តម្លៃអង្កររបស់វៀតណាម ប្រភេទអង្ករបាក់៥% បានធ្លាក់ចុះមកនៅត្រឺមតែ ៣៩០ ដុល្លាអាមរិកក្នុងមួយតោន ដែលជាតម្លៃមួយទាបបំផុតគិតតាំងពីខែកុម្ភៈឆ្នាំ២០២០មក។
រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម លោក លី មីញហូន បាននិយាយថា វៀតណាមត្រូវពិចារណាលើផែនការកាត់បន្ថយតំបន់ដាំដុះស្រូវដើម្បីងាកទៅដាំដុះដំណាំផ្សេងទៀត ឌែលទទួលបានផលចំណេញច្រើន ព្រោះថាប្រសិនបើតម្លៃអង្ករនៅតែបន្តធ្លាក់ចុះ បូករួមទាំងការរឹតបន្តឹងវិធានការកូវីដ១៩ថែមទៀតនោះ នឹងធ្វើឲ្យកសិករជួបការលំបាកក្នុងការប្រមូលផលស្រូវថ្មីរបស់ពួកគេកាន់តែខ្លាំង។
ទន្ទឹមនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សំដីរបស់ក្រសួងកសិកម្មវៀតណាម ដែលបាននិយាយកាលពីដើមឆ្នាំនេះថា វៀតណាមអាចនឹងកាត់បន្ថយផ្ទៃដីដាំដុះស្រូវ ៥,៤% មកនៅត្រឹម ៣លាន ៥សែនហិកតាប៉ុណ្ណោះ នៅត្រឹមឆ្នាំ២០៣០។
រដ្ឋមន្ត្រីកសិកម្មវៀតណាម បានបន្តទៀតថា រដ្ឋាភិបាលមិនអាចទុកឱ្យកសិករប្រថុយប្រថានក្នុងការដាំដុះស្រូវដើម្បីបំពេញគោលដៅនៃការនាំចេញអង្កររបស់ររដ្ឋបាននោះទេ ដោយហេតុថា កសិករពិបាកលក់ស្រូវដែលទើបប្រមូលផលហើយថ្មីៗរបស់ពួកគេ ព្រោះតែឈ្មួញមិនអាចធ្វើការទិញស្រូវបានដោយសារជាប់គាំងនឹងវិធានការរឹតត្បិតទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈប្រទេសវៀតណាមក៏កំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតនៃរលកឆ្លងកូវីដរហូតមកដល់បច្ចុប្បន្ន។សូមបញ្ចាក់ដែរថា វៀតណាមជាប្រទេសនាំចេញអង្ករធំបំផុតទី៣របស់ពិភពលោក បន្ទាប់ពីឥណ្ឌា និងថៃ ប៉ុន្តែនៅរយៈពេលចុងក្រោយនេះ មានការប្រកួតប្រជែងខ្លាំងពីប្រទេសឥណ្ឌា និងថៃទើបសកម្មភាពនាំចេញមានការធ្លាក់ចុះ និងមានភាពយឺតយ៉ាវ។
យ៉ាងណាមិញ យោងតាមទិន្នន័យគយរបស់រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថាការនាំចេញអង្ករពីប្រទេសវៀតណាមក្នុងរយៈពេល ៧ ខែដំបូងក្នុងឆ្នាំ២០២១ បានដាំក្បាលចុះពីជិត ១៣ភាគរយ មកនៅត្រឹម ៣លាន៥សែនតោន បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕
អត្ថបទ៖ ស៊ើង និមល់