រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទិ្ធឱ្យក្រុមហ៊ុនបារាំង SCA ធ្វើជាប្រតិបត្តិករអាកាសយានដ្ឋានអន្ត្តរជាតិតេជោ ក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការ។ តាមផែនការព្រលានយន្តហោះអន្តរជាតិតេជោ អាចនឹងដាក់ឱ្យដំណើរការនៅអំឡុងឆមាសទី១ឆ្នាំ២០២៤ ខណៈគិតត្រឹមដំណាច់ខែមីនា ឆ្នាំនេះ ព្រលានយន្តហោះនេះសម្រេចការសាងសង់បានជិត៧០% ហើយ។ ការផ្តល់សិទ្ធិឱ្យក្រុមហ៊ុន SCA ធ្វើជាប្រតិបត្តិករព្រលានយន្តហោះអន្តរជាតិនេះ ធ្វើឡើងក្រោយមានការលេចលឺថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ អាចនឹងបិទដំណើរការ ក្រោយព្រលានយន្តហោះអន្តរជាតិតេជោ ដាក់ឱ្យដំណើរការ។
ការផ្តល់សិទ្ធិខាងលើ ធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងមួយស្តីពីគោលការណ៍សម្រាប់ការស្ដារហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងសម្បទារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់បន្តភាពជាដៃគូជាប្រវត្តិសាស្ត្ររវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយក្រុមហ៊ុន SCA និងស្របតាមការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់គូភាគីដែលបានព្រមព្រៀងគ្នា ចាប់ពីឆ្នាំ១៩៩៥មក ក្រោយក្រុមហ៊ុននេះទទួលបានសម្បទានក្នុងការអភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិ នៅកម្ពុជា (ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ)។
បើតាមឯកឧត្ដម ម៉ៅ ហាវណ្ណាល់ អនុស្សរណៈនេះធ្វើឡើង ក៏ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លំដាប់ថ្នាក់ 4Eផងដែរ។ ទន្ទឹមនេះ គឺសម្រាប់រួមចំណែកក្នុងការកំណត់លក្ខខណ្ឌចាំបាច់នានា នៃកិច្ចសន្យា និងសេដ្ឋកិច្ច ដើម្បីឱ្យក្រុមហ៊ុននេះអាចបន្តបង្កើតតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ និងជាពិសេស ដើម្បីសបញ្ជាក់អំពីផ្លូវដើរតទៅមុខទៀតនៃកិច្ចសហការដ៏យូរអង្វែងរវាងគូភាគី និងប្រកបដោយជោគជ័យផងដែរ៕