លោក David Freedman សេដ្ឋវិទូប្រចាំប្រទេសរបស់ធនាគារ ADB បានលើឡើងថា នៅក្នុងខែធ្នូនេះថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្នុងរង្វង់ -៤% នៅក្នុងឆ្នាំ២០២០នេះ ហើយកំណើននឹងស្ទុះងើបឡើងវិញនៅឆ្នាំ២០២១ ក្នុងអត្រា ៥,៤%។
សេដ្ឋវិទូប្រចាំប្រទេសរបស់ធនាគារ ADB រូបនេះ បានបន្ថែមទៀតថា កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះ ជាគន្លឹះនៃកំណើននាពេលអនាគត ពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម។
ជុំវិញទៅនឹងការព្យាករសេដ្ឋកិច្ចរបស់កម្ពុជានេះដែរ បើតាមលោក ច័ន្ទ សុផល អ្នកសេដ្ឋកិច្ចឯករាជ្យ និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ធ្លាប់បានលើកឡើងនាពេលថ្មីៗនេះដែរថា សម្រាប់ឆ្នាំ២០២១ សេដ្ឋកិច្ចរបស់កម្ពុជាទំនងជាមិនអាចងើបឡើងបានល្អគួរឲ្យកត់សម្គាល់នោះទេ ដោយសារតែវិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងមិនអាចវិលមករកភាពល្អប្រសើរវិញនោះឡើយ ដ្បិតថា នៅរដូវរងារនេះ នៅតំបន់អឺរ៉ុប និងអាមេរិក នៅតែបន្ដមានករណីឆ្លងកូវីដ-១៩ ហើយបើទោះបីជា មានព័ត៌មានពីការរកឃើញវ៉ាក់សាំងក៏ដោយ ក៏មនុស្សភាគច្រើនមិនទាន់អាចមានលទ្ធភាពទទួលបានវ៉ាក់សាំងនោះនៅឡើយទេ ហើយពួកគេអាចនៅតែមានភាពភ័យខ្លាចក្នុងការចេញធ្វើដំណើរកម្សាន្ដ ខណៈការរឹតត្បិតការធ្វើដំណើរឆ្លងប្រទេសនីមួយៗក៏អាចនឹងនៅតែបន្ដមានផងដែរ។
បើយោងតាមខ្លឹមសារសង្ខេប ស្ដីពីសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងដែរថា នៅឆ្នាំ២០២១ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានគ្រោងថវិកាប្រមាណជិត ៧០០ លានដុល្លារអាមេរិក សម្រាប់បន្ដត្រៀមអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ពីជំងឺកូវីដ-១៩ សម្រាប់ការសង្គ្រោះដល់ជនក្រីក្រងាយរងគ្រោះ កម្មករនិយោជិតដែលត្រូវបានព្យួរការងារ ដ៏ដូចជាគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យមផងដែរ។
អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា ចំនួនថវិកាសម្រាប់អន្តរាគមន៍ផលប៉ះពាល់ពីកូវីដ-១៩ ជិត ៧០០ លានដុល្លារនេះ អាចនិយាយបានថា ជាចំនួនច្រើនគួរសមហើយ បើធៀបនឹងចំនួនថវិកាជាតិ ដែលប្រមូលបាន ដោយសារតែចំណូលពន្ធនៅឆ្នាំក្រោយនេះ ទំនងជាមិនអាចរកបានច្រើនដូចមុនៗនោះទេ ដោយសារតែអាជីវកម្មជាច្រើនបាននិងកំពុងបន្តរងផលប៉ះពាល់ដោយសារតែកូវីដ-១៩។
បើយើងក្រឡេងទៅមើលការព្យាករសេដ្ឋកិច្ចនៅក្នុងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ានវិញ ឃើញថា នៅឆ្នាំ២០២០នេះ ប្រទេសអាស៊ានដែលមានសេដ្ឋកិច្ចដាំក្បាលចុះខ្លាំងជាងបំផុត គឺប្រទេសហ្វីលីពីន ដែលត្រូវបាន ADB ព្យាករថា នឹងមានសេដ្ឋកិច្ចធ្លាក់ចុះ -៨,៥% បន្ទាប់មកគឺប្រទេសថៃ មាន -៧,៨% សិង្ហបុរី -៦,២% និងម៉ាឡេស៊ីមាន -៦%.។ ដោយឡែក ប្រទេសវៀតណាមឯណោះ វិញ ត្រូវបានព្យាករនឹងមានកំណើនសេដ្ឋកិច្ច ២,៣% នៅឆ្នាំ២០២០នេះ ហើយនឹងហក់កើនដល់ ៦,១% នៅឆ្នាំ២០២១៕