កម្មវិធីនេះគឺចង់បង្ហាញការទទួលស្គាល់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា និងប្រទេសថៃដែលបានប្ដេជ្ញាចិត្ត និងវិនិយោគចំពោះបុគ្គលិករបស់ពួកគេ។ អេ អឹម ខេ បានឆ្លងកាត់ការតាមដាន និងវាយតម្លៃពីស្ថាប័ន មុនពេលត្រូវបានជ្រើសរើសក្លាយជាម្ចាស់ពានរង្វាន់នេះ។
ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ អេ អឹម ខេ បានរីកចម្រើនកាន់តែធំ និងកាន់តែរឹងមាំ ហើយបានផ្ដល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនសម្បូរបែប ក៏ដូចជាការវិនិយោគបន្ថែមទៅលើធនធានមនុស្ស និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញការផ្លាស់ប្ដូរតម្រូវការរបស់អតិថិជនឲ្យទាន់ពេលវេលា។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើសេវាបញ្ញើក្នុងប្រទេសកម្ពុជា ដែលបានបម្រើឲ្យអតិថិជនរាប់លាននាក់ទូទាំងប្រទេសកម្ពុជា អេ អឹម ខេ បានដឹងយ៉ាងច្បាស់ថា បុគ្គលិកគឺជាដួងព្រលឹងនៃភាពជោគជ័យ។
អ្នកស្រី ដេត សុជាតិ នាយិកាប្រតិបត្តិធនធានមនុស្ស អេ អឹម ខេ បានមានប្រសាសន៍ថា “ទោះបីជាពួកយើងបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់បុគ្គលិករបស់យើង ក៏ថ្នាក់គ្រប់គ្រងរបស់យើងនៅតែបន្ដសួរខ្លួនឯងជារៀងរាល់ថ្ងៃ ដើម្បីប្រាកដថាបុគ្គលិករបស់យើងទទួលបានអត្ថប្រយោជន៍ល្អប្រសើរ។ កិច្ចការចម្បងរបស់យើងប្រចាំថ្ងៃគឺ សុវត្ថិភាព និងសេចក្ដីពេញចិត្តរបស់បុគ្គលិកយើង។ មិនថាស្ថិតក្នុងស្ថានភាពដ៏លំបាក(កូវីដ១៩) ក៏យើងមិនកាត់បន្ថយបុគ្គលិកសូម្បីតែម្នាក់។ ពានរង្វាន់នេះបានឆ្លុះបញ្ចាំង ក៏ដូចជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងល្អៗដែលយើងបានធ្វើ និងការលើកទឹកចិត្តយើងឲ្យបន្ដអនុវត្តបន្ថែមទៀតដល់បុគ្គលិករបស់យើង។ សំខាន់ជាងនេះទៅទៀត ពានរង្វាន់នេះមិនមែនផ្ដោតលើបុគ្គលណាម្នាក់នៅក្នុង អេ អឹម ខេ នោះទេ ពាននេះគឺសម្រាប់អ្នកគ្រប់គ្នា ចាប់ពីម្ចាស់ភាគហ៊ុនដល់បុគ្គលិកទាំងអស់។ វាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរក្សាបាននូវវប្បធម៌ការងារល្អ បរិយាកាសការងារល្អ ការប្ដេជ្ញាចិត្តខ្ពស់ពីសំណាក់បុគ្គលិក និងថ្នាក់គ្រប់គ្រង ការបើកទូលាយ តម្លាភាព ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ដូចជាភាពច្នៃប្រឌិត ស្របជាមួយនឹងការបណ្តុះនូវគុណតម្លៃស្នូល ទៅកាន់បុគ្គលិកគ្រប់ជាន់ថ្នាក់។”
គួរបញ្ជាក់ផងដែរថា ការប្ដេជ្ញាចិត្តរបស់ អេ អឹម ខេ គឺថ្នាក់គ្រប់គ្រង និងក្រុមប្រឹក្សាភិបាល អាចតាមដានសុខុមាលភាពរបស់បុគ្គលិកតាមរយៈប្រព័ន្ធដែលយើងបានរៀបរួចជាស្រេច។ របាយការណ៍នេះតែងតែតាមដានសូចនាករជាប្រចាំដែលហៅថា “ទំនួលខុសត្រូវចំពោះបុគ្គលិក” សម្រាប់តាមដានថាតើ អេ អឹម ខេ បានធ្វើអ្វីខ្លះដើម្បីបំពេញចិត្តបុគ្គលិករបស់ខ្លួន៕