល់ការបើកប្រាក់បៀវត្សរ៍របស់កម្មករកម្មការិនីនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ ដោយបានចុះអនុស្សារណៈជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា ដែលមានរោងចក្រប្រមាណជាង ៦០០ រោងចក្រ។ តែមុននឹងធ្វើការចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគម ធនាគារនេះក៏បានធ្វើការងារលើការបើកប្រាក់បៀវត្សរ៍ជាមួយរោងចក្រប្រមាណជាង២៥០រោងចក្ររួចមកហើយដែរ។
ប្រធាននាយកប្រតិបត្តិធនាគាររូបនេះបានបន្ថែមថា កាលពីមុនត្រូវចំណាយពេលរហូតដល់មួយម៉ោងដើម្បីបញ្ជូលទិន្នន័យនៅក្នុងគណនីនីមួយៗ តែបច្ចុប្បន្ននេះមានការផ្លាស់ប្តូរច្រើន គឺលឿនជាងមុន ដែលចំណាយពេលតែ៥ទៅ៦នាទី អាចដំណើរការទិន្នន័យនៅក្នុងគណនីដល់ទៅ ៣០ម៉ឺនគណនីឯណោះ ដោយសារតែការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប។
បើទោះបីជាអេស៊ីលីដា
បានចាប់ផ្តើមប្រែក្លាយធនាគាររបស់ខ្លួនឲ្យទៅធនាគារឌីជីថលក៏ដោយ ក៏ថ្នាក់ដឹកនាំធនាគារនេះ មិនមានគម្រោងកាត់បន្ថយបុគ្គលិករបស់ខ្លួនដែរ
គឺមានតែបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់ធនធានមនុស្សដែលស្រាប់ឲ្យចេះគ្រប់គ្រងលើប្រព័ន្ធបច្ចេកវិទ្យាទាំងនោះ។
ទាំងនេះគឺជាអ្វីដែលអេស៊ីដាបានរួមចំណែកជាមួយនឹងវិស័យសាធារណៈ និងវិស័យឯកជន៕