

ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ណាស់ចំពោះសង្គមជាតិរបស់យើង ឈាមរបស់អ្នកអាចជួយដល់ជីវិតមនុស្សជាច្រើនដែលគាត់ត្រូវការខ្លាំងបំផុតដូចជា ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍ ម្ដាយសម្រាលកូនមិនធម្មតា ជំងឺមហារីក ការវះកាត់ធ្ងន់ធ្ងរ និងអ្នកជំងឺផ្សេងៗទៀត។ល។

យោងតាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលបានពន្យល់ថា “ជាមធ្យមឈាមនៅក្នុងខ្លួនមនុស្សយើងមានពី ៣លីត្រ ទៅ ៥លីត្រ ទៅតាមទម្ងន់របស់ខ្លួនមនុស្សយើង។ ការបរិច្ចាគឈាមម្ដងមានកម្រិត ៣៥០មីលីលីត្រ ដូច្នេះការបរិច្ចាគឈាមមានការបាត់បង់ឈាមតែប្រហែល ៧ភាគរយតែប៉ុណ្ណោះនៃចំណុះឈាមដែលមានក្នុងខ្លួនមនុស្សយើង ហើយការបាត់បង់ឈាមដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នោះ ទាល់តែរហូតដល់ ២៥% ទៅ ៣៥%ឯណោះ។ ដូច្នេះជារៀងរាល់ ៣ខែម្ដងចំពោះបុរស ហើយនិង ៤ខែម្ដង ចំពោះស្ត្រី គឺគាត់អាចបរិច្ចាគឈាមយ៉ាងទៀងទាត់”។

គួរបញ្ជាក់ផងដែរថាការបរិច្ចាគឈាមមិនត្រឹមតែជួយដល់សង្គមជាតិយើងទេ លើសពីនេះទៅទៀតការបរិច្ចាគឈាមទៀងទាត់ អាចជួយឲ្យកាត់បន្ថយនូវជំងឺជាច្រើនដូចជា ជំងឺបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល កាត់បន្ថយជំងឺមហារីកផ្សេងៗ និងអត្ថប្រយោជន៍សុខភាពជាច្រើនទៀតផង។ ដូចច្នេះហើយយើងនាំគ្នាចូលរួមបរិច្ចាគឈាម ដើម្បី
សង្គ្រោះសង្គមជាតិយើង និងដើម្បីសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋរបស់យើង។


អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។