ឥណ្ឌូណេស៊ីនឹងទិញអង្ករពីកម្ពុជាចំនួន១២ម៉ឺន៥ពាន់តោន

ឥណ្ឌូណេស៊ីនឹងទិញអង្ករពីកម្ពុជាចំនួន១២ម៉ឺន៥ពាន់តោន ដើម្បីរក្សាសុវត្ថិភាពស្បៀងក្នុងស្រុក


ក្រោយពីប្រទេសឥណ្ឌូនេស៊ីបានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកែច្នៃស្រូវ-អង្ករ នៅប្រទេសកម្ពុជា និងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួនកាលពីសប្តាហ៍មុនរួចមក នៅទីបំផុតប្រទេសឥណ្ឌូនេស៊ីបានសម្រេចចុះកិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជាចំនួន១២ម៉ឺន៥ពាន់តោន ដើម្បីធានាសុវត្ថិភាពស្បៀងក្នុងស្រុក ក្រោយប្រទេសនេះមានការព្រួយបារម្ភពីបាតុភូតអែលនីណូធ្វើឲ្យប៉ះពាល់ដល់ការផលិតក្នុងស្រុក។
ឥណ្ឌូណេស៊ីនឹងទិញអង្ករពីកម្ពុជាចំនួន១២ម៉ឺន៥ពាន់តោន ដើម្បីរក្សាសុវត្ថិភាពស្បៀងក្នុងស្រុក
ដោយ

ជាមួយគ្នានេះភាគីទាំងពីរក៏បានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥ម៉ឺនតោនក្នុងមួយឆ្នាំសម្រាប់សុពលភាព៤ឆ្នាំផងដែរ។
ទីបំផុតប្រទេសឥណ្ឌូនេស៊ីបានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ១២ម៉ឺន៥ពាន់តោន ដើម្បីធានាការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជារក្សាសន្តិស្បៀងក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោយប្រទេសនេះ មានការព្រួយបារម្ភចំពោះបាតុភូត អែលនីណូ ធ្វើឲ្យប៉ះពាល់ដល់ការផលិតស្រូវរបស់ប្រជាពលរដ្ឋ។ ការឯកភាពទិញអង្ករកម្ពុជា របស់ឥណ្ឌូនេស៊ីនេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី១៦ ខែសីហា។ ក្នុងចំណោមអង្ករទាំងនេះ ឥណ្ឌូនេស៊ី នឹងទិញអង្ករសក្នុងចំនួន ១០ម៉ឺនតោនក្រោមយន្តការរបស់ក្រុមហ៊ុន Bulog និង ក្រុមហ៊ុន ហ្រ្គីនត្រេដ និង បរិមាណ២ម៉ឺន៥តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និង សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា។ ចំពោះតម្លៃនិងលក្ខខណ្ឌ័ផ្សេងទៀតភាគីទាំងពីរនឹងបន្តពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើឱ្យភាគីឥណ្ឌូណេស៊ីមានកិច្ចសហប្រតិបត្តិការជំរុញការបញ្ជាទិញអង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី តាមរយៈយន្តការនៃការធ្វើពាណិជ្ជកម្មអង្ករក្រោមរូបភាពរដ្ឋាភិបាល និងរដ្ឋាភិបាល, ឯកជននិងឯកជន ក៏ដូចជាលើកទឹកចិត្តអ្នកវិនិយោគឥណ្ឌូណេស៊ីមកវិនិយោគនៅកម្ពុជាក្នុងផលិតកម្មស្រូវ និងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករ ស្របតាមស្តង់ដារសម្រាប់នាំចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងទីផ្សារអន្តរជាតិ។ បន្ថែមលើនេះឯកឧត្តម លើកទឹកចិត្ត និងជំរុញឱ្យមានកិច្ចប្រជុំរវាងធុរកិច្ចប្រទេសទាំងពីរតាមរយៈជំនួបផ្ទាល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចការនាំចេញអង្ករ និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ឥណ្ឌូណេស៊ីផងដែរ។
ជាការឆ្លើយតប ភាគីឥណ្ឌូណេស៊ីបានឯកភាពចំពោះការលើកឡើងរបស់ភាគីកម្ពុជា និងបានជម្រាបកម្ពុជានូវទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងប្រទេសទាំងពីរ ទាំងប្រវត្តិសាស្រ្ត សាសនា វប្បធម៌ ជាពិសេសការធ្វើពាណិជ្ជកម្មទ្វេភាគីដែលមានទំហំកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ព្រមទាំងមានបំណងធ្វើកិច្ចសហប្រតិបត្តិការស្តីពីពាណិជ្ជកម្មអង្ករ ដោយចង់នាំអង្ករពីកម្ពុជាទៅឥណ្ឌូណេស៊ីក្នុងគោលបំណងរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសផងដែរ។
ជុំវិញរឿងនេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាធ្លាប់បានបញ្ជាក់ថ្មីៗនេះថា ការវិនិយោគរបស់ឥណ្ឌូណេស៊ីលើវិស័យកែច្នៃស្រូវ-អង្ករ និងចង់នាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ី គឺសុទ្ធតែផ្ដល់ផលវិជ្ជមានសម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា។ សម្រាប់លោក លន់ យ៉េង បើកម្ពុជាអាចនាំចេញអង្ករទៅទីផ្សារឥណ្ឌូនេស៊ីបន្ថែម មិនត្រឹមធ្វើឲ្យវិស័យស្រូវអង្ករនៅកម្ពុជាកាន់តែប្រសើរឡើងនោះទេ តែក៏នឹងធ្វើឲ្យតម្លៃអង្ករកម្ពុជាកាន់តែខ្ពស់ និងផ្ដល់ផលចំណេញកាន់តែច្រើនសម្រាប់កសិករផងដែរ។
សូមជម្រាបថា នៅរយៈពេល៧ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ី មានទំហំទឹកប្រាក់សរុបជាង ៦៧១លានដុល្លារ កើនឡើង២២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះការនាំចេញទំនិញពីកម្ពុជាទៅឥណ្ឌូណេស៊ី មានទំហំទឹកប្រាក់ជាង ២៤លានដុល្លារ កើនឡើងជាង ៤១% ខណៈការនាំចូលទំនិញពីឥណ្ឌូណេស៊ីមកកម្ពុជាវិញមានទំហំជាង ៦៤៦លានដុល្លារ កើនឡើងជាង២១%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ម្ចាស់អាជីវកម្មរាប់ពាន់នាក់ ជួបជុំគ្នាក្នុងមហាសន្និបាតប្រចាំឆ្នាំ BNI កម្ពុជា ឆ្នាំ ២០២៣

ព័ត៌មាន
ម្ចាស់អាជីវកម្មរាប់ពាន់នាក់ ជួបជុំគ្នាក្នុងមហាសន្និបាតប្រចាំឆ្នាំ BNI កម្ពុជា ឆ្នាំ ២០២៣ នៅ Sokha Siem Reap Resort & Convention Cente…

មេពន្ធដារបារម្ភថាការប្រមូលចំណូលឆ្នាំនេះអាចមិនគ្រប់តាមផែនការ ខណៈ៧ខែឆ្នាំនេះពន្ធដារសម្រេចប្រមូលចំណូលបានជាង២ពាន់លានដុល្លារ

ព័ត៌មាន
នៅរយៈពេល៧ខែឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានការប្រមូលចំណូលចូលថវិកាជាតិ ប្រមាណជាង ២ពាន់លានដុល្លារ ដែលស្មើនឹងជាង ៦៤% នៃផែនការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ