ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិកំពូលរបស់ពិភពលោកមួយនេះបានចេញសេចក្តីរាយការណ៍ដ៏គួរឱ្យព្រួយបារម្ភមួយថា ការងារជិត៤០% សម្រាប់មនុស្សជាតិទូទាំងពិភពលោកអាចនឹងទទួលរងផលប៉ះពាល់ ឬរលាយបាត់តែម្ដងដោយសារតែបច្ចេកវិទ្យា AI រីកដុះដាលខ្លាំង។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា ស្ទើរតែ៤០% នៃការងារសម្រាប់មនុស្សជាតិទូទាំងពិភពលោកនឹងអាចរងផលប៉ះពាល់ ឬរលាយបាត់តែម្ដងដោយសារតែវត្តមាននៃបច្ចេកវិទ្យា AI ឬបញ្ញាសិប្បនិម្មិត។ ហើយមិនតែប៉ុណ្ណោះ បច្ចេកវិទ្យា AI ក៏ទំនងជានឹងធ្វើឱ្យមានវិសមភាពកាន់តែជ្រៅបន្ថែមទៀតនៅក្នុងសង្គមមនុស្សជាតិផងដែរ។
ពាក់ព័ន្ធនឹងស្ថានភាពនេះ លោកស្រី គ្រីស្ដាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីថ្ងៃអាទិត្យកន្លងទៅ បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសនានាបង្កើតប្រព័ន្ធសុវត្ថិភាពសង្គម និងផ្តល់កម្មវិធីបណ្តុះបណ្តាលឡើងវិញ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់បច្ចេកវិទ្យា AI។
នៅមុនកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស លោកស្រីបានលើកឡើងថា នៅក្នុងសេណារីយ៉ូភាគច្រើន បច្ចេកវិទ្យា AI ទំនងជានឹងធ្វើឱ្យមានវិសមភាពសង្គមកាន់តែធ្ងន់ធ្ងរឡើង ហើយនេះជានិន្នាការ ដ៏គួរឱ្យព្រួយបារម្ភ ដែលក្រុមអ្នកបង្កើតគោលនយោបាយត្រូវតែដោះស្រាយយ៉ាងសកម្ម និងឆាប់រហ័ស ដើម្បីទប់ស្កាត់កុំឱ្យបច្ចេកវិទ្យា AI បង្កភាពតានតឹងដល់សង្គមមនុស្សបន្ថែមទៀត។
នៅក្នុងបណ្ដាប្រទេសសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស ការងារប្រមាណ៤០% ត្រូវបានរំពឹងថានឹងរងផលប៉ះពាល់ដោយសារ AI ខណៈនៅក្នុងបណ្ដាប្រទេសមានប្រាក់ចំណូលទាប ការងារប្រមាណ២៦% ត្រូវបានរំពឹងថា នឹងទទួលរងផលប៉ះពាល់ដោយសារបច្ចេកវិទ្យា AIនេះ។ បច្ចេកវិទ្យា AI បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុងដាវ៉ូស កាលពីឆ្នាំមុន នៅពេលលេចចេញវត្តមានបច្ចេកវិទ្យា ChatGPT ដែលបង្កការភ្ញាក់ផ្អើលពេញពិភពលោក៕
ដោយៈ សរ សុជាតិ