យន្តការធានាហានិភ័យ បរធនបាលកិច្ច

យន្តការធានាហានិភ័យបរធនបាលកិច្ច នឹងជួយកៀរគរទុន និងទាក់ទាញវិនិយោគិន


និយ័តករបរធនបាលកិច្ចនៅព្រឹកថ្ងៃទី៣១ មីនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពីការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា ដើម្បីលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងពីវិស័យបរធនបាលជូនអ្នកសារព័ត៌មាន និង មហាជន។ បរធនបាលកិច្ច គឺជាទំនាក់ទំនងគតិយុត្តិ ដែលអ្នកមានទ្រព្យសម្បត្តិ ឬបរធនបាលទាយក ផ្តល់មូលនិធិ ឬ មូលធនដល់បរធនបាលឲ្យគ្រប់គ្រង មើលថែ និងប្រើប្រាស់ជាប្រយោជន៍ដល់អ្នកទទួល។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ចកម្ពុជា

តាម​រយៈ​យន្តការ​នេះ​ថ្នាក់ដឹកនាំ​និយ័ត​ករបរ​ធន​បាល​កិច្ច​ជឿជាក់​ថា វា​នឹង​រួមចំណែក​ជួយ​ទាក់ទាញ និង​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឲ្យ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន ក្រោម​ការ​ធានា​ហានិភ័យ​ពី​យន្តការ​នេះ​។ ការ​ដាក់​ឲ្យ​ដំណើរការ​យន្តការ​នេះ ក៏​ជា​ការ​ធ្វើ​ពិពិធ​កម្ម​មួយ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផង​ដែរ​។

ឯកឧត្តម សុខ ដា​រ៉ា អគ្គនាយក​និយ័ត​ករបរ​ធន​បាល​កិច្ច​កម្ពុជា​បាន​គូសបញ្ជាក់​ថា វិស័យ​បរ​ធន​បាល​កិច្ច​គឺ​មាន​វិសាលភាព​ទូលំទូលាយ​និង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ជួយ​អភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ច​កម្ពុជា​។ ព្រោះ​វិស័យ​នេះ​មាន​វិសាលភាព​គ្របដណ្តប់​ស្ទើរ​គ្រប់​វិស័យ​ទាំង​វិស័យ​ធនាគារ និង​មិនមែន​ធនាគារ ដូច​ជា​វិស័យ​ធានា​រ៉ាប់រង មូល​ប​ត្រ អចលនទ្រព្យ សេដ្ឋកិច្ច និង​សង្គម​ជា​ច្រើន​ទៀត​។

ឯកឧត្តម បាន​បន្ត​ថា វិស័យ​បរ​ធន​បាល​កិច្ច​នឹង​ដើរតួ​នាទី​ជា​យន្តការ​ធនា ដែល​មាន​ប្រតិបត្តិការ​ស្រប​តាម​ផ្លូវច្បាប់​ត្រឹមត្រូវ​ក្នុង​ការ​គ្រប់គ្រង បែងចែក និង​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​អ្នក​ផ្តល់ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​អ្នក​ទទួលផល​ប្រយោជន៍​ពី​ប្រតិបត្តិការ​នេះ ឬ​ហៅ​ថា​អត្ថគាហកៈ​។ បន្ថែម​លើ​នេះ វា​នឹង​ដើរតួ​នាទី​ជា​ថ្នាល​បង្កើត និង​បង្កើន​ទំនុកចិត្ត​រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច​។

អ្នកជំនាញ​រូប​នេះ រំពឹង​ថា តាម​រយៈ​យន្តការ​នេះ​វា​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​រួមចំណែក​ក្នុង​ការ​ជួយ​កៀរគរ​ទុន និង​បង្កើន​ទំនុកចិត្ត​វិនិយោគិន​បរទេស ឲ្យ​កាន់តែ​មាន​ភាព​ជឿជាក់​ក្នុង​ការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​។ លើស​ពី​នេះ វា​ក៏​នឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​ជូន​រដ្ឋ​ផង​ដែរ​។ 

សម្រាប់​ឯកឧត្តម សុខ ដា​រ៉ា វិស័យ​បរ​ធន​បាល​កិច្ច​មិន​ត្រឹមតែ​ជួយ​បង្កើត និង​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​ប៉ុណ្ណោះ​ទេ តែ​វា​ជា​យន្តការ​តាមដាន​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ហើយ​ភាគី​ពាក់ព័ន្ធ​ដែល​ប្រើប្រាស់​យន្តការ​នេះ​សុទ្ធតែ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​រៀង​ៗ​ខ្លួន​។ ម្យ៉ាងវិញទៀត ការ​ដាក់​ឲ្យ​ប្រើប្រាស់​យន្តការ​នេះ គឺជា​ការ​ធ្វើ​ពិពិធ​កម្ម ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​ហិរញ្ញវត្ថុ ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​ជា​ឆ្លើយ​តប​នឹង​និន្នាការ​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង​សង្គម​ក្នុង​តំបន់ និង​លើ​ពិភពលោក​។

វិស័យ​បរ​ធន​បាល​កិច្ច គឺជា​យន្តការ​ផ្តល់​មូល​ធិ​និ ឬ​មូលធន​ពី​អ្នកមាន​ទ្រព្យ​មក​ឲ្យ​អ្នក​ដែល​មានចំណេះ​ជំនាញ ឬ​ហៅ​ថាបរ​ធន​បាល ឲ្យ​គ្រប់គ្រង ចាត់ចែង មើលថែ​និង​ប្រើប្រាស់ ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ដល់​អ្នក​ទទួលផល​ប្រយោជន៍​ពី​ប្រតិបត្តិការ​នេះ​។ បើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម សុខ ដា​រ៉ា យន្តការ​នេះ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០០៨ ដោយ​បាន​ឆ្លងកាត់​ដំណាក់កាល​ដាក់​ឲ្យ​គ្រប់គ្រង​បណ្តោះអាសន្ន ដំណាក់កាល​ពង្រីក​វិសាលភាព និង​ពង្រឹង​ការ​គ្រប់គ្រង និង​ដំណាក់កាល​សមាហរណកម្ម និង​និយ័ត​កម្ម​។

អគ្គនាយក​និយ័ត​ករបរ​ធន​បាល​កិច្ច​រូប​នេះ អះអាង​ថា មក​ទល់​ពេល​នេះ កម្ពុជា មាន​បរ​ធន​បាល​គ្រប់​ប្រភេទ​រួម​មាន​បរ​ធន​បាល​កិច្ច​ហិរញ្ញវត្ថុ បរ​ធន​បាល​កិច្ច​សាធារណៈ បរ​ធន​បាល​កិច្ច​ពាណិជ្ជកម្ម បរ​ធន​បាល​កិច្ច​បុគ្គល និង​បរ​ធ​របាល​កិច្ច​ផ្សេង​ទៀត​។ បច្ចុប្បន្ន​និយ័ត​ករបរ​ធន​បាល​កិច្ច​ទទួល​បាន​បរ​ធន​បាល​ចំនួន​១៧​បាន​ចុះបញ្ជី ដែល​មាន​ទំហំ​បរ​ធន​សរុប​២៥៦​លាន​ដុល្លារ​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


ចិនព្រមានថា ទណ្ឌកម្មលើរុស្ស៊ីធ្វើឱ្យប៉ះពាល់ដល់ ប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងបំផុត

បើទោះបីជាចិនបានបដិសេធមិនថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីក៏ពិតមែន តែយ៉ាងហោចណាស់ក៏ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រ…

ធនាគារកណ្ដាលថៃព្យាករថា អតិផរណាថៃនឹងប៉ោងឡើងពី១,៧% ដល់ ៤.៩%នៅឆ្នាំនេះ

ធនាគារកណ្តាលថៃ (BoT) បានព្យាករណ៍រថា អត្រាអតិផរណានៅក្នុងប្រទេសថៃ នឹងមានការកើនឡើងខ្ពស់សម្រាប់ឆ្នាំនេះ ពី ១,៧% ដល់ ៤,៩% ដោយសារតែការកើនឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ