វិស័យកសិកម្ម

ក្រសួង៣ប្តេជ្ញារួមគ្នាជួយលើកកម្ពស់ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក ខណៈអ្នកជំនាញស្នើឱ្យធ្វើកិច្ចការងារនេះឱ្យបានស៊ីជម្រៅ


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំកិច្ចប្រជុំត្រីភាគីជាលើកដំបូង ដើម្បីលើកកម្ពស់ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក និងដើម្បីបង្កើនកិច្ចសហការរវាងគ្នាឱ្យកាន់តែរលូន ក្នុងការជួយលើកកម្ពស់ជីវភាពប្រជាជន ផ្ដល់ផលចំណេញដល់កសិករ និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនៅទីជនបទ។
វិស័យកសិកម្ម
ដោយ

អ្នកជំនាញសេដ្ឋកិច្ចនិងកសិកម្ម គាំទ្រចំពោះកិច្ចសហការអន្តរក្រសួងនេះ និងស្នើឱ្យក្រសួងទាំង៣ ធ្វើការឱ្យបានស៊ីជម្រៅក្នុងការជំរុញកិច្ចសហការនេះឱ្យមានប្រសិទ្ធភាពដើម្បីឈានទៅសម្រេចគោលដៅរួមនាពេលអនាគត។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងអភិវឌ្ឍន៍ជនបទ ដែលមានតួនាទីភារកិច្ចប្រទាក់ក្រឡាគ្នាក្នុងការជួយលើកកម្ពស់វិស័យកសិកម្ម និងជីវភាពរបស់ប្រជាពលរដ្ឋបានបើកកិច្ចប្រជុំដ៏កម្រមួយ និងជាលើកដំបូង ដើម្បីរួមគ្នាជួយអភិវឌ្ឍន៍ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក។ មជ្ឍដ្ឋានទូទៅ និងសាធារណជន បានបង្ហាញការសាទរចំពោះកិច្ចសហការនេះ និងរំពឹងថា ការចាប់ដៃគ្នារវាងក្រសួងទាំង៣នេះនឹងអាចជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋពាក់ព័ន្ធវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនឱ្យមានភាពប្រសើរឡើង។

លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានបង្ហាញការគាំទ្រចំពោះការសហការគ្នាររបស់ក្រសួងទាំង៣ខាងលើ ដ្បិតថា ក្រសួងទាំងនេះ គឺមានការប្រទាក់ក្រឡាគ្នាជាខ្លាំងក្នុងការប្រមូលផ្តុំកម្លាំងគ្នា ដើម្បីជួយពលរដ្ឋលើវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែល្អប្រសើរ។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា ដើម្បីអាចឈានទៅសម្រេចបាននូវលទ្ធផលជាដុំកំភួន ក្រសួងទាំង៣ត្រូវធ្វើយ៉ាងជំរុញការអនុវត្តកិច្ចសហការអន្តរក្រសួងនេះឱ្យបានស៊ីជម្រៅ និងមានប្រសិទ្ធភាព តាមរយៈការរៀបចំផែនការសកម្មភាពរបស់ក្រសួងនីមួយៗឱ្យបានជាក់លាក់ ត្រូវចែករំលែកបទពិសោធន៍ ចំណេះដឹងដល់គ្នាទៅវិញទៅមក និងសហការគ្នាឱ្យបានស្អិតរមួតតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។

​នៅក្នុងជំនួបដ៏កម្រខាងលើ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមានសារសំខាន់ណាស់ ដើម្បីឱ្យថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីជំនាញនៃក្រសួងទាំង៣ បានយល់អំពីយុទ្ធសាស្ត្រ និងការងារអាទិភាពរបស់ក្រសួងនីមួយៗ និងដើម្បីប្រមូលផ្ដុំ ធនធាននិងបច្ចេកទេស សម្រាប់អនុវត្តការងារ បម្រើប្រជាជនឱ្យបានលទ្ធផលកាន់តែប្រសើរ។ ឯកឧត្តមជឿជាក់ថា ក្រសួងទាំង៣នឹងចាប់ផ្ដើមបង្កើនកិច្ចសហការរវាងគ្នាឱ្យកាន់តែរលូន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជន ផ្ដល់ផលចំណេញដល់កសិករ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចដល់ទីជនបទ។

ជាមួយគ្នានេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម គឺជាអាទិភាពមួយរបស់ក្រសួងធនធានទឹក និងឧតុនិយម ហើយក្រសួងនឹងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដោះស្រាយបញ្ហាទឹកជូនដល់ប្រជាកសិករ តាមរយៈការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅតាមភូមិសាស្ត្រដែលប្រឈមនឹងការខ្វះទឹក ឬរងគ្រោះដោយទឹកជំនន់ជាប់ជាប្រចាំ។

ដោយឡែកឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការគាំទ្រចំពោះការលើកឡើងរបស់សហប្រធានអង្គប្រជុំទាំង២រូប និងបានប្ដេជ្ញាថា ក្រសួងអភិវឌ្ឍន៍ជនបទត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយក្រសួងទាំងពីរ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលនយោបាយអាទិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧។

ក្រោយជជែកពិភាក្សាគ្នាអស់រយៈពេលយ៉ាងយូរ ក្រសួងទាំង៣ បានឯកភាពគ្នាលើគោលការណ៍ការងារ​សំខាន់ចំនួន៤ រួមមាន ទី១, កំណត់គោលដៅយុទ្ធសាស្ត្រដែលជាអាទិភាពរួមរបស់ក្រសួងទាំង៣ ដោយដាក់កម្លាំងនិងធនធានរួមគ្នា ដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។ ទី២, ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញ និងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការនិងទម្លុះនូវភាពរាំងស្ទះទាំងឡាយដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។

ទី៣, ផ្សារភ្ជាប់គម្រោងនិងកម្មវិធីគោលនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង៣ ដូចជាសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹករបស់ក្រសួងធនធានទឹក និងគម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា។ និងទី៤, ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រៀងរាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្តផងដែរ៕

None



អត្ថបទបន្ទាប់


តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង នៅអំឡុងខែឧសភានេះ តបតាមការអញ្ជើញរបស់លោ…

ការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក ធ្វើឱ្យឡាវ និងបណ្ដាប្រទេសងាយរងគ្រោះនៅអាស៊ី-ប៉ាស៊ីហ្វិក ប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបំណុល

ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុកធៀបនឹងប្រាក់ដុល្លារអាម៉េរិក បានបង្កើនការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសឡាវ និងប្រទេសងាយរងគ្រោះផ្សេងៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ