ការបង់ពន្ធនាំចូលត្រីឲ្យបានគ្រប់ចំនួននេះ ត្រូវបានឯកឧត្តម វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថា នឹងធ្វើឲ្យតម្លៃត្រីនាំចូលអាចមានប្រហាក់ប្រហែលនឹងតម្លៃត្រីក្នុងស្រុក ឬថ្លៃជាងនេះ ដែលវាផ្នែកមួយអាចជួយដល់អ្នកចិញ្ចឹមក្នុងស្រុកបានមួយកម្រិត។ ប៉ុន្ដែ ការងារទាំងនេះ វាចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីសមត្ថកិច្ចតាមមាត់ច្រកព្រំដែន ពិសេសខាងមន្ត្រីគយតែម្ដង។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ប្រាប់ក្រុមការងារ សារព័ត៌មានខេមបូណូមីស ថា កម្ពុជាមិនអាចបិទ មិនឲ្យមានការការនាំចូលត្រីពីក្រៅប្រទេសបានទាំងស្រុងនោះទេ ប៉ុន្ដែអាចកំណត់ឲ្យមានការនាំចូលក្នុងចំនួនតិចបំផុត។ មិនតែប៉ុណ្ណោះ ត្រីនាំចូលនោះត្រូវតែបង់ពន្ធឲ្យបានគ្រប់ចំនួន ហើយការងារនេះ វាត្រូវការចូលរួមយ៉ាងសំខាន់ពីមន្ត្រីនៅតាមមាត់ច្រកទ្វារព្រំដែន ពិសេសមន្ត្រីគយតែម្ដង។
ការអះអាងរបស់ឯកឧត្តម វេង សាខុន យ៉ាងដូច្នេះ នៅក្រោយពេលដែលសមាគមវារីវប្បករកម្ពុជា បានត្អូញត្អែរម្ដងហើយម្ដងទៀតមិនចេះមិនចេះឈរ ជុំវិញទៅនឹងរឿងត្រីគ្មានអ្នកទិញសល់ចាល់ពេញអាងចិញ្ចឹម ដោយស្នើឲ្យក្រសួងស្ថាប័នអាជ្ញាធរពាក់ព័ន្ធជួយរកទីផ្សារលក់ត្រីឲ្យពួកគាត់។
ជាក់ស្ដែងនៅថ្ងៃទី ២ ខែមិថុនា សមាគមវារីវប្បករកម្ពុជានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា បរិមាណត្រីល្មមចាប់នៅក្នុងខែមេសា និងឧសភា មិនដល់២០% ផង ត្រូវបានលក់ចេញដែលធ្វើឲ្យត្រីរាប់ពាន់តោនបន្តចាល់នៅតាមអាងចិញ្ចឹមត្រី។ មូលហេតុ ដែលធ្វើឲ្យត្រីកម្ពុជាបន្តចាល់ ត្រូវបានសមាគមវារីវប្បករកត់សម្គាល់ឃើញថា ដោយសារតម្រូវការត្រីក្នុងស្រុកមានការធ្លាក់ចុះ គួបផ្សំការនាំចូលត្រីពីក្រៅប្រទេសនៅតែមានបរិមាណច្រើន។
ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា កន្លងមកនេះ ក្រសួងកសិកម្ម ដែលមានរដ្ឋបាលជលផលជាសេនាធិការ បានផ្អាកចេញលិខិតអនុញ្ញាតឲ្យឈ្មួញនាំចូលត្រីប្រា ត្រីពោ ត្រីឆ្តោ ឬត្រីអណ្តែងពីក្រៅប្រទេស។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះបានគូសបញ្ជាក់បន្ថែមថា កន្លងមកឯកឧត្តមបានចាត់ឲ្យមន្ត្រីចុះទៅស៊ើបសួរតម្លៃត្រីរបស់វារីវប្បករនៅកម្ពុជា ឃើញថា តម្លៃត្រីដែលចិញ្ចឹមដោយកសិករក្នុងស្រុកហាក់មានតម្លៃថ្លៃជាងត្រីនាំចូលពីបរទេស ដែលកត្តានេះធ្វើឲ្យឈ្មួញហាក់រារែកក្នុងការទិញត្រីនៅក្នុងស្រុក។ តែយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលស្គាល់ថា ការចិញ្ចឹមត្រីរបស់កសិករក្នុងស្រុកហាក់ចំណាយដើមទុនច្រើន បើធៀបនឹងត្រីនាំចូល ដ្បិតវត្ថុធាតុដើមភាគច្រើននាំចូលពីក្រៅប្រទេស។
បើតាមរបាយការណ៍របស់សមាគមវារីវប្បករកម្ពុជា កម្ពុជាមានត្រីល្មមចាប់លក់ប្រមាណ១ម៉ឺនតោន ក្នុងនោះនៅខែមេសា មានជាង៥ពាន់តោន និងខែឧសភា ជាង៤ពាន់តោន ហើយនៅខែមិថុនា នេះ កម្ពុជានឹងមានត្រីរាប់ពាន់តោនបន្ថែមទៀត ដែលល្មមចាប់៕