ក្រុមហ៊ុន Meta

ក្រុមហ៊ុន Meta ដាក់ដំណើរការផតថលភាសាខ្មែរដើម្បីជួយទប់ស្កាត់ និងលុបបំបាត់ការចែករំលែករូបស្រើបស្រាលដោយគ្មានការយល់ព្រមនៅលើអ៊ីនធើណិត


គេហទំព័រមួយដែលមានគោលដៅទប់ស្កាត់ និងលុបបំបាត់ការចែករំលែករូបភាពស្រើបស្រាលដោយគ្មានការយល់ព្រម ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់ជាភាសាខ្មែរដោយក្រុមហ៊ុន Meta ដោយមានការគាំទ្រពីអង្គការសេរីភាពកម្ពុជាអូស្ត្រាលី (AusCam Freedom Project)។
ក្រុមហ៊ុន Meta ដាក់ដំណើរការផតថលភាសាខ្មែរដើម្បីជួយទប់ស្កាត់ និងលុបបំបាត់ការចែករំលែករូបស្រើបស្រាល

គេហទំព័រ​នេះគឺជាគេហទំព័រ​បណ្តាញ​ជំនួយសម្រាប់​ករណី​សងសឹកដោយបង្ហោះរូបអាសអាភាស​ (Revenge Porn Helpline) ​ក្នុង​ស្រុក​ដែល​​​ទទួល​បាន​ការ​​គាំទ្រ​​ពី​​អង្គការ​សប្បុរសធម៌មិន​ស្វែងរក​ប្រាក់​ចំណេញ SWGfL ក្នុង​នាម​ឱ្យ​មជ្ឈមណ្ឌលសុវត្ថិភាព​អ៊ីនធឺណិត​ចក្រភព​អង់គ្លេស (UK Safer Internet Centre) ដែលជាអង្គការ​​ធ្វើ​កិច្ចការ​ខាង​ផ្នែក​​​សុវត្ថិភាពអនឡាញ​ក្នុង​រយៈពេល​ ២​ ទសវត្សរ៍​ចុងក្រោយ​នេះ​តាមរយៈ​ការ​ផ្តល់​បទបង្ហាញ និងការបណ្តុះបណ្តាល​ដល់​ភាគីពាក់​ព័ន្ធជាច្រើន​ទាំងនៅ​ថ្នាក់ជាតិ និងអន្តរជាតិ។

ភ្លែតហ្វមនេះ​មានឈ្មោះថា​ StopNCII.org និងជា​គំនិត​ផ្តួចផ្តើមសកល​ដំបូង​គេនៅ​ក្នុង​ផ្នែក​​នេះ ដើម្បី​ជួយ​ឱ្យ​មាន​​សុវត្ថិភាព និង​​សន្តិសុខសម្រាប់​ប្រជាជន​ដែលព្រួយ​បារម្ភថា រូបភាព​ស្រើប​ស្រាល​របស់​ពួកគេ (រូបថត ឬវីដេអូ​​ដែលមានរូប​អាក្រាតកាយ ឬ​មានលក្ខណៈ​ផ្លូវភេទ) អាច​ត្រូវ​បាន​ចែករំលែក​ដោយ​គ្មាន​ការយល់​ព្រម​​ពី​ពួកគេ​ផ្ទាល់។

តំណាង​មកពី​ស្ថាប័នរដ្ឋាភិបាលដែល​ពាក់​​ព័ន្ធ អង្គការមិនមែន​រដ្ឋាភិបាល និង​ស្ថាន​ទូតនានា បានអញ្ជើញ​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ Hyatt Regency ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​​ដំណើរការ​ផតថល StopNCII.org ជាភាសាខ្មែរនេះ។

លោក ហេង ភក្តី អ្នក​​គ្រប់គ្រង​គោលនយោបាយ​សាធារណៈ​នៃ​ក្រុមហ៊ុន Meta ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា៖ «ការចែក​រំលែក​រូបភាព​ស្រើបស្រាល​ដោយ​​គ្មាន​​ការ​យល់ព្រម​ (NCII) ដែល​ជួនកាល​​ហៅថា​ “ការសងសឹកដោយបង្ហោះរូបអាសអាភាស” អាច​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​មនុស្ស។ ក្រុមហ៊ុន Meta មិន​អនុញ្ញាតឱ្យ​មាន​មាតិកាបែប​នេះ​​នៅលើ​កម្មវិធី (Apps) របស់​យើង​ទេ។ ថ្ងៃនេះ​នៅក្នុង​ប្រទេស​កម្ពុជា យើង​កំពុង​ដាក់​​ដំណើរការ​​ផតថល​ជា​ភាសាខ្មែរ ក្នុង​គោលបំណង​ទប់ស្កាត់ និង​ដកចេញ​រូបភាព​ទាំង​នោះ​ដើម្បី​ជាប្រយោជន៍​ដល់ប្រជាជន​កម្ពុជា​ទាំងអស់។ យើង​សូមថ្លែងអំណរគុណ​ដល់​អង្គការ​ Auscam ​និង​អង្គការ SWGfL សម្រាប់​​ការ​​ផ្តល់​ការ​គាំទ្រ​​​ជាមួយ​នឹង​គំនិត​​ផ្ដួចផ្ដើម​​នេះ»។

ផតថល StopNCII.org នេះបង្កើត​​ឡើង​ដោយ​ការ​ភ្ជាប់​ទៅ​នឹង​បច្ចេកវិទ្យា​របស់ Facebook និង Instagram។ ភ្លែតហ្វម​​ថ្មី​នេះ​ផ្តល់សុវត្ថិភាព ឯកជនភាព និង​សន្តិសុខ​ប្រសើរ​ជាង​មុន ដើម្បី​ជួយ​​ជនរងគ្រោះ​និង​អង្គការ​ដែល​គាំទ្រ​​ជនរងគ្រោះ​​ដកចេញរូបភាព​ស្រើបស្រាល​ដោយ​​គ្មាន​​ការ​យល់ព្រម (NCII) ពី​ប្រព័ន្ធអ៊ីនធើណិត​ទាំងស្រុង។

ក្រុមហ៊ុន Meta គាំទ្រ​ដល់ការដាក់​ដំណើរការ​ផតថល StopNCII.org ដោយសហការ​ជាមួយ​​​បណ្តាញ UK Revenge Porn Helpline និង​​អង្គការជាង ៥០​ទៀតនៅ​ទូទាំង​ពិភពលោក។

ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន Meta បាន​សហការ​ជាមួយ​​អង្គការសេរីភាពកម្ពុជាអូស្ត្រាលី​ដែលជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ក្នុង​ស្រុកធ្វើការងារ​លើការ​​គាំទ្រ​​ស្ត្រី និង​កុមារ​ដែល​ងាយ​រងគ្រោះ​ក្នុង​ការ​កេង​ប្រវ័ញ្ច​អនឡាញ

លោកស្រី Sophie Mortimer អ្នក​គ្រប់គ្រងបណ្តាញ Revenge Porn Helpline សម្រាប់​​អង្គការ SWGfL បាន​មាន​ប្រសាសន៍ថា៖ «គេហទំព័រ StopNCII.org គឺជា​ការ​ផ្លាស់ប្តូរ​ដ៏សំខាន់​មួយ​នៅ​ក្នុង​វិធី​ដែល​មនុស្ស​ត្រូវ​បាន​​ការពារ​​នៅ​​លើ​​អនឡាញ​ពី​​ការ​ចែករំលែក​រូបភាព​ស្រើបស្រាល​ដោយ​គ្មានការ​យល់ព្រម ហើយខ្ញុំពិតជារីករាយក្នុងការស្វាគមន៍​អង្គការ AusCam មក​កាន់​បណ្តាញ​ដៃគូ​ដ៏សំខាន់​របស់​យើង​នៅក្នុង​គំនិត​ផ្តួចផ្តើម​នេះ។ យើង​ដឹង​ថា ស្ត្រី​និងបុរស​ដែល​ប្រើ​ប្រាស់​គេហទំព័រ StopNCII.org កំពុងស្ថិតក្នុងស្ថានភាពលំបាក​ ហើយ​​មានតែ​អង្គការ​ទាំង​នេះទេ​ដែលនឹង​អាចមានលទ្ធភាព​ផ្តល់​ការគាំទ្រ​សំខាន់ និងសមស្រប​​បំផុតនៅ​ក្នុង​សហគមន៍របស់​ពួកគេ​ផ្ទាល់។ ខ្ញុំជឿជាក់​យ៉ាងមុត​មាំថា យើង​នឹងអាច​បញ្ចប់​ការ​រំលោភ​បំពាន​ដោយការ​ចែកចាយ​រូបភាព​ស្រើបស្រាល​ដោយ​គ្មាន​ការ​យល់​ព្រមនេះ​តាមរយៈ​ការ​​ធ្វើការ​ងារ​រួមគ្នា​ជាសកល»។

លោក សឿង សម្បត្តិ នាយកប្រចាំ​ប្រទេស​កម្ពុជានៃ​​អង្គការ​​ AusCam បាន​មាន​ប្រសាសន៍​ថា៖ «ក្នុង​រយៈ​ពេល ១២​ខែកន្លង​មកនេះ​ ចំនួនជន​រងគ្រោះ​កាន់តែ​ច្រើន​ឡើង​បានទាក់​ទង​មក​យើង​ដើម្បី​សុំជំនួយ​ក្នុង​ការ​ដកចេញ​​រូបភាព​ស្រើបស្រាល​ដោយ​គ្មាន​ការ​យល់ព្រម​របស់​ពួកគេ​​​ពី​ប្រព័ន្ធ​​អ៊ីនធើណិត។ គេហទំព័រ StopNCII.org គឺជាដំណោះស្រាយ​បច្ចេកវិទ្យា​ដ៏សំខាន់​មួយ​ក្នុងការដោះស្រាយ​បញ្ហា​នេះ។​ ក្នុងនាមជា​អង្គការមួយដែលផ្តោត​លើ​ការ​ជួយ​គាំពារកុមារី និងស្ត្រី AusCam ពិតជាមាន​ក្តី​រីករាយ​ក្នុងការផ្តល់​ការគាំទ្រ​សម្រាប់​ការដាក់​ដំណើរការ​គេហទំព័រ និង​បុព្វហេតុ​ដ៏​មាន​តម្លៃ​នេះ»។

នៅពេល​ដែល​នរណា​ម្នាក់​មាន​ក្តី​បារម្ភ​ថា រូបភាព​ស្រើប​ស្រាល​របស់​ពួកគេ​ត្រូវ​បាន​បង្ហោះ​ទៅ​កាន់​ភ្លែតហ្វម​អនឡាញនានា​ដូចជា Facebook ឬ Instagram ពួកគេ​អាច​បង្កើតករណីស្នើសុំ ​មួយ​តាម​រយៈគេហទំព័រ StopNCII.org ដើម្បី​ស្វែងរក​រូបភាព​ទាំងនោះ​។

យោង​តាមក្រុមហ៊ុន Meta គេហទំព័រ StopNCII.org ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្តោត​លើ​សុវត្ថិភាព សន្តិសុខ ​និង​ឯកជនភាពនៅ​​គ្រប់ជំហាន​នៃ​ដំណើរការ​របស់​គេហទំព័រនេះ។ គេហទំព័រនេះ​ប្រើប្រាស់​បច្ចេកវិទ្យា​​​បង្កើត​កូដ (Hash) ដែល​បង្កើត​ជាតម្លៃ​កូដជាក់​លាក់​មួយ​ (លេខកូដ) ចំពោះ​​​រូបភាពណា​មួយ ដែល​បង្កើត​បានជាក្រយ៉ៅដៃ​ឌីជីថល (Digital fingerprint)​ ដ៏មាន​សុវត្ថិភាព។ ក្រុមហ៊ុន​បច្ចេកវិទ្យា ដែលចូលរួម​ក្នុង​ការ​បង្កើតគេហទំព័រ StopNCII.org ទទួលបាន​កូដ Hash ហើយ​អាច​ប្រើប្រាស់​កូដ Hash នេះ ដើម្បី​ស្វែងរក​រូបភាព​ណាមួយ ប្រសិន​បើ​អ្នកណា​ម្នាក់​បានចែករំលែក​ ឬ​កំពុង​ព្យាយាម​ចែករំលែករូបភាពទាំងនោះ​នៅលើ​ភ្លែតហ្វម​របស់​ពួកគេ។

មានតែ​កូដ Hash ទេ (មិនមែនរូបភាពរបស់​កូដ​ទាំងនោះ) ត្រូវ​​បាន​ចែក​រំលែក​នៅ​ក្នុងគេហទំព័រ StopNCII.org និង​ភ្លែតហ្វម​របស់ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែលចូលរួម។ មុខងា​រ​​ពិសេស​នេះ​រារាំង​មិន​ឱ្យ​មាន​ការ​ចរាចរ​បន្ថែម​ទៀត​នូវ​មាតិកាជា​​រូបភាព​ស្រើបស្រាល​ដោយ​គ្មាន​ការ​យល់​ព្រម​ទាំង​នេះ និង រក្សា​រូបភាព​ទាំង​នោះ​ដោយ​សុវត្ថិភាព​ដោយ​ម្ចាស់​ផ្ទាល់។

គេហទំព័រ StopNCII.org ​ត្រូវបានបង្កើតឡើង​សម្រាប់​មនុស្សពេញវ័យ​ដែលមានអាយុចាប់ពី ១៨​ឆ្នាំឡើងទៅ​ ដែល​គិតថា រូបភាព​ស្រើបស្រាល​របស់​ពួកគេ​អាច​ត្រូវបាន​ចែករំលែក ឬ​ត្រូវ​បានចែក​រំលែក​រួចហើយ ដោយ​គ្មាន​ការ​យល់ព្រម​ពី​ពួកគេ។ សម្រាប់​​អ្នក​ដែល​​មាន​​អាយុ​ក្រោម ១៨ ឆ្នាំ មាន​ធនធាន​និង​ស្ថាប័ន​​ផ្សេង​ទៀត​ដែល​អាច​ផ្តល់ការគាំទ្រ​ដោះស្រាយ​បាន ដូចជា​ អង្គការសេរីភាពកម្ពុជាអូស្ត្រាលី បណ្តាញ​ទូរស័ព្ទ​ជំនួយ Freedom៖ ០១១ ៤៤៤ ០៨០ ឬ​ផ្ញើសារ​​ទៅ​កាន់ FB Messenger ​ដែល​មានឈ្មោះ @ACFreedomProject។

សម្រាប់​ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://stopncii.org/faq/




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ច ចុះអនុស្សរណៈនឹងក្រុមហ៊ុន PHNOM PENH FINTECH INVESTMENT លើការយល់ដឹងសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា

ព័ត៌មាន
និយ័តករបរធនបាលកិច្ច ចុះអនុស្សរណៈនឹងក្រុមហ៊ុន PHNOM PENH FINTECH INVESTMENT លើការយល់ដឹងសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាល…

ទំហំប្រតិបត្តិការក្នុងវិស័យបរធនបាលកិច្ចកើនដល់៤០០លានដុល្លារនៅឆ្នាំ២០២២

ព័ត៌មាន
វិស័យបរធនបាលកិច្ច បានបន្តរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីមានការចូលរួមជាបន្តបន្ទាប់ពីវិស័យឯកជន ខណៈវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ