ក្រសួងហិរញ្ញវត្ថុអាម៉េរិកបានប្រកាសថា នៅក្នុងរយៈពេល១សប្តាហ៍មកនេះ រដ្ឋាភិបាលអាម៉េរិកបានបង្កើនការខ្ចីប្រាក់ថ្មីសរុបប្រមាណ៧៤៣ពាន់លានដុល្លារ តាមរយៈការបោះផ្សាយមូលបត្ររដ្ឋាភិបាល ដើម្បីបំពេញតម្រូវការថវិកា និងបន្តផ្តល់ហិរញ្ញប្បទានដល់ការចំណាយផ្សេងៗរបស់រដ្ឋាភិបាល។ ទន្ទឹមនេះទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុអាម៉េរិកបានបង្ហាញថា ចាប់តាំងពីចាប់ដើមឆ្នាំសារពើពន្ធ២០២៦ រដ្ឋាភិបាលអាម៉េរិកបានខ្ចីប្រាក់ជាមធ្យមប្រមាណ១៥៥ពាន់លានដុល្លារក្នុងមួយខែ ដើម្បីបំពេញឱនភាពថវិកា ដែលកំពុងកើនឡើងជាបន្តបន្ទាប់។
អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺការចំណាយលើការប្រាក់បំណុលជាតិបានកើនឡើងដល់ប្រមាណ២៤ពាន់លានដុល្លារក្នុងមួយសប្តាហ៍ ឬជាង១,២ទ្រីលានដុល្លារក្នុងមួយឆ្នាំ ដែលធ្វើឱ្យការប្រាក់បំណុលក្លាយជាចំណាយដ៏ធំបំផុតមួយរបស់រដ្ឋាភិបាលអាម៉េរិក។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា អត្រាការប្រាក់ដែលនៅតែខ្ពស់ និងការបន្តខ្ចីប្រាក់ក្នុងទំហំធំ អាចបង្កើនសម្ពាធលើហិរញ្ញវត្ថុសាធារណៈរបស់សហរដ្ឋអាម៉េរិក។ ទោះបីទីផ្សារហិរញ្ញវត្ថុនៅតែមានទំនុកចិត្តលើមូលបត្ររដ្ឋាភិបាលអាម៉េរិកយ៉ាងណាក៏ដោយ ក៏ការកើនឡើងឥតឈប់ឈរនៃបំណុលជាតិ និងការចំណាយលើការប្រាក់កំពុងក្លាយជាប្រធានបទ ដែលក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកបង្កើតគោលនយោបាយព្រួយបារម្ភ និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។
គិតមកទល់ពេលនេះបំណុលជាតិរបស់សហរដ្ឋអាម៉េរិកបានកើនលើស៣៧ទ្រីលានដុល្លារ ហើយការខ្ចីប្រាក់បន្ថែមជាបន្តបន្ទាប់ត្រូវបានគេរំពឹងថា នឹងនៅតែបន្តកើតមានដរាបណារដ្ឋាភិបាលនៅមានឱនភាពថវិកាខ្ពស់ និងតម្រូវការចំណាយសាធារណៈនៅតែកើនឡើង៕
ដោយ: តែម សុខុម