ថ្នាក់ដឹកនាំកំពូលៗរបស់ចិន គាំទ្រកម្ពុជាតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាមួយចិន ឡាវ និងថៃ

ឯកឧត្តម ស៊ុន ចាន់ថុល៖ ថ្នាក់ដឹកនាំកំពូលៗរបស់ចិន គាំទ្រកម្ពុជាតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាមួយចិន ឡាវ និងថៃ


ថ្នាក់ដឹកនាំកំពូលរបស់ចិន ថ្មីៗនេះ បានប្រកាសផ្តល់ថវិកាចំនួន៣០០លានយ៉ន់ ឬប្រមាណ៤៥លានដុល្លារដល់កម្ពុជា ដើម្បីចំណាយលើការសិក្សា និងដោះស្រាយផលប៉ះពាល់លើគម្រោងផ្លូវរថភ្លើងល្បឿនភ្នំពេញ-ប៉ោយប៉ែត។ ជាមួយគ្នានេះ ទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរបស់ចិន គឺបានគាំទ្រកម្ពុជាយ៉ាងពេញទំហឹងក្នុងការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាមួយឡាវ ថៃ និងចិន ដើម្បីជួយសម្រួលការដឹកជញ្ជូនទំនិញ និងជំរុញកំណើនពាណិជកម្មទ្វេភាគីកម្ពុជា-ចិន ក៏ដូចជាជាមួយប្រទេសក្បែរខាង។ នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល។
ឯកឧត្តម ស៊ុន ចាន់ថុល៖ ថ្នាក់ដឹកនាំកំពូលៗរបស់ចិន គាំទ្រកម្ពុជាតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាមួយចិន ឡាវ និងថៃ

នាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងដាក់ទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៣ របស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅព្រឹកថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋនៃមន្ត្រីកម្ពុជាកាលពីពេលថ្មីៗនេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានផ្តល់ថវិកា ៣រយលានយ៉ន់ ឬប្រមាណ៤៥លានដុល្លារដល់កម្ពុជា ដើម្បីចំណាយលើការសិក្សា និងដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។ ទន្ទឹមនឹងផ្តល់ថវិកាទាំងនេះ ទាំងលោក ស៊ី ជិនពីង និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន សុទ្ធតែបានបង្ហាញការគាំទ្រចំពោះគម្រោងរបស់កម្ពុជាក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវរថភ្លើងល្បឿនលឿនពីកម្ពុជាទៅថៃ ភ្ជាប់ជាមួយឡាវ និងចិន។

គោលបំណងនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជានេះគឺដើម្បីជួយស្រួលដល់ការដឹកជញ្ជូនទំនិញ និងជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និងប្រទេសជិតខាងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសដើម្បីទាក់ទាញការវិនិយោគ និងបង្កើនការប្រកួតប្រជែងសម្រាប់វិស័យដឹកជញ្ជូននិងឡូជីស្ទីករបស់កម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។ សម្រាប់កម្ពុជាការដឹកជញ្ជូនតាមផ្លូវដែក អាចជួយកាត់បន្ថយពេលវេលា និងការចំណាយ ក៏ដូចជារួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅចំពោះមុខថ្នាក់ដឹកនាំចិន សម្តេចតេជោ ហ៊ុន សែន បានប្រាប់ថ្នាក់ដឹកនាំថា កម្ពុជាចង់អភិវឌ្ឍគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតក្នុងទម្រង់កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ឬរវាងរដ្ឋជាមួយវិស័យឯកជន។ ជាមួយគ្នានេះសម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យក្រុមហ៊ុនចិនមួយសិក្សាលទ្ធភាពវិនិយោគលើគម្រោងផ្លូវដែកខាងលើក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ ឬហៅថា BOT ដ្បិតរាជរដ្ឋាភិបាលមិនចង់ខ្ចីលុយរាប់ពាន់លានដុល្លារក្នុងការអភិវឌ្ឍគម្រោងនេះនោះទេ។

គួរបញ្ជាក់ថា គម្រោងលើកគុណភាពផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតទៅជាផ្លូវរថភ្លើងល្បឿនលឿននេះបានបញ្ចប់ការសិក្សាបឋមហើយ ដោយមានចម្ងាយសរុបប្រមាណ៣៨២គីឡូម៉ែត្រ និងត្រូវការទុនវិនិយោគប្រមាណជាង៤ពាន់លានដុល្លារអាមេរិកជាមួយពេលសាងសង់ប្រមាណ៤ឆ្នាំ។ ផ្លូវរថភ្លើងនេះមានទទឹងប្រវែង១,៤៣ម៉ែត្រដោយមានសមត្ថភាពអាចរត់ក្នុងល្បឿនចន្លោះពី១៦០គីឡូម៉ែត្រទៅ២០០គីឡូម៉ែត្រក្នុង១ម៉ោង។ នេះបើតាមការគូសបញ្ជាក់របស់តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន(CRBC) ដែលទទួលបានសិទ្ធិសិក្សាលើគម្រោងនេះកាលពីពេលថ្មីៗ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន BYD នឹងសាងសង់កន្លែងសាកអាគុយ២០០កន្លែង ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រុមហ៊ុន BYD គ្រោងសាងសង់កន្លែងសាកអាគុយរថយន្តអគ្គិសនីចំនួន២០០កន្លែងនៅទូទាំងប្រទ…

កត្តាអ្វីខ្លះជំរុញឲ្យសមាគមស្វាយចន្ទីកម្ពុជា ទម្លាក់ការព្យាករទិន្នផលស្វាយចន្ទីមកនៅត្រឹម ៥០-៧០ម៉ឺនតោននៅឆ្នាំនេះ?

បញ្ហាការប្រែប្រួលអាកាសធាតុខ្លាំង នៅតែជាបញ្ហាប្រឈមនៅក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីនៅក្នុងឆ្នាំ២០២៣នេះ។ តួយ៉ាង បើតាមប្រធានសមាគមស្វាយច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ