សហភាពអឺរ៉ុបគ្រោងនឹងសម្រេចថា តើត្រូវរក្សាទុក ឬដក EBA សម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពីបានលើកឡើងពីការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅក្នុងប្រទេសកម្ពុជា។
ខណៈដែលកាលបរិច្ឆេទនេះកាន់តែខិតជិតមកដល់ លោក អេឡែន ឌី តាន់ បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា៖ «Amcham កម្ពុជា បានបញ្ជាក់ច្បាស់ហើយ ជាមួយសហភាពអឺរ៉ុប អំពីជំហររបស់យើង ដែលយើងជឿជាក់ថា ការដកចេញនូវប្រព័ន្ធអនុគ្រោះបែបនេះ នឹងមានផលប៉ះពាល់ខូចខាត ដល់សហគមន៍អាជីវកម្ម សេដ្ឋកិច្ច និងកម្មករកម្ពុជា។»
លោក អេឡែន ឌី តាន់ បាននិយាយបន្តថា ពួកលោកបានណែនាំដល់សមាជិក Amcham ថា មានយន្តការផ្សេងទៀត ដែលយកមកដោះស្រាយបាន ជាមួយបញ្ហាណាមួយដែលអាចកើតមាន ក៏ប៉ុន្តែ Amcham បានផ្តល់ការណែនាំ តែលើផ្នែកជំនួញទេ មិនមែនជាយោបល់នយោបាយនោះទេ។
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា គឺជាអង្គភាពអាជីវកម្មមួយដែលមានសមាជិកជាង ១៣០ក្រុមហ៊ុននៅកម្ពុជា។
កាលពីខែមីនា ឆ្នាំ២០១៩ លោក អេឡែន ឌី តាន់ ក៏បានសរសេរសេចក្តីថ្លែងការណ៍សម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ផងដែរ បន្ទាប់ពីមានការស្នើច្បាប់ដោយសមាជិកសភានិងព្រឹទ្ធសភាអាមេរិក ឲ្យពិនិត្យឡើងវិញនូវប្រព័ន្ធអនុគ្រោះទូទៅ (GSP) សម្រាប់កម្ពុជា។
GSP គឺជាកម្មវិធីពាណិជ្ជកម្មអាមេរិកដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដោយអនុញ្ញាតឲ្យទំនិញរហូតដល់ជិត ៥ពាន់ប្រភេទ នាំចូលសហរដ្ឋអាមេរិកដោយមិនបង់ពន្ធ ដែលនេះជាប្រយោជន៍ដល់ប្រទេសអភិវឌ្ឍន៍តិចតួច។
កម្ពុជាបានទទួលអត្ថប្រយោជន៍ GSP នៅក្នុងឆ្នាំ១៩៩៧ និងនៅឆ្នាំ២០១៦ បាននាំចេញទំនិញដែលមានតម្លៃជាប្រាក់ជិត ១៧៩លានដុល្លារទៅអាមេរិក៕