កញ្ចប់ជំនួយទីមួយមានតម្លៃ ៣លាន៧សែនដុល្លារ ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាសហគមន៍ចំនួន ៤ពាន់នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍សម្រាប់ការងើបឡើងវិញ ពីកូវីដ១៩ ដែលវាគ្របដណ្តប់តំបន់ក្បែរប្រាសាទបេតិកភណ្ឌព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទ ភ្នំដាក្នុងខេត្តតាកែវ។
កញ្ចប់ជំនួយមួយទៀតមានតម្លៃជិត៤លានដុល្លារ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចជាង ២ពាន់២រយនាក់។ វាជាការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវ ដែលធន់នឹងអាកាសធាតុនៅក្នុង ខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។
លោក Anthony Gill នាយកស្តីទី ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជាបានមាន ប្រសាសន៍ថា “កញ្ចប់ជំនួយទីមួយនឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសេវាកម្ម អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ ។ កញ្ចប់ជំនួយទីពីរ នឹង ជួយកសិករដំណាំស្រូវនៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុតាមរយៈការដោះ ស្រាយបញ្ហារំខានផ្នែកដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ១៩។”
ទន្ទឹមនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។
អត្ថបទ សោម ស្រីពេជ្រ