សេដ្ឋកិច្ចកម្ពុជា

ក្រោយការបើកប្រទេសឡើងវិញបាន១ឆ្នាំ តើសេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលយ៉ាងណាខ្លះ?


គិតមកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ មានរយៈពេល ១ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្ដារសង្គម-សេដ្ឋកិច្ច ក្រោយមានរំខាន ពីជំងឺរាតត្បាតកូវីដ១៩។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបើកសង្គម-សេដ្ឋកិច្ចឡើងវិញ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ខណៈសេដ្ឋកិច្ចកម្ពុជា បានធ្លាក់ចុះរហូត -៣,១% នៅឆ្នាំ២០២០ ដោយសារតែការរំខានដោយជំងឺឆ្លងសាកលកូវីដ១៩។
ក្រោយការបើកប្រទេសឡើងវិញបាន១ឆ្នាំ តើសេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលយ៉ាងណាខ្លះ?

សម្ដេចតេជោ ហ៊ុន សែន នៅតែបង្ហាញសុទិដ្ឋិនិយមថា សម្រាប់ឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ និងអាចរក្សាបានក្នុងរង្វង់៥% ដោយសារការងើបឡើងវិញនៃវិស័យសំខាន់ៗសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងឱកាសចូលរួមចែកសញ្ញបត្រជូននិស្សិតជ័យលាភីប្រមាណជាង៦ពាន់នាក់ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលពេញ១ឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបើកសង្គម-សេដ្ឋកិច្ចឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា នេះជាខួប១ឆ្នាំ នៃការបើកប្រទេសឡើងវិញ ដែលធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មានកំណើន ៣%នៅឆ្នាំ២០២១ បន្ទាប់ពីសេដ្ឋកិច្ចកម្ពុជា បានធ្លាក់ចុះខ្លាំងរហូត -៣,១% នៅឆ្នាំ២០២០។ បើតាមសម្ដេច ហ៊ុន សែន តាមរយៈនៃការបើកប្រទេសឡើងវិញ ក៏បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម វិលទៅរកនូវប្រក្រតីភាពឡើងវិញ ដូច្នេះ ទើបរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើតាមសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានអត្រាកំណើនក្នុងរង្វង់៦,៦% នៅឆ្នាំ២០២៣ ក្រោយរំពឹងសម្រេចបានអត្រាកំណើន៥,៤% នៅឆ្នាំ២០២២។

ជុំវិញស្ថានភាពសេដ្ឋកិច្ច ក្រោយការបើកប្រទេសឡើងវិញនេះដែរ ត្រូវបានក្រុមអ្នកជំនាញយល់ឃើញថា ផ្អែកលើស្ថានភាពពិភពលោក ដំណើរការក្នុងខ្សែចង្វាក់ផលិតកម្ម ក្នុងវិស័យនានា ហាក់មិនទាន់មានភាពល្អប្រសើរ១០០% ក៏ពិតមែន តែបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជា ក៏កាន់តែបង្ហាញនូវភាពវិជ្ជមានច្រើន ខណៈរាល់សកម្មភាព សេដ្ឋកិច្ច សង្គម និងពាណិជ្ជកម្ម ក៏កាន់តែសកម្មជាងនៅអំឡុងមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩។

លោកជំទាវឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នំស្រួយ លីលី បានកត់សម្គាល់ថា អស់រយៈពេល១ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញ ការធ្វើអាជីវកម្មក្នុងវិស័យSME ក៏បានដំណើរការឡើងវិញជាធម្មតា ហើយរហូតមកដល់បច្ចុប្បន្ន វិស័យSME ហាក់មានភាពប្រសើរច្រើន។ ទោះយ៉ាងណា ម្ចាស់សហគ្រាសរូបនេះ គូសបញ្ជាក់ថា ការនាំចេញរបស់វិស័យSME ហាក់នៅមានកម្រិត ខណៈស្តង់ដារនៃការផលិតវិញក៏នៅមានកម្រិតដូចគ្នា។ លោកជំទាវឧកញ៉ា កែវ មុំ បន្ថែមថា វិស័យSME គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច ដូច្នេះ ដើម្បីឲ្យវិស័យនេះកាន់តែរីកចម្រើន លោកជំទាវក៏បានស្នើឲ្យអ្នកនៅក្នុងវិស័យនេះ ពង្រឹងសមត្ថភាពនៃការផលិត និងស្តង់ដារនៃការផលិត បន្ថែមមួយកម្រិតទៀត ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងឲ្យកាន់តែខ្លាំង។

ដោយឡែក ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករ កម្ពុជា និងជាអ្នកជំនួញក្នុងវិស័យកសិកម្ម បានយល់ឃើញថា មិនថាស្ថិតក្នុងកាលៈទេសៈណា វិស័យកសិកម្ម នៅជាវិស័យសំខាន់ ដែលជួយផ្ដល់ការងារជូនប្រជាពលរដ្ឋ ដើម្បីទ្រទ្រង់ជីវភាពរស់នៅ។ ក៏ប៉ុន្តែ បើតាមឧកញ៉ា ហ៊ុន ឡាក់ រយៈពេល១ឆ្នាំចុងក្រោយនេះ បញ្ហាប្រឈមមួយចំនួន ក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្រូវ ស្វាយ និងស្វាយចន្ទី ជាដើម នៅតែបន្តកើតមាន ជាពិសេសបញ្ហាអាកាសធាតុ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឧកញ៉ា ហ៊ុន ឡាក់ បានកត់សម្គាល់ឃើញថា ជារួម ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានកំណើនជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងដល់ ៦,៦% នៅឆ្នាំ២០២៣ ក្រោយររំពឹងសម្រេចបានកំណើនជាង ៥% នៅឆ្នាំ២០២២។ ការកើនឡើង នៃកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងជំរុញដោយវិស័យសំខាន់ៗ មួយចំនួន រួមមាន៖ វិស័យឧស្សាហកម្ម កសិកម្ម សេវាកម្ម និងវិស័យអចលនទ្រព្យជាដើម៕




អត្ថបទបន្ទាប់


តើជំនួបរវាងប្រមុខបក្សកុម្មុយនិស្ដវៀតណាម និងចិនបានសច្ចារួមគ្នាអ្វីខ្លះ?

ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់ទៅកាន់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូជុង កាលពីថ្ងៃចន្ទ ទី ៣១ តុលា ថា ប្រទេសចិន…

អ៊ីរ៉ង់និងរុស្ស៊ីព្រមព្រៀងគ្នាលើកិច្ចសន្យាទិញឧស្ម័នក្នុងតម្លៃ ៦,៥ពាន់លានដុល្លារ ខណៈទីផ្សារអឺរ៉ុបកំពុងជាប់គាំង

ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី ថ្មីៗនេះបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យឧស្ម័នដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៦ពាន់៥រយលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ