អត្រាភាពក្រីក្រ​នៅកម្ពុជា

UNDP៖ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​នឹង​កើន​ទ្វេដង ដល់​ទៅ ១៧,៦% ដោយសារ​តែ​វិបត្តិ​កូវីដ-១៩


អត្រាភាពក្រីក្រ​នៅ​កម្ពុជា អាចនឹង​កើន​ឡើង​ជិតទ្វេដង ដល់ទៅ ១៧,៦% ខណៈដែល​អត្រា​អ្នកអត់​ការងារ​ធ្វើវិញ នឹងកើន​ឡើង​ដល់ទៅ ៤,៨% ។ នេះបើ​តាម​របាយការណ៍​សង្ខេប​នៃគោលនយោបាយ ដែលបាន​វាយតម្លៃ​ពីផល​ប៉ះពាល់​សេដ្ឋកិច្ច​សង្គម​ដោយសារតែ​កូវីដ-១៩ របស់កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ដែលបាន​ចេញផ្សាយ​នៅថ្ងៃទី ៨ ខែតុលាឆ្នាំ​២០២០ ព្រមទាំង​បានផ្សាយ​បន្ដ​ដោយ​ភ្នាក់ងារព័ត៌មាន​វៀតណាម (VNA)។
UNDP៖ អត្រាភាពក្រីក្រនៅកម្ពុជានឹងកើនទ្វេដង ដល់ទៅ ១៧,៦% ដោយសារតែវិបត្តិកូវីដ-១៩ (រូបភាព៖ World Bank)
ដោយ

សារព័ត៌មាន​វៀតណាម​ VNA ដែលបាន​ស្រង់​ខ្លឹមសារ​នៃ​របាយការណ៍របស់ UNDP បាន​បញ្ជាក់ថា របាយការណ៍​នេះ ត្រូវបាន​ចេញផ្សាយ​ ដោយមាន​ការ​ពិគ្រោះ​យោបល់​យ៉ាងយក​ចិត្ត​ទុកដាក់​ជាមួយ​នឹង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធ​ផ្សេងទៀត។

ការវាយតម្លៃ​ផល​ប៉ះពាល់​មានប្រើប្រាស់​គំរូ​ចំនួន ៣ ដើម្បីវាស់ស្ទង់​ពីផលប៉ះពាល់​ និងគំរូ​សេណារីយ៉ូ ដែលអាច​កាត់បន្ថយ​ហានិភ័យ​បន្ថែម បណ្ដាល​មកពី​មេរោគ​រាត​ត្បាត។

តាមការវាយតម្លៃ បាន​ប៉ាន់ប្រមាណថា កំណើន​សេដ្ឋកិច្ច​កម្ពុជា អាចនឹង​មានការ​ធ្លាក់ចុះ ខុសពី​ការព្យាករ​លើក​ដំបូង ដែលថា​នឹងមាន​កំណើន​ ៦,៥% នៅឆ្នាំ​២០២០នេះ ពោលគឺ​សេដ្ឋកិច្ច​​នឹង​ធ្លាក់ចុះ​ -៤,១% វិញ។ ក្រោម​សេណារីយ៉ូនេះ អត្រា​ភាពក្រីក្រ​របស់​កម្ពុជា​ត្រូវបាន​ព្យាករថា នឹង​កើនដល់ទៅ ១៧,៦% និង​អត្រា​អ្នកអត់​ការងារ​ធ្វើវិញ នឹងកើន​ដល់ទៅ ៤,៨%។ 

អត្រាភាពក្រីក្ររបស់​កម្ពុជា បាន​ធ្លាកចុះ​មកនៅត្រឹម​ប្រមាណ ១០% ប៉ុណ្ណោះ កាលពីឆ្នាំមុន ដោយមាន​ការធ្លាក់ចុះ​ពី ៥៣,២% កាលពីឆ្នាំ​២០០៤។

តាមរយៈ​ការវាយតម្លៃ​របស់ UNDP បាន​ឲ្យដឹងទៀតថា គម្រោង​កញ្ចប់​ថវិកា​ជំរុញ​កិច្ច​គាំពារ​សង្គម ទំហំ ៣,៥% នៃ GDP នឹង​អាច​កំណត់​ការធ្លាក់ចុះ GDP មកនៅត្រឹម -៣,៣% និង​កាត់បន្ថយ​ផល​ប៉ះពាល់​លើ​ភាព​អត់ការងារ​ធ្វើមកនៅ​ត្រឹម ៤,៤% និងអត្រា​ភាពក្រីក្រ​មកនៅ​ត្រឹម​១៤,២%។ គម្រោង​ជំរុញ​កិច្ចគាំពារ​សង្គមនេះ នឹងអាច​ជួយដល់​ពលរដ្ឋ​ប្រមាណ​៥៧ម៉ឺននាក់ មិន​ឲ្យធ្លាក់ចុះ​ទៅក្នុង​ភាព​ក្រីក្រ​ឡើង​វិញ។

សូមរំឭក​ដែរថា កាលពីដើម​ឆ្នាំ២០២០ នៅពេល​ដែល​កូវីដ-១៩​មិនទាន់​មានការ​រាតត្បាត​ខ្លាំង ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីរៈ ធ្លាប់​បាន​អះអាងថា អត្រាចំនួន​ប្រជាពលរដ្ឋ ដែល​មាន​ការងារ​ធ្វើ បានកើន​ឡើង​ដល់ទៅ​ជាង ៩៩,៣% ដែលនេះ វាសបញ្ជាក់​ឲ្យឃើញថា អត្រា​ចំនួន​អ្នកអត់​ការងារ​ធ្វើនៅ​កម្ពុជា គឺមាន​ស្ថិត​នៅ​ក្រោម ១%ប៉ុណ្ណោះ។ 

លោក Nick Beresford តំណាង UNDP បាន​លើកឡើងថា «ការធ្វើគំរូ​នៃផលប៉ះពាល់​សេដ្ឋកិច្ច និងសង្គម នឹងអាច​ជួយឲ្យ​​យើង​យល់កាន់តែ​ច្បាស់ អំពីផលប៉ះពាល់​ជាសកល​នៃ​មេរោគ​រាតត្បាត​ មកលើ​កម្ពុជា និង​វិធី​ដែលយើង​អាច​រៀបចំ​កញ្ចប់​ថវិកា​ឆ្លើយតប​ដ៏ល្អបំផុត»។

កាលពីពេល​ថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា នឹង​បន្ដ​ពង្រីក​កម្មវិធី​ផ្ដល់ជំនួយ សង្គ្រោះ កូវីដ-១៩ សម្រាប់​រយៈពេល ៣ខែ ទៀត សម្រាប់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ប្រមាណ ៦០ម៉ឺនគ្រួសារ ដែលស្មើនឹង​ប្រមាណជាង ៣លាននាក់។

លោក ឈួរ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គម​កិច្ច បាន​លើកឡើងថា ការពង្រីកក​មូលនិធិ​សង្គ្រោះនេះ នឹង​កើនដល់ទៅ ៣០០​លាន​ដុល្លារអាមេរិក។

សូមបញ្ជាក់ថា​ នៅក្នុង​វិធានការ​ជុំទី៦ របស់រាជរដ្ឋាភិបាល​ដែលបាន​ដាក់ចេញ​កាលពី​ចុងខែ កញ្ញា បានឲ្យឹងថា សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះ នឹង​នៅតែបន្ដ អនុវត្ត​សម្រាប់​រយៈពេល ៣ខែ បន្ថែមទៀត គឺចាប់ពីខែ​តុលា ដល់ខែធ្នូ​ឆ្នាំ២០២០។

ចំនួន​ពលរដ្ឋ​ក្រីក្រ​ និងងាយរងគ្រោះ ដែល​រដ្ឋ​បើកប្រាក់ឧបត្ថម្ភ​ផ្ដល់ជូននេះ គេសង្កេតឃើញថា មានចំនួន​កើន​ឡើង​ជាបន្ដបន្ទាប់ ពោលគឺ​នៅខែ​ដំបូង​ការផ្ដល់ជូន​នេះ មានចំនួន​គ្រួសារ​ក្រីក្រ តែ​ជាង​៥៣ម៉ឺនគ្រួសារប៉ុណ្ណោះ បន្ទាប់មក​នៅខែ​ទី២ បានកើន​ឡើង​ដល់ជិត​៦០ម៉ឺនគ្រួសារ និងខែទី៣ កើនដល់​ជាង​៦៤ ម៉ឺនគ្រួសារ ខណៈដែលនៅ​ខែទី៤នេះ កើនដល់ ៧០ម៉ឺនគ្រួសារ។

ប្រមុខ​​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់​បាន​អះអាងថា រាជរដ្ឋាភិបាល​នឹង​ចំណាយ​២៥ លាន​ដុល្លារ​ក្នុងមួយខែ ដើម្បី​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​ និងងាយរងគ្រោះ​ទាំងនេះ បើទោះបីជា​ចំណូល​ប្រចាំខែ​របស់រដ្ឋ​មានការធ្លាក់ចុះ​បន្ដិចក្ដី។

ដោយឡែក​សម្រាប់​ការបើក​ប្រាក់ឧបត្ថម្ភ​នៅខែទី៤នេះ ក្រសួង​សេដ្ឋកិច្ច​បាន​ត្រៀម​កញ្ចប់ថវិកា​ដល់ទៅ ៣០លាន​ដុល្លារ ដោយសារតែ​ចំនួន​ពលរដ្ឋ​ក្រីក្រ​ដែលមានសិទ្ធិ​ទទួលបាន​ប្រាក់​ឧបត្ថម្ភនេះ បានកើន​ដល់​៧០ម៉ឺនគ្រួសារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រថភ្លើង​បុក​ឡានក្រុង​ដឹកអ្នកហែ​កឋិន​នៅថៃ ស្លាប់មនុស្ស ២០នាក់

ព័ត៌មាន
មនុស្ស​ ២០នាក់បានស្លាប់បាត់បង់ជីវិត និង​ប្រហែល ៣០នាក់ទៀត បានរងរបួស​ នៅថ្ងៃអាទិត្យនេះ នៅពេល​ដែល​រថយន្តក្រុង​មួយ​បានបុកគ្នា​នឹង​រថភ្លើង…

ចិនឡើងមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដល់ផ្ទះកម្ពុជាតែម្តង!

ព័ត៌មាន
នៅទីបំផុត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងត្រូវបានចុះហត្ថលេខាហើយនៅឯវិមានសន្ដិភាព នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ