ក្នុងឱកាសដ៏វិសេសវិសាលនេះ ធនាគារ អេ អឹម ខេ មានមោទនភាពយ៉ាងខ្លាំងដែលបាននាំយកថវិកាចំនួន ១៤៣.០០០.០០០រៀល ដែលទទួលបានពីកម្មវិធី «ស្កេន AMK ដើម្បីកុមារកម្ពុជា» មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ធនាគារ អេ អឹម ខេ គាំទ្រពេញទំហឹងលើយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមចំណែកគាំទ្រដល់បេសកកម្មដ៏ថ្លៃថ្លារបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្រី្តមានផ្ទៃពោះដោយឥតគិតថ្លៃ ប្រកបដោយគុណភាពខ្ពស់នៅទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយដែលធនាគារ អេ អឹម ខេ បាននាំយកថវិកាទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈកម្មវិធី «ស្កេន AMK ដើម្បីកុមារកម្ពុជា»។ កាលពីលើកទី១ ធនាគារបានប្រគល់ជូនថវិកាចំនួន ៥១.៣៩៦.០០០រៀល លើកទី២ ចំនួន ៦១.៤៨៥.០០០រៀល និងលើកទី៣ នេះ គឺមានចំនួនសរុប ១៤៣.០០០.០០០រៀល។
ដើម្បីបន្តការចែករំលែក និងរួមចំណែកសង្គ្រោះជីវិតកុមារកម្ពុជា សូមអតិថិជន សប្បុរសជន និងសាធារណជនទាំងអស់ចូលរួមបរិច្ចាគថវិកាដោយផ្ទាល់ជូនទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈកម្មវិធី AMK Mobile បានយ៉ាងរហ័ស និងមានសុវត្ថិភាពដោយគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖
១. ចូលទៅកាន់កម្មវិធី AMK Mobile
២. ជ្រើសរើសមុខងារ "ទូទាត់វិក្កយបត្រ" រួចជ្រើសរើសយកពាក្យ "មូលនិធិសប្បុរសធម៌"
៣. ជ្រើសរើស "មូលនិធិគន្ធបុប្ផាកម្ពុជា" រួចបញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគជាការស្រេច។
ថវិកា ១ម៉ឺនរៀល ប្រហែលជាអាចទិញកាហ្វេបានត្រឹមមួយកែវ តែវាអាចជាឱកាសផ្លាស់ប្តូរជីវិត និងផ្តល់ក្តីសង្ឃឹមថ្មីដល់កុមារជាច្រើននាក់។ ការបរិច្ចាគតិចឬច្រើនក្តី គឺជាខឿនការពារសុខភាពដ៏រឹងមាំសម្រាប់កុមារ និងជាកម្លាំងចិត្តដ៏មហិមាសម្រាប់ក្រុមគ្រូពេទ្យគន្ធបុប្ផាដែលកំពុងសង្គ្រោះជីវិតកុមារទាំងអស់នៅកម្ពុជាពីមាត់ទ្វារមច្ចុរាជ។
ធនាគារ អេ អឹម ខេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជន និងអាជីវករទាំងអស់ ដែលបានជ្រើសរើសការស្កេនទូទាត់ប្រាក់តាមរយៈ AMK KHQR សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។ រាល់ការស្កេនទូទាត់របស់លោកអ្នក មិនត្រឹមតែជាការគាំទ្រដល់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្តែងចេញពីទឹកចិត្តសប្បុរសធម៌ ក្នុងការផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់កុមារតូចៗ ដែលជាទំពាំងស្នងឫស្សីសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។