វិស័យបរធនបាលកិច្ច

ទំហំប្រតិបត្តិការក្នុងវិស័យបរធនបាលកិច្ចកើនដល់៤០០លានដុល្លារនៅឆ្នាំ២០២២


វិស័យបរធនបាលកិច្ច បានបន្តរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីមានការចូលរួមជាបន្តបន្ទាប់ពីវិស័យឯកជន ខណៈវិស័យនេះ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យពាណិជ្ជកម្ម សង្គម និងសេដ្ឋកិច្ច នៅកម្ពុជា ជាពិសេសការចូលរួមរបស់ភាគីពាក់ព័ន្ធ ។ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា ទំហំបរធនបាលកិច្ចដែលធ្វើប្រតិបត្តិការ នៅឆ្នាំ២០២២នេះ បានកើនឡើងរហូតជាង ៤០០លានដុល្លារអាមេរិក ហើយបើធៀបនឹងកាលពីមុនមានត្រឹមតែជាង ១៥០លានដុល្លារប៉ុណ្ណោះ។
ទំហំប្រតិបត្តិការក្នុងវិស័យបរធនបាលកិច្ចកើនដល់៤០០លានដុល្លារនៅឆ្នាំ២០២២

ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងបរធនបាលកិច្ច ជាមួយក្រុមហ៊ុន Phnom Penh Fintech Investment នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយក​នៃនិយ័តករ​បរធនបាលកិច្ច បានគូសបញ្ជាក់ថា បើនិយាយពី«បរធនបាលកិច្ច» វិស័យនេះ ហាក់នៅតែជាវិស័យថ្មីមួយ​សម្រាប់ប្រជាជនកម្ពុជា ព្រោះតែការយល់ដឹងរបស់​សាធារណៈជនលើវិស័យនេះ ហាក់នៅកម្រិតនៅឡើយ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ថ្នាក់ដឹកនាំបរធនបាលកិច្ច ក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយម​ចំពោះវិស័យនេះ ក្រោយសង្កេតឃើញពីការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធ​ ជាពិសេសការចូលរួមរបស់វិស័យឯកជន ដែលធ្វើឲ្យវិស័យថ្មីមួយនេះ អាចពង្រីកសក្ដានុពលរបស់ខ្លួន និងភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ បើតាមឯកឧត្តម សុខ ដារ៉ា បច្ចុប្បន្ន បរធនបាលកិច្ច បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយភាគីពាក់ព័ន្ធចំនួន១០ហើយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ច នៅកម្ពុជា។

បើតាមឯកឧត្តម សុខ ដារ៉ា ទាំងករណីនៃការចុះបញ្ជី និងទំហំប្រតិបត្តិការ នៅក្នុងបរធនបាលកិច្ច សុទ្ធតែមានកំណើនគួរឲ្យកត់សម្គាល់ ដោយលោកបានបញ្ជាក់ថា កាលពីមុនករណីនៃការចុះបញ្ជីក្នុងបរធនបាលកិច្ច មានត្រឹមតែ ១៧ករណី ប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២២នេះ មានរហូត ២៦៩ករណី។ ដោយឡែក ទំហំប្រតិបត្តិការ នៅក្នុងបរធនបាលកិច្ចវិញ បានកើនឡើងរហូតជាង ៤០៦លានដុល្លារ ​នៅឆ្នាំ២០២២ ខណៈកាលពីមុនមានត្រឹម ១៥៦លានដុល្លារ តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ បរធនបាលកិច្ច បានបង្ហាញក្ដីរំពឹងថា ទាំងករណីចុះបញ្ជី និងទំហំប្រតិបត្តិការ ក្នុងវិស័យនេះ នឹងបន្តកើនឡើងបន្ថែមទៀត នៅចុងឆ្នាំ២០២២នេះ។

បើតាម ឯកឧត្តម សុខ ដារ៉ា ក៏បានសង្កត់ធ្ងន់ថា «បរធនបាលកិច្ច» គឺជាសេវាមិនមែនធនាគារមួយ ដែលជួយជំរុញក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ ហើយបរធនបាលកិច្ច ក៏មានសារៈសំខាន់ណាស់ដែរ នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ កម្ពុជា។ ដើម្បីបន្តអភិវឌ្ឍន៍វិស័យនេះ ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ឯកឧត្តម សុខ ដារ៉ា បានគូសបញ្ជាក់ថា បរធនបាលកិច្ច បានដាក់ចេញនូវផែនការមួយចំនួនសម្រាប់ឆ្នាំ២០២៣។ ក្នុងនោះ បរធនបាលកិច្ច នៅតែបន្តផ្ដោតលើការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ បន្តផ្ដោតសំខាន់លើផ្នែកទីផ្សារ និងនវានុវត្តន៍បច្ចេកទេស ក៏ដូចជា បន្តពង្រឹងកិច្ចសហប្រតិបត្តិកា ឲ្យកាន់តែប្រសើរថែមទៀត។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម សុខ ដារ៉ា។

សូមបញ្ជាក់ថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ និងមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ ដោយឡែក បរធនបាលកិច្ច ដែលបានបញ្ជីនៅនិយ័តករបរធនបាលកិច្ច នៅកម្ពុជានាពេលបច្ចុប្បន្ន មាន៤​ប្រភេទ។ ក្នុងនោះមាន បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Meta ដាក់ដំណើរការផតថលភាសាខ្មែរដើម្បីជួយទប់ស្កាត់ និងលុបបំបាត់ការចែករំលែករូបស្រើបស្រាលដោយគ្មានការយល់ព្រមនៅលើអ៊ីនធើណិត

គេហទំព័រមួយដែលមានគោលដៅទប់ស្កាត់ និងលុបបំបាត់ការចែករំលែករូបភាពស្រើបស្រាលដោយគ្មានការយល់ព្រម ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់ជាភាសាខ្មែរ…

ទីក្រុងនានារបស់ចិនផ្តើមបន្ធូរបន្ថយការទប់ស្កាត់ជំងឺកូវីដ១៩វិញហើយ ខណៈអាជ្ញាធរថាស្ថានការណ៍កូវីដ១៩កំពុងផ្លាស់ប្ដូរ

ទីក្រុងធំៗចំនួនពីររបស់ប្រទេសចិនចាប់ពីថ្ងៃព្រហស្បតិ៍ទី ០១ ខែធ្នូមក បានផ្តើមបន្ធូរបន្ថយវិធានការគ្រប់គ្រងមេរោគឆ្លងកូវីដ១៩វិញហើយ ពិសេសគឺនៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ