រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក អានូទីន ឆានវីរៈគុល បានអះអាងប្រាប់បាងកកប៉ុស្ដិ៍ថា កិច្ចព្រមព្រៀងទទួលយកវ៉ាក់សាំងពីប្រទេសជប៉ុននេះ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនឹងអាចដឹកជញ្ជូនវ៉ាក់សាំងពីជប៉ុនមកដល់ប្រទេសថៃនៅក្នុងខែកក្កដាខាងមុខ។ ប៉ុន្ដែ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃរូបនេះ មិនបានបញ្ជាក់ពីបិរមាណវ៉ាក់សាំងដែលជប៉ុននឹងផ្ដល់ជូននោះទេ។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ជប៉ុនក៏ទើបតែបានបរិច្ចាគ និងដឹកវ៉ាក់សាំង AstraZeneca ១លានដូសទៅឲ្យវៀតណាមផងដែរ ហើយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ប្រទេសវៀតណាមនេះ ក៏ទើបតែទទួលបានជំនួយវ៉ាក់សាំង Sinopharm ពីប្រទេសចិន ចំនួន៥០ម៉ឺនដូសដែរ។
ប្រទេសថៃ ថ្មីៗនេះ បានចាប់ផ្ដើមការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដោយពឹងផ្អែកខ្លាំងទៅលើវ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុកដោយក្រុមហ៊ុន Siam Biosience ប៉ុន្ដែ វ៉ាក់សាំងដែលផលិតក្នុងប្រទេសថៃនេះ ក៏មានការពន្យារពេលដឹកជញ្ជូនទៅកាន់ប្រទេសមួយចំនួនផងដែរ ដូចជា ម៉ាឡេស៊ី ហ្វីលីពីន និង កោះតៃវ៉ាន់ជាដើម។
រាជរដ្ឋាភិបាលថៃ បានដាក់ចេញនូវផែនការបើកចំហរជើងមេឃទទួលភ្ញៀវទេសចរបរទេសឡើងវិញ ចាប់ពីខែកក្កដា តទៅ ដោយចាប់ផ្ដើមសាកល្បងដំបូង គឺថៃបើកសម្រាប់តែទេសចរណ៍នៅកោះភូកេតប៉ុណ្ណោះ ហើយដើម្បីមានទំនុកចិត្តខ្ពស់ចំពោះការបើកទទួលភ្ញៀវទេសចរបរទេសនេះ ថៃក៏ត្រូវសម្រុកចាក់វ៉ាក់សាំងជូនប្រជាជនក្នុងស្រុករបស់ខ្លួនឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបានផងដែរ។
សូមបញ្ជាក់ថា ប្រទេសថៃ បច្ចុប្បន្នក្រៅពីវ៉ាក់សាំងប្រភេទ AstraZeneca ក៏មានប្រើប្រាស់វ៉ាក់សាំង Sinovac ដែលជាជំនួយពីប្រទេសចិនផងដែរ និងថ្មីៗនេះ ទើបទទួលបានវ៉ាក់សាំង Sinopharm ពីប្រទេសចិនបន្ថែមទៀតដែរ។ គិតមកទល់ពេលនេះ ថៃមានប្រជាជនដែលបានចាក់វ៉ាក់សាំងសរុបជាង២លាននាក់ហើយ នៃប្រជាជនសរុប៦៦លាននាក់៕