លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្មក្នុងការដើរតួនាទីជួយធានាការផ្គង់ផ្គង់ដល់អ្នកផលិត និងកាត់បន្ថយថ្លៃដើម។ ជាក់ស្តែងគម្រោងសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម បានជួយដោះស្រាយបញ្ហាទាំងនេះយ៉ាងមានប្រសិទ្ធភាព។ តែទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតកត់សម្គាល់ឃើញថា ការអនុវត្តគម្រោងសហគមន៍កសិកម្មនេះហាក់នៅមានល្បឿនយឺតនៅឡើយ ដែលទាមទារឱ្យមានការពង្រីកការអនុវត្តឱ្យបានលឿន និងផ្តោតលើកសិកផលដែលមានសក្តានុពលឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ស្រដៀងគ្នានេះ លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្ម ក៏បានយល់ស្របដែរថា គម្រោងសហគមន៍កសិកម្មទំនើប គឺជាស្ពានចម្លងដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរទម្រង់កសិកម្មបែបបុរាណឆ្ពោះទៅរកនិរន្តរភាពនៃការធ្វើកសិកម្មតាមបែបសហគមន៍វៃឆ្លាត។ ទោះជាបែបនេះក្តី អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា គម្រោងនេះគួរតែពង្រីកមុខព្រួញផ្តោតទៅលើមុខដំណាំចម្រុះបន្ថែមទៀត ជាពិសេសបណ្តាដំណាំដែលមានតម្លៃសេដ្ឋកិច្ច និងមានសក្តានុពលខ្ពស់ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការរុញច្រានការនាំចេញទៅក្រៅប្រទេស។
ជុំវិញការលើកឡើងរបស់ក្រុមអ្នកជំនាញខាងលើ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា គម្រោងសហគមន៍ទំនើប គឺជាខែលការពារហានិភ័យ និងជាអ្នកធានាស្ថិរភាពការផលិត និងទីផ្សារតាមរយៈយុទ្ធសាស្ត្រធ្វើកសិកម្មប្រមូលផ្តុំ ផ្អែកលើកិច្ចសន្យាពាណិជ្ជកម្ម បង្កើនការផលិតតាមតម្រូវការជាក់ស្តែង និងរក្សាស្តង់ដាឱ្យមានស្ថិរភាព។ តែយ៉ាងណា ឯកឧត្តម បានសង្កត់ធ្ងន់ថា ការបង្កើតសហគមន៍កសិកម្មទំនើបមួយៗ មិនមែនធ្វើឡើងតាមតែការនឹកឃើញនោះទេ គឺដាច់ខាតត្រូវតែឈរលើយន្តការទីផ្សារដ៏រឹងមាំ ដើម្បីធានាបាននូវការប្រកួតប្រជែង ការពារហានិភ័យនៃតម្លៃ និងរក្សាស្ថិរភាពនៃការផលិតពិតប្រាកដ។ ហេតុផលនេះហើយ ទើបមកទល់ពេលបច្ចុប្បន្ននេះមានមុខដំណាំយុទ្ធសាស្ត្រប្រមាណ៥ប្រភេទប៉ុណ្ណោះ ដែលត្រូវបានចងក្រង និងដាក់បញ្ចូលទៅក្នុងគម្រោងសហគមន៍កសិកម្មទំនើប។
គួររំលឹកថា គោលបំណងធំ និងជាមហិច្ឆតាស្នូល នៃការបង្កើតសហគមន៍កសិកម្មទំនើបរបស់រាជរដ្ឋាភិបាល គឺដើម្បីធ្វើបដិវត្តន៍កសិកម្មកម្ពុជា ដោយប្រែក្លាយពីលក្ខណៈគ្រួសារដែលធ្វើតាមទម្លាប់ឱ្យទៅជា សហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានឥទ្ធិពល និងមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងនៅលើសមរភូមិពាណិជ្ជកម្ម ទាំងផ្នែកតម្លៃ បរិមាណផ្គត់ផ្គង់ និងគុណភាពស្តង់ដាអន្តរជាតិ៕