ថ្លែងនាឱកាសសន្និសីទសារពត៌មានស្ដីពី«សមិទ្ធិផល៥ឆ្នាំរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន» នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនទីភ្នំពេញ-បាវិត ជាច្រកសេដ្ឋកិច្ចដ៏សំខាន់រវាងកម្ពុជា-វៀតណាម។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ន កិច្ចព្រមព្រៀងក្របខណ្ឌបានបញ្ចប់ ១០០%ហើយ នៅតែរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន ប៉ុណ្ណោះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានសង្កត់ធ្ងន់ទៀតថា រយៈពេលប៉ុន្មានថ្ងៃនេះ គណកម្មាធិការអន្តរក្រសួង កំពុងខិតខំប្រឹងប្រែង ដុតដៃដុតជើង ចរចាឲ្យបានកិច្ចព្រមព្រៀងសម្បទាន ដើម្បីចុះហត្ថលេខា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ស្របពេលនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង នឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ បើតាមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កម្ពុជា នឹងធ្វើយ៉ាងណា ដើម្បីពន្លឿននិងជំរុញដល់ភាគីចិន ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន នាអំឡុងខែវិច្ឆិកាខាងមុខ ដើម្បីឲ្យក្រុមហ៊ុនសាងសង់អាចបើកការដ្ឋានសាងសង់ទៅតាមការគ្រោងទុក គឺនៅពាក់កណ្ដាលឆ្នាំ២០២៣។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ទៀតថា ដោយសារឥទ្ធិពលសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន បញ្ហានេះក៏អាចជិះឥទ្ធិពលខ្លះដែរ ដល់គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ នៅកម្ពុជា តែវាមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ ដោយសារក្រុមហ៊ុនសាងសង់បានសន្យាថា ក្រោយការចុះកិច្ចព្រមព្រៀងសម្បទាន ក្រុមហ៊ុននឹងផ្ដើមដំណើរការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ តែម្ដង។ យ៉ាងណាក៏ដោយ ទាក់ទងនឹងទំហំទឹកប្រាក់ដែលត្រូវចំណាយលើគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល មិនទាន់អាចបញ្ជាក់បាននៅឡើយទេ តែឯកឧត្តមបានពន្យល់ថា បន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានរួចរាល់ភាគីចិន នឹងយកឯកសារនោះ ដើម្បីស្វែងរកថវិកាសម្រាប់សាងសង់។
បើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតនេះ មានប្រវែង ១៣៨គីឡូម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតទន្លេមេគង្គ ឆ្លងកាត់ខេត្តព្រៃវែង ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយការសាងសង់ផ្លូវល្បឿនលឿនទី២នេះ បានបញ្ចប់ដោយរួចរាល់ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបង្ហាញក្ដីរំពឹងថា ចរន្តសេដ្ឋកិច្ចកម្ពុជា នឹងកាន់តែរីកចម្រើន និងអភិវឌ្ឍថែមមួយកម្រិតទៀត ពិសេសនៅតំបន់ត្រើយខាងកើតរាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ជាដើម។ គួររំលឹកផងដែរថា ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ភ្នំពេញ-ព្រះសីហនុ ដែលទើបដាក់ឲ្យប្រើប្រាស់សាកល្បងកាលពីពេលថ្មីៗនេះ គឺជាច្រកសេដ្ឋកិច្ចដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញ ទៅមកខេត្តព្រះសីហនុ ដែលមានប្រវែង ១៨៧គីឡូម៉ែត្រ និងប្រើប្រាស់ថវិកាសាងសង់អស់ប្រមាណ ២ពាន់លានដុល្លារអាមេរិក៕