វិស័យបច្ចេកវិទ្យា

ស្ថាប័នអន្តរជាតិ ធំមួយព្រមានពីហានិភ័យដួលរលំទីផ្សារ ដោយសារការវិនិយោគជ្រុលហួសហេតុលើ AI


ស្របពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាក្បាលម៉ាស៊ីនរុញច្រានតម្លៃទីផ្សារវិនិយោគសកលឱ្យហក់ឡើងខ្ពស់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ លំដាប់កំពូលមួយ បានចេញមុខព្រមានឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យក្នុងការវិនិយោគលើ AI។
វិស័យបច្ចេកវិទ្យា
ដោយ

ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) បានព្រមាន ថា ប្រសិនបើល្បឿននៃការវិនិយោគ និងតម្លៃភាគហ៊ុន AI កើនឡើងលឿនហួសពីសមត្ថភាពរកប្រាក់ចំណេញជាក់ស្តែង នោះទីផ្សារហិរញ្ញវត្ថុពិភពលោកអាចប្រឈមនឹងវិបត្តិដួលរលំ ស្របពេលដែលការចំណាយលើបច្ចេកវិទ្យានេះត្រូវបានព្យាករថា នឹងហក់ឡើងដល់ ៨ទ្រីលានដុល្លារក្នុងរយៈពេល៦ឆ្នាំខាងមុខ ។

ធនាគារសម្រាប់ការទូទាត់អន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសស្វីសបានដាស់តឿនឱ្យស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនវិនិយោគទុននានា ប្រុងប្រយ័ត្នខ្ពស់ចំពោះការសម្រុកចាក់ទឹកប្រាក់លើបច្ចេកវិទ្យា AI។ ទោះបីជា AI កំពុងជំរុញឱ្យទីផ្សារភាគហ៊ុនសកលហក់ឡើងដល់កម្រិតកំពូលមិនធ្លាប់មានក៏ដោយ ប៉ុន្តែការចំណាយដ៏មហិមាលើហេដ្ឋារចនាសម្ព័ន្ធនេះកំពុងបង្កប់នូវហានិភ័យផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។

ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចមកពីសាកលវិទ្យាល័យ Columbia បានប៉ាន់ប្រមាណថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បច្ចេកវិទ្យា AI អាចនឹងត្រូវចំណាយទុនរហូតដល់ទៅប្រមាណ៨ទ្រីលានដុល្លារអាម៉េរិក នៅក្នុងរយៈពេល៦ឆ្នាំខាងមុខ ដែលជាទំហំវិនិយោគដ៏ប្រថុយប្រថានបំផុត។

នៅក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនធនាគារ BIS បានព្រមានថា ការចំណាយលើសលប់លើ AI កំពុងបង្កើតភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ ដែលនេះជាសញ្ញាអាសន្នបន្ទាន់ ដែលទាមទារឱ្យអ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចមានវិធានការទប់ស្កាត់មុនពេលស្ថានការណ៍វិវត្តទៅជាធ្ងន់ធ្ងរ។

គិតចាប់តាំងពីដើមឆ្នាំ២០២៥ រហូតមកទល់នឹងពាក់កណ្តាលឆ្នាំ២០២៦ នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗបានចាក់បញ្ចូលសាច់ប្រាក់លើសពី១ទ្រីលានដុល្លាររួចទៅហើយលើបច្ចេកវិទ្យា AI។ ល្បឿននៃការវិនិយោគដ៏លឿននេះ បានធ្វើឱ្យអ្នកជំនាញបារម្ភថា កំពុងដើរលឿនហួសឆ្ងាយពីកម្រិតលំហូរសាច់ប្រាក់ និងចំណូលជាក់ស្តែង ដែលអាចរុញច្រានក្រុមហ៊ុនមួយចំនួនឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់បំណុល។

ផ្អែកលើទឡ្ហីករណ៍នេះ ធនាគារ BIS បានសន្និដ្ឋានថា ប្រសិនបើបច្ចេកវិទ្យា AI មិនអាចបង្កើតប្រាក់ចំណេញបានលឿនដូចការរំពឹងទុកទេនោះ ក្រុមហ៊ុនទាំងនោះនឹងគ្មានលទ្ធភាពសងបំណុលឡើយ។ ហើយនៅពេលដែលទំនុកចិត្តរង្គោះរង្គើ តម្លៃភាគហ៊ុន AI ដែលធ្លាប់តែហក់ឡើងខ្ពស់ នឹងត្រូវដួលរលំមកវិញយ៉ាងគំហុក ដែលអាចនឹងអូសទាញទីផ្សារភាគហ៊ុនពិភពលោកទាំងមូលឱ្យធ្លាក់ចូលក្នុងវិបត្តិអន្តរាយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ល្បិចទិញ-លក់មុខតំណែងបានក្លាយជំងឺអាសន្នរោគពុករលួយចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រព័ន្ធរាជការថៃ

រឿងអាស្រូវពុករលួយជាប្រព័ន្ធទាក់ទិននឹងការសូកប៉ាន់ទិញមុខតំណែង មន្ត្រីរាជការថ្នាក់មូលដ្ឋាននៅប្រទេសថៃ ក្នុងទឹកប្រាក់ជាង១៤០លានដុល្លារអាម៉េរិ…

ហុងកុង ប្តេជ្ញាធ្វើជាស្ពានភ្ជាប់សេដ្ឋកិច្ច និង ការវិនិយោគរវាងតំបន់អាស៊ាន និងមហាតំបន់ឆ្នេរចិន ​

រដ្ឋបាលកោះហុងកុង បានបង្ហាញនូវជំហរយុទ្ធសាស្ត្រយ៉ាងរឹងមាំក្នុងការដើរតួនាទីជាអ្នកសម្របសម្រួល និងតភ្ជាប់ចរន្តសេដ្ឋកិច្ចរវាងតំបន់អាស៊ាន និងមហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ