
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់សារព័ត៌មានខេមបូណូមីសថា ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការរកឃើញជាបន្តបន្ទាប់ នូវជំងឺ Covid-19 លើជនបរទេសមួយចំនួន ហើយនេះជាវិធានការការពារទប់ស្កាត់បន្ទាន់ នៃការរីករាលដាលនជំងឺដ៏សាហាវនេះ។ លោកថា សេចក្តីប្រកាសព័ត៌មាននេះ មានវិសាលភាពគ្របដណ្តប់តែ លើគ្រឹះស្ថានសាធារណៈ និងឯកជន ដែលនៅក្រោមក្រសួងអប់រំតែប៉ុណ្ណោះពោលគឹចាប់ពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ។សម្រាប់គ្រឹះស្ថានសាធារណៈដែលនៅក្រោមស្ថាប័នដទៃទៀត ក្រសួងអប់រំមិនមានសមត្ថកិច្ចទេ តែលោកជឿជាក់ថា ថ្នាក់ដឹកនៃស្ថាប័នទាំងនោះ ក៏នឹងអនុវត្ត ដូចក្រសួងអប់រំដែរ។
អ្នកនាំពាក្យក្រសួងអប់រំក៏សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាលារដ្ឋ និងឯកជនទាំងអស់នឹងចូលរួមសហការ អនុវត្តតាមសេចក្តីប្រកាសព័ត៌មាននេះអោយបានត្រឹមត្រូវទាំងអស់ ដើម្បីបង្ការការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអាណាព្យាបាលនៃសាលាមធ្យមវិចិត្រសិល្បៈ ដែលជាសាលាមួយបានបណ្តុះបណ្តាលសិស្សចាប់ពីថ្នាក់ទី៤ ដល់ ថ្នាក់ទី១២ និងឆ្នាំបន្តពី២ឆ្នាំ ស្មើនឹងបរិញ្ញាបត្រ ក៏ត្រូវចូលវិស្សមកាលមុនពេលកំណត់ដែរ ពោលគឺបិទទ្វារពីនេះទៅដូចគ្នា។ នេះបើតាមការអោយដឹងមុន ពីលោក ប៊ុន ហៀង នាយករងនៃសាលានេះ បើទោះបីជា កិច្ចប្រជុំទាក់ទងទៅនឹងបញ្ហានេះ នឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទក៏ដោយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំដដែល ក៏បានណែនាំអាណាព្យាបាលទាំងអស់ថា ក្នុងអំឡុងវិស្សមកាលតូចនេះដែរ មាតាបិតា គ្រប់រូបត្រូវជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សា នៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមមុខនឹងការឆ្លងវីរុស ដូចជាកន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងៗទៀត ដែលមានហានិភ័យឆ្លង Covid-19៕
