ការកើនឡើងនេះ អ្នកជំនាញមើលឃើញថា គឺបន្ទាប់ពីធនាគារជាតិ នៃកម្ពុជាបានដាក់ចេញវិធានការឲ្យមានការរៀបចំឥណទានឡើងវិញ និងការដាក់ចេញវិធានការសម្របសម្រួលមួយចំនួនទៀត ដើម្បីជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។
បើទោះបីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើននៅកម្ពុជា និងកំពុងបន្ដអូសបន្លាយមកយូរក៏ដោយ ប៉ុន្តែវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុហាក់មិនសូវរងផលប៉ះពាល់ពីវិបត្តិនេះនោះទេ។ ពោលគឺវិស័យទាំងពីរនៅអាចបន្តដំណើរការរបស់ខ្លួនយ៉ាងរឹងមាំជាមួយកំណើនដដែល។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា វិស័យធនាគារនៅកម្ពុជា ជាពិសេសធនាគារអេលីដាផ្ទាល់នៅតែបន្តប្រតិបត្តិការរបស់ខ្លួនយ៉ាងរលូន ទោះបីមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ ជាក់ស្តែង នៅរយៈពេល៨ខែក្នុងឆ្នាំ២០២១ ការផ្តល់ឥណទានរបស់ធនាគារអេស៊ីលីដា រក្សាបានកំណើនក្នុងរង្វង់ ១០% ខណៈការទទួលប្រាក់បញ្ញើពីអតិថិជនមានកំណើនក្នុងរង្វង់ជាង១៥%។ កត្តាដែលធ្វើអេស៊ីលីដាអាចរក្សាបាននូវកំណើនទាំងការផ្តល់ឥណទាន និងប្រាក់បញ្ញើនេះ គឺដោយសារអេស៊ីលីដាបានដាក់ចេញនូវប្រព័ន្ធបច្ចេកវិទ្យាជាបន្តបន្ទាប់ជាពិសេសអេស៊ីលីដាម៉ូបាល សម្រាប់ប្រតិបត្តិការរបស់ខ្លួន ដែលបង្កលក្ខណងាយស្រួលដល់អតិថិជនក្នុងធ្វើប្រតិបត្តិការ។
ជាមួយគ្នានេះដែរ លោក ផល វ៉ាន់ឌី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអះអាងថា សុខមាលភាព វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក្នុងរយៈពេល៨នៅឆ្នាំ២០២១ នៅតែមានរឹងមាំដដែល ទោះពីមានការរំខានពីមេរោគរាតត្បាតនៃជំងឺកូវីដ-១៩។ លោកអះអាងថា ការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជនប្រព្រឹត្តទៅជាធម្មតាជាមួយការរក្សាបាននូវកំណើនរបស់ខ្លួនដដែល។ ប្រធានសមាគមរូបនេះបានបន្ថែមថា សមាជិករបស់សមាគមនឹងបន្តផ្តល់វិធានការ យោគយល់ជូនអតិថិជន ជាពិសេសអតិថិជន ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩។
តាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា នៅឆមាសទី១នេះវិស័យធនាគារ សម្រេចបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ដោយក្នុងនោះ ឥណទានអតិថិជន មានទំហំទឹកប្រាក់ដល់ទៅជិត៣៤ពាន់លានដុល្លារ កើនឡើងដល់ទៅជិត២០% ខណៈដែលប្រាក់បញ្ញើវិញកើនជិត២១% ជាមួយទំហំទឹកប្រាក់ដល់ទៅជិត៣៣ពាន់លានដុល្លារ៕