លោកស្រី ជេយុតសាណា វ៉ាម៉ា (Jyotsana Varma) នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB បានបញ្ជាក់ថា ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ២០២២ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook) ឬ ហៅកាត់ថា (ADO) ខែមេសា ឆ្នាំ២០២៣ បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងកើនឡើង ៧,៣% ក្នុងឆ្នាំ ២០២៣ មុនពេលថយបន្តិចមកត្រឹម ៦,៨% នៅឆ្នាំ ២០២៤។ សម្ពាធអតិផរណាត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣,0% ក្នុងឆ្នាំ ២០២៣ និង ៤,0% នៅឆ្នាំ ២០២៤។
សម្រាប់កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរវិញត្រូវបានព្យាករថា នឹងធ្លាក់ចុះ ដោយសារតែតម្រូវការខាងក្រៅខ្សោយនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីកំណែទម្រង់ គោលនយោបាយរួមទាំងច្បាប់វិនិយោគឆ្នាំ ២០២១ ដែលបានបង្កើតសេវាកម្មច្រកចេញចូលតែមួយ សម្រាប់អ្នកវិនិយោគ និងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។
ផលិតផលឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៥,៨% ក្នុងឆ្នាំ ២០២៣ មុននឹងហក់ដល់ ៧,៨% នៅឆ្នាំ ២០២៤។ របាយការណ៍ដដែលគូសបញ្ជាក់បន្ថែមថា កំណើនវិស័យសំណង់ត្រូវបានរំពឹងថា នឹងនៅតែយឺត។ រីឯ វិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង ១,១% នៅឆ្នាំនេះ និង ១,២% ក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយទិន្នផលដំណាំសម្រាប់ការនាំចេញ។
ទោះយ៉ាងណា លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB បានបន្ថែមថា«ហានិភ័យដែលអាចធ្វើឱ្យប្រែប្រួលទស្សនវិស័យនេះរួមមានកំណើនខ្សោយនៅសហរដ្ឋអាមេរិក និងអឺរ៉ុប កម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ និងការវិនិយោគផ្ទាល់ពីបរទេសពីសាធារណៈរដ្ឋប្រជាមានិតចិន, តម្លៃថាមពលខ្ពស់ និងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ ដែលប៉ះពាល់ដល់ផលិតភាពកសិកម្ម។»