ត្រូវបានស្រង់សម្ដីដោយទូរទស្សន៍ជាតិកម្ពុជា លោក Winfried F. Wicklein អគ្គនាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយនឹងឯកឧត្តមវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ២៧ ខែតុលាថា ធនាគារADB នឹងផ្ដល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់សរុបដល់ទៅ ១០០ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុក្នុងតំបន់សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០ ហើយស្របតាមទិសដៅនេះធនាគារ ADB នឹងបន្ដផ្ដល់ការគាំទ្របន្ថែមដល់កម្ពុជា ។ បន្ថែមពីនេះ លោក Winfried ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តភាព ជាដៃគូឆ្នាំ២០២៤-២០២៨។
នៅក្នុងជំនួបនោះ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងដែរថា ធនាគារ ADB គឺជាដៃគូដ៏សំខាន់ និងជាទីទុកចិត្ត ហើយជាដៃគូអភិវឌ្ឍន៍ធំបំផុតទី២របស់កម្ពុជា និងស្ថិតនៅលំដាប់ទី១ ប្រសិនបើគិតជាស្ថាប័នហិរញ្ញវត្ថុពហុភាគី ដែលបានផ្ដល់ជំនួយហិរញ្ញប្បទានមកកាន់កម្ពុជា។
ឯកឧត្តម វង្សី វិស្សុត ក៏បានថ្លែងអំណរគុណជាពីសេសផងដែរ ដល់ ADB ដែលបានបែងចែកកញ្ចប់ថវិកាបន្ថែមប្រមាណ ៤០០លានដុល្លារថ្មីទៀត ពិលើកញ្ចប់ហិរញ្ញប្បទានចំនួន ៤៨០លានដុល្លារសម្រាប់ឆ្នាំ២០២៣-២០២៤ ហើយភាគីទាំងពីរ នឹងពិភាក្សាលើបញ្ជីកម្មវិធី/គម្រោង តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយក្នុងពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២, ADB បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការ ដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ ចំនួន ១៨៩ ដែលមានទឹកប្រាក់សរុបប្រមាណ ៤ពាន់៤រយលានដុល្លារ អាមេរិក ដែល ក្នុង នោះ (១).ឥណទានសម្បទានប្រមាណជិត៤ពាន់លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥២៣ លានដុល្លារអាមេរិក។ ហិរញ្ញប្បទានសហប្រតិបត្តិការទាំងនេះ បានប្រើប្រាស់សម្រាប់ធ្វើការវិនិយោគទៅលើវិស័យអាទិភាព ចាំបាច់ នានា ដូចជា៖ វិស័យកសិកម្ម និងធនធានធម្មជាតិ, ទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធក្រុង, គមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម និងពាណិជ្ជកម្ម, ហិរញ្ញវត្ថុ, ការគ្រប់គ្រងសាធារណៈ, អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងសុខាភិបាល ព្រមទាំងវិស័យថាមពល និងពហុវិស័យ៕