សន្តិសុខព្រំដែន

វៀតណាមនឹងសាងសង់សាលារៀន ដែលមានអគារស្នាក់នៅតាមបណ្តោយព្រំដែនជាប់ជាមួយកម្ពុជា ចិន និងឡាវ


វៀតណាម ដែលមានព្រំដែនគោកជាប់នឹងប្រទេសកម្ពុជា ឡាវ និងចិន កំពុងដាក់ចេញនូវផែនការយុទ្ធសាស្ត្រក្នុងការសាងសង់សាលាបណ្តុះបណ្តាលលក្ខណៈអន្តេវាសិកដ្ឋាន ឬអគារដែលអាចអនុញ្ញាតអឱ្យសិស្សរៀនផង និងស្នាក់នៅផងនៅតាមបណ្តោយព្រំដែន។
សន្តិសុខព្រំដែន
ដោយ

គំនិតផ្តួចផ្តើមនេះធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជន និងប្រជាជន។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News សាលារៀនទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការតំបន់ព្រំដែនរវាងវៀតណាម និងប្រទេសជិតខាងឱ្យកាន់តែជិតស្និទ្ធ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូ ហ៊ែង (Phạm Thu Hằng) បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ថា វៀតណាម មានគោលដៅកសាងសាលាបណ្តុះបណ្តាលដែលមានអន្តេវាសិកដ្ឋាន ឬអគារសម្រាប់សិស្សស្នាក់នៅចំនួន២៤៨កន្លែងនៅតាមភូមិសាស្ត្រព្រំដែនគោកទូទាំងប្រទេស។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្រេចចិត្តរបស់ការិយាល័យនយោបាយ ក្នុងការវិនិយោគលើសាលាបណ្ដុះបណ្ដាលកម្រិតបឋមសិក្សា និងមធ្យមសិក្សានៅតាមតំបន់ព្រំដែននេះ ដោយ លោកស្រី បានចាត់ទុកគំនិតផ្តួចផ្តើមនេះថា ជាគោលនយោបាយយុទ្ធសាស្ត្រប្រកបដោយតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅ។ លើសពីនេះ វាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋវៀតណាម ចំពោះតម្រូវការរបស់ប្រជាជន និងជនជាតិភាគតិចនៅតាមតំបន់ដាច់ស្រយាលក្នុងគោលដៅលើកកម្ពស់ទាំងជីវភាពរស់នៅ និងកម្រិតស្មារតីរបស់សហគមន៍នៅតាមខ្សែបន្ទាត់ព្រំដែន។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមរំពឹងថា សាលារៀនទាំងនេះនឹងជួយបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលជាគ្រឹះសង្គមដ៏រឹងមាំសម្រាប់ការគ្រប់គ្រង និងការពារព្រំដែនដោយសន្តិវិធី។ ហើយវា ក៏ជាផ្នែកមួយជួយពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ស្របច្បាប់ទៅវិញទៅមក។
គួរជម្រាបថា ផែនការកសាងសាលារៀនទាំងនេះ គឺធ្វើឡើងដើម្បីពង្រឹងការទូតវៀតណាមតាមរយៈវិស័យអប់រំជាមួយកម្ពុជា ឡាវ និងចិន។ បច្ចុប្បន្នសាលារៀនមួយចំនួននៅតំបន់ព្រំដែន បាន និងកំពុងទទួលសិស្សមកពីប្រទេសឡាវ និងក្នុងករណីខ្លះពីកម្ពុជាឱ្យមកស្នាក់នៅ និងសិក្សារួមគ្នាជាមួយសិស្សវៀតណាមរួចទៅហើយ ក្នុងគោលបំណងបង្កើតទំនាក់ទំនងល្អរវាងយុវជន និងយុវជនតាំងពីវ័យក្មេង និងបង្កើនការយល់ដឹងពីវប្បធម៌គ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ៊ីរ៉ង់ កំពុងរៀបចំផែនការយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់អាម៉េរិក

នៅក្នុងអំឡុងពេលជាង៤ខែ នៃការធ្វើសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក មេដឹកនាំអ៊ីរ៉ង់ ទទួលបានមេរៀន និងយល់ឃើញយ៉ាងច្បាស់ថា គ្រប់យ៉ាងនៅក្នុងបណ្ដាប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ