ចិន-អាមេរិក

កត្តាសំខាន់ៗនៅពីក្រោយនៃការនាំចេញទំនិញពីចិនទៅអាមេរិកបន្តដាំក្បាលចុះក្នុងខែតុលា ជាអ្វីខ្លះ?


ការនាំចេញផលិតផលប្រើប្រាស់សំខាន់ៗរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់តួលេខ២ខ្ទង់កាលពីខែតុលា កន្លងទៅនេះ នៅចំពេលដែល ស្ថានភាពទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅតែបន្ដអាប់អួខ្លាំងនៅឡើយ។ យ៉ាងណាមិញ ការធ្លាក់ចុះការនាំចេញទំនិញពីចិនទៅអាមេរិក កាលពីខែមុននេះ គឺដោយសារតែបានរងផលប៉ះពាល់ពីកត្តាបីសំខាន់ៗរួមមាន ការធ្លាក់ចុះតម្រូវការប្រើប្រាស់ ការរំខាននៃមេរោគឆ្លងដល់ការផលិត និងរនាំងហាមឃាត់ពាណិជ្ជកម្មរវាប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ការនាំចេញទំនិញសំខាន់ៗពីចិនទៅអាមេរិកបន្តដាំក្បាលចុះក្នុងខែតុលានេះ!

ទោះបីជារដូវកាលដើរទិញឥវ៉ាន់នាថ្ងៃឈប់សម្រាកចូលមលដល់ក្នុងពេលខាងមុខក៏ដោយ ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១២,៦% ក្នុងខែតុលាឆ្នាំនេះ ធៀបនឹងខែតុលាឆ្នាំមុន ដោយគិតជាទឹកប្រាក់មានត្រឹម ៤៧ពាន់លានដុល្លារប៉ុណ្ណោះ។ បើធៀបនឹងខែមុនខែកញ្ញា ការនាំចេញពីចិនទៅអាមេរិកធ្លាក់ចុះអស់ ១១,៦%។ នេះបើយោងតាមទិន្នន័យគយចិនដែលបានចេញផ្សាយកាលពីថ្ងៃទី២០វិច្ឆិកា។

ការនាំចេញទំនិញកំពូលៗរបស់ចិនទៅកាន់សហរដ្ឋអាមេរិក ដូចជាទូរសព្ទដៃ សម្លៀកបំពាក់ ប្រដាប់ប្រដាក្មេងលេង និងគ្រឿងសង្ហារឹម ទាំងអស់នេះបានធ្លាក់ចុះខ្លាំងកាលពីខែមុន ដោយសារការរីករាលដាលនៃជំងឺរាតត្បាត ទំនិញឡើងថ្លៃ និងអត្រាការប្រាក់នៅអាមេរិកក៏កើនឡើងខ្ពស់ ធ្វើឱ្យមានសម្ពាធលើអំណាចទិញរបស់អ្នកប្រើប្រាស់។

ទិន្នន័យគយចិនបានបង្ហាញទៀតថា ការនាំចេញរបស់ក្មេងលេង ហ្គេម និងផលិតផលកីឡាបានធ្លាក់ចុះ ៣៦% មកនៅត្រឹមតម្លៃ ជាង ២ពាន់៥រយលានដុល្លារអាមេរិក ខណៈដែលគ្រឿងសង្ហារឹម និងពូកបានធ្លាក់ចុះ ២៣% មកនៅត្រឹមជាង ២ពាន់៣រយលានដុល្លារអាមេរិក។

ឥទ្ធិពលនៃការដាក់បម្រាមហាមប្រាមរបស់សហរដ្ឋអាមេរិកលើទំនិញទាំងអស់ពីតំបន់ស៊ីនជាំង ប្រទេសចិន ពិសេសលើទំនិញសម្លៀកបំពាក់ ធ្វើឱ្យការនាំចេញសម្លៀកបំពាក់ពីចិនទៅអាមេរិកមានចំនួនត្រឹមតែជិត ២ពាន់៣រយលានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះអស់ជាង ៣៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ តំបន់ស៊ីនជាំងផលិតកប្បាសប្រហែល៩០%នៃផលិតកម្មសរុបនៅចិន ប៉ុន្តែការនាំចេញសម្លៀកបំពាក់ដែលផលិតដោយកប្បាសដាំដុះនៅស៊ីជាំង គឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក ដែលជាច្បាប់បានចូលជាធរមានកាលពីខែមិថុនា ឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅតំបន់នោះ។

ក្រៅពីសម្លៀកបំពាក់ ការនាំចេញស្មាតហ្វូននៅខែតុលា ដែលជាផលិតផលដ៏មានតម្លៃបំផុតមួយនៅក្នុងការនាំចេញរបស់ប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកក៏បានធ្លាក់ចុះដែរធៀបនឹងខែកញ្ញា បើទោះបីជាការចេញផ្សាយស៊េរី iPhone 14 ថ្មីរបស់ក្រុមហ៊ុន Apple បានធ្វើឡើងតាំងតែពី ពាក់កណ្តាលខែកញ្ញាក៏ដោយ។ យោងតាមទិន្នន័យគយ ប្រទេសចិនបាននាំចេញស្មាតហ្វូនមានចំនួនជាង១១លានគ្រឿងទៅកាន់សហរដ្ឋអាមេរិកក្នុងខែតុលា ដែលក្នុងនោះតិចជាងការនាំចេញកាលពីខែកញ្ញាជិត ៦០ម៉ឺនគ្រឿង។

ការផ្ទុះឆ្លងកូវីដ១៩ និងការបិទខ្ទប់នៅរោងចក្រ iPhone ដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan បានបង្កឱ្យមានការចាកចេញរបស់កម្មករ និងបានរំខានដល់ការផលិតកាលពីខែមុន។ Apple ក៏បានព្រមានពីការនាំចេញ iPhone តិចជាងមុនសម្រាប់រដូវកាលឈប់សម្រាកចុងឆ្នាំនេះដែរ។

បើទោះជាមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ដែលបង្កពីវិធានការគ្រប់គ្រងមេរោគឆ្លងកូវីដ១៩ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំងបានប្តេជ្ញាប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រកូវីដស្មើសូន្យដដែល ទោះបីជាខ្លួនបានប្រកាសពីការបន្ធូរបន្ថយតិចតួចនៅដើមខែនេះយ៉ាងណាក្ដី។

សូមជម្រាបថាកាលពីថ្ងៃអាទិត្យទី២០វិច្ឆិកាសប្តាហ៍មុន ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងមេរោគកូវិដ១៩ថ្មីៗជាង ២ម៉ឺន៤ពាន់ករណី រួមទាំងការផ្ទុះឡើងនៅក្នុងទីក្រុងធំៗដូចជា ហ្គ័រចូវ, ឆុងឈីង និងរដ្ឋធានីប៉េកាំង ព្រមទាំងមានការអនុវត្តវិធានការបិទខ្ទប់នៅតាមតំបន់មួយចំនួនផងដែរ៕




អត្ថបទបន្ទាប់


ហេតុអ្វីអូស្ត្រាលីនៅតែមិនអាចរកទីផ្សារជំនួសចិនបាន ក្រោយទំនាក់ទំនងទ្វេភាគីប្រេះស្រាំខ្លាំង?

ព័ត៌មាន
ប្រទេសអូស្ត្រាលីបានចំណាយប្រាក់យ៉ាងច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌាឱ្យទៅលេងឆ្នេរសមុទ្ររបស់ខ្លួន ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជក…

ក្រុមហ៊ុនយក្សកូរ៉េ Hyundai បើករោងចក្រផលិតរថយន្តថ្មីទី២នៅវៀតណាម ជាមួយសមត្ថភាពផលិតដល់ ១០ម៉ឺនគ្រឿងក្នុង១ឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Hyundai បានបើកសម្ពោធរោងចក្រផលិតរថយន្តទី២ នៅវៀតណាម ដែលមានសមត្ថភាពអាចផលិតបានដល់ ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ខណៈក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ