បើសិនជារដ្ឋាភិបាលអាមេរិក មិនអាចធ្វើសកម្មភាពឆ្លើយតបបានទាន់ពេលវេលាទៅនឹងបញ្ហានេះទេ នឹងមានប្រជាជនអាមេរិករាប់លាននាក់ នឹងត្រូវចាកចេញពីផ្ទះដែលគេកំពុងរស់នៅ ដ្បិតថា ពួកគេមានការបាត់បង់ប្រាក់ចំណូលនៅអំឡុងពេលកូវីដ-១៩ ហើយស្របពេលដែលមេរោគបំប្លែងថ្មី ឌែលតា កំពុងរីករាលដាលខ្លាំងនៅអាមេរិកផងដែរនោះ តម្រូវការផ្ទះស្នាក់នៅក៏មានកាន់តែច្រើនឡើងដែរ។
រដ្ឋាភិបាលអាមេរិកក៏បានដាក់ចេញវិធានការដើម្បីដោះស្រាយបញ្ហាអ្នកជួលផ្ទះត្រូវបានបណ្ដេញចេញនេះដែរ ក៏ប៉ុន្ដែ វាត្រូវបានគេមើលឃើញថា គឺមានការឆ្លើយតបយឺតយ៉ាវពេក ខណៈដែលថ្ងៃផុតកំណត់នៃការផ្អាកការបណ្ដេញចេញអ្នកជួលផ្ទះពីផ្ទះជួលដែលពួកគេរស់នៅ ត្រូវបានផុតកំណត់កាលពីសប្ដាហ៍មុន។
សេតវិមានបានចេញសេចក្ដីថ្លែងការណ៍ថា រដ្ឋាភិបាលសហព័ន្ធបានផ្ដល់កញ្ចប់ថវិកាជាង ៤៦ពាន់លានដុល្លារ ដើម្បីជួយឲ្យអ្នកជួលផ្ទះអាចបន្ដស្នាក់នៅក្នុងផ្ទះរបស់ពួកគេបណ្ដោះអាសន្ន ពោលគឺមិនត្រូវបានបណ្ដេញចេញពីផ្ទះទេ។ ប៉ុន្ដែ សេតវិមានបានចោទទៅកាន់អាជ្ញាធរតាមរដ្ឋ និងទីក្រុងនានាថា យឺតយ៉ាវមែនទែនក្នុងការធ្វើសកម្មភាព ជួយទៅដល់អ្នកជួលផ្ទះស្នាក់នៅដែលមានការប៉ះពាល់ជីវភាពដោយសារតែកូវីដ-១៩រាតត្បាត។
ការដាក់សម្ពាធទៅលើអាជ្ញាធររតាមរដ្ឋ និង តំបន់នីមួយៗ ត្រូវបានធ្វើឡើង នៅគ្រាដែល ប្រធានាធិបតីអាមេរិក លោក ចូបៃ ឌិន ប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ដោយក្នុងនោះ សូម្បីតែអ្នកនយោបាយមកពីគណបក្សរបស់លោកផ្ទាល់ក៏ចេញមុខរិះគន់លោកចូបៃឌិនដែរ។
មានក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើន បានដាក់សម្ពាធទៅកាន់សេតវិមានសហរដ្ឋអាមេរិក ដើម្បីស្នើសុំពន្យារពេលជាបន្ទាន់ ចំពោះការបណ្ដេញចេញអ្នកជួលផ្ទះចេញពីផ្ទះដែលពួកគេកំពុងរស់នៅ។
ក្រសួងហិរញ្ញវត្ថុអាមេរិកនិយាយថា គិតត្រឹមខែមិថុនា មានទឹកប្រាក់ជំនួយត្រឹមតែ ៣ពាន់លានដុល្លារប៉ុណ្ណោះ ដែលបានផ្ដល់ទៅឲ្យគ្រួសារអាមេរិកាំង នៃទំហំកញ្ចប់ថវិកាសរុប ២៥ពាន់លានដុល្លារ ដែលបានអនុម័តផ្ដល់ទៅឲ្យអាជ្ញាធរតាមរដ្ឋ និងតំបន់នីមួយៗ តាំងពីដើមខែកុម្ភៈមកម្ល៉េះ។
កាលពីសប្ដាហ៍មុន សេតវិមានអាមេរិក និយាយថា លោក ចូបៃឌិន បានគាំទ្រឲ្យមានការពន្យារពេលនៃការបណ្ដេញចេញអ្នកជួលផ្ទះទាំងអស់នោះ ក៏ប៉ុន្ដែ តាមរយៈការចង្អុលបង្ហាញពីតុលាការជាន់ខ្ពស់របស់អាមេរិក ដែលបានសម្រេចកាលពីខែមិថុនា គឺមិនមានការអនុញ្ញាតឲ្យមានការពន្យារពេលតទៅទៀតបានទេ។
រដ្ឋាភិបាលអាមេរិកកំពុងញាប់ដៃញាប់ជើងមែនទែន ក្នុងការស្វែងរកជម្រើសនីតិវិធីច្បាប់ ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្ដែ មន្ត្រីខ្លះថា ជម្រើសគឺមានកំណត់។
អ្នកជួលផ្ទះដែលនឹងត្រូវបណ្ដេញចេញពីផ្ទះដែលពួកគេកំពុងស្នាក់នៅ អាចនឹងធ្វើឲ្យស្ថានភាពការឆ្លងរាលដាលកូវីដបំប្លែងថ្មីៗ នៅអាមេរិក នឹងកាន់តែអាក្រក់ថែមទៀត ដោយសារតែ មានពលរដ្ឋអាមេរិក ប្រហែល១លាន៤សែនគ្រួសារ ទំនងជាត្រូវបណ្ដេញចេញពីផ្ទះជួលដែលកំពុងរស់នៅ ក្នុងរយៈពេល២ខែខាងមុខនេះ ខណៈដែលពលរដ្ឋ ២លាន២សែនគ្រួសារផ្សេងទៀតក៏ប្រហែលជាអាចនឹងត្រូវបណ្ដេញចេញដូចគ្នាដែរ៕